អ្នកប្រើប្រាស់បណ្តាញសង្គមទូទាំងពិភពលោកភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលបណ្តាញសង្គមពេញនិយមលំដាប់ពិភពលោក មិនដំណើរការ ដូចជា ៖ Facebook, Instagram និង Threads ។ វាបានធ្វើឱ្យអ្នកប្រើប្រាស់បណ្តាញសង្គមទាំងនេះរាប់លាននាក់នៅទូទាំងពិភពលោក រួមទាំងប្រទេសកម្ពុជាផងដែរ មិនអាច Log in ចូលប្រើប្រាស់គណនីរបស់ខ្លួនបានអស់រយៈពេលជាង១ម៉ោង ។
បណ្តាញសង្គមរបស់ក្រុមហ៊ុន Meta រួមមាន ៖ Facebook, Instagram និង Threads បានផ្អាកដំណើរការភ្លាមៗ កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ (ម៉ោងនៅប្រទេសកម្ពុជា) ក្នុងនោះអ្នកប្រើប្រាស់ Facebook ពុំអាច Log in ចូលគណនីរបស់ខ្លួនបានទេ ខណៈអ្នកប្រើប្រាស់ Instagram ក៏ពុំអាចប្រើប្រាស់បានដូចគ្នាដែរ ។ ក្រោយពីបណ្តាញសង្គមទាំងនេះគាំងអស់រយៈពេលជាង១ម៉ោង បណ្តាញសង្គម Facebook និង Instagram ក៏ត្រឡប់មកដំណើរការឡើងវិញតាមធម្មតា ។
ចំណែកក្រុមហ៊ុន Meta លើកឡើងថា ក្រុមហ៊ុនបានជ្រាបពីបញ្ហាដែលធ្វើឱ្យប៉ះពាល់ដល់ការ Log in ចូលប្រើប្រាស់ Facebook ហើយក្រុមការងារជំនាញកំពុងតែព្យាយាមដោះស្រាយបញ្ហានេះឱ្យបានឆាប់រហ័សបំផុត ។ ក្រុមហ៊ុន Meta បន្តថា វាជាកំហុសបច្ចេកទេស ប៉ុន្តែក្រុមហ៊ុនពុំបានបញ្ជាក់ឱ្យបានច្បាស់ថា ការគាំងបណ្តាញសង្គមកើតឡើងដោយសារបញ្ហាអ្វីឱ្យពិតប្រាកដទេ ។
Downdetector គឺជាគេហទំព័រសម្រាប់ត្រួតពិនិត្យបញ្ហារអាក់រអួលរបស់បណ្តាញសង្គម រាយការណ៍ថា កម្មវិធីផ្សេងទៀត ដូចជា ៖ Youtube, Tiktok និង Gmail ក៏បានគាំងដូចគ្នាដែរ ។ រីឯ NetBlocks បញ្ជាក់ថា បញ្ហាបណ្តាញសង្គមគាំងបានធ្វើឱ្យប៉ះពាល់ដល់អ្នកប្រើប្រាស់រាប់លាននាក់នៅទូទាំងពិភពលោក ព្រមៗគ្នា ។
ចំណែកសារព័ត៌មានបរទេសបានផ្សព្វផ្សាយ ដោយយោងតាមការលើកឡើងរបស់អ្នកជំនាញថា បញ្ហានេះអាចបណ្តាលមកពីបណ្តាញសង្គមរបស់ក្រុមហ៊ុន Meta ត្រូវបានគេលួចវាយប្រហារក៏ថាបាន ។ ក្រោយកើតហេតុការណ៍បណ្តាញសង្គមគាំងលើកនេះ បានធ្វើឱ្យតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Meta ធ្លាក់ចុះ១,៥% ៕










