ព្រឹត្តិការណ៍ថ្ងៃរះចំកំពូលប្រាសាទអង្គរវត្តនៃខេត្តសៀមរាបបានយ៉ាងល្អនិងស្អាតបំផុត ក្នុងមួយឆ្នាំគឺមានតែ២ដងប៉ុណ្ណោះគឺនៅរដូវប្រាំងចន្លោះខែមីនា និងរដូវវស្សាចន្លោះខែកញ្ញា។
ព្រឹត្តិការណ៍លើកទី១ក្នុងចំណោមទាំង២លើក ដែលអ្នកទាំងអស់គ្នាអាចមើលនឹងឃើញព្រះអាទិត្យស្ថិតនៅចំកំពូលប្រាសាទអច្ឆរិយៈខ្មែរ ពោលគឺប្រាសាទអង្គរវត្ត នៅចន្លោះថ្ងៃទី២១/២២/២៣ ខែមីនា ឆ្នាំ២០២៤ខាងមុខនេះ ចាប់ពីម៉ោង៥:៣០នាទី ដល់ ៧ ព្រឹក។
កាលដែលព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្តបែបនេះគឺវាពិតជាផ្សារភ្ជាប់រវាងសំណង់ស្ថាបត្យកម្មខ្មែរជាមួយនឹងតារាសាស្រ្ត ពោលគឺធម្មជាតិ ផែនដី និងព្រះអាទិត្យ។ ហេតុការណ៍បែបនេះមានតែ២ដងទេក្នុង១ឆ្នាំ ដែលជាទូទៅត្រូវបានគេស្គាល់ថា «សមរាត្រី ឬ Equinox» ។ សមរាត្រីនេះគឺមានន័យថា «ថ្ងៃនិងយប់មានរយៈពេលស្មើគ្នា» ដែលមានតែក្នុងខែមីនា និងកញ្ញាប៉ុណ្ណោះ។ ក្រៅពីនេះ ខែខ្លះថ្ងៃមានរយៈពេលវែងជាងយប់ ឬយប់មានរយៈពេលវែងជាងថ្ងៃជាដើម។
គួរបញ្ជាក់ថា ប្រាសាទអង្គរវត្តខ្មែរដែលត្រូវបានស្ថាបនាឡើងក្នុងសតវត្សទី១២ ដោយព្រះបាទសូរ្យវរ្ម័នទី២។ ប្រាសាទអង្គរវត្តក៏ទទួលបាននូវការសិក្សានិងវិភាគយ៉ាងល្អិតល្អន់បំផុតពីសំណាក់អ្នកប្រាជ្ញខ្លាំងពូកែជាច្រើននាសម័យអង្គរ ដែលរួមផ្សំគ្នារវាងទ្រឹស្តីវិស្វកម្ម គណិតវិទ្យា និងតារាសាស្រ្ត មុននឹងសម្រេចកសាងប្រាសាទអច្ឆរិយៈមួយនេះឡើងផងដែរ៕










