ទំព័រហ្វេសប៊ុកថៃឈ្មោះ «មឿង ញិម» និយាយថា សារព័ត៌មានល្បីនៅកម្ពុជាបានចុះផ្សាយថា ភ្ញៀវទេសចរបរទេសនៅលើពិភពលោក បានធ្វើដំណើរមកលេងប្រទេសថៃជាបន្តបន្ទាប់ ហើយសារព័ត៌មានខ្មែរនេះសួរថា ហេតុអ្វីភ្ញៀវទេសចរបរទេសចូលចិត្តមកកម្សាន្តនៅប្រទេសថៃ? មិនថាភ្ញៀវទេសចរអឺរ៉ុប ឬភ្ញៀវទេសចរអាស៊ី តែងតែធ្វើដំណើរមកប្រទេសថៃ ហើយហេតុអ្វីតំបន់ទេសចរណ៍ថៃទទួលបានភ្ញៀវទេសចរជាច្រើនលើកច្រើនសារ ។
ទំព័រហ្វេសប៊ុកឈ្មោះ «មឿង ញិម» បន្តថា សារព័ត៌មានល្បីខាងលើនេះបានលើកឡើងពីគុណសម្បត្តិរបស់ប្រទេសថៃ ចំនួន៤ចំណុច គឺ ៖
១-ថៃមានធម្មជាតិស្រស់ស្អាត ៖ ភ្ញៀវទេសចរអឺរ៉ុបនឹកឃើញមុនគេ គឺតំបន់ឆ្នេរសមុទ្រ, តំបន់ភ្នំ, ទឹកជ្រោះ និងតំបន់ទេសចរណ៍ធម្មជាតិផ្សេងទៀត ដែលប្រទេសថៃព្យាយាមកែលម្អរហូតមក ព្រមទាំងការថែរក្សាបរិស្ថាន ទើបធ្វើឱ្យថៃអាចប្រមូលប្រាក់ចំណូលចូលប្រទេសពីភ្ញៀវទេសចរ ។
២-ម្ហូបអាហារ ៖ ប្រទេសថៃមានម្ហូបអាហារជាច្រើនមុខអាចទាក់ទាញភ្ញៀវទេសចរបរទេស បើទោះជាអាហារទាំងនេះលក់នៅតាមផ្លូវក្តី ប៉ុន្តែមានអនាម័យ និងវេចខ្ចប់យ៉ាងត្រឹមត្រូវ ។ ក្រៅពីនេះ ប្រទេសថៃមានផ្លែឈើជាច្រើនប្រភេទ ដែលពិបាករកទិញនៅប្រទេសមួយចំនួន ។ ភ្ញៀវទេសចរបរទេសប្រាប់ថា អាហារ និងផ្លែឈើនៅថៃមានតម្លៃសមរម្យ ហើយចំណុចសំខាន់ អាជីវករថៃបានសរសេរពីតម្លៃអាហារយ៉ាងច្បាស់លាស់ ។
៣-សេវាកម្ម ៖ នៅគ្រប់តំបន់ទេសចរណ៍ទូទាំងប្រទេសថៃ គឺជនជាតិថៃបានទទួលស្វាគមន៍ភ្ញៀវទេសចរយ៉ាងល្អ ដោយសារពួកគេបានសិក្សាតាំងពីក្មេង អំពីការថែទាំភ្ញៀវទេសចរ ។ ហេតុនេះ វាមិនប្លែកចិត្តទេ ដែលភ្ញៀវទេសចរចង់ត្រឡប់មករកសេវាកម្មនៅថៃម្តងទៀត ដោយសារតែស្នាមញញឹម និងសេវាកម្មទាំងនេះ ។
៤-ពន្លឺភ្លើងពណ៌ និងសំឡេង ៖ ជនជាតិថៃតែងតែផ្តល់ភាពសំខាន់លើចំណុចនេះ ជាពិសេស នៅទីកន្លែងផ្សេងៗដែលមានភ្លើងពណ៌ទាក់ទាញជនបរទេស ។ នេះជាអ្វីដែលធ្វើឱ្យជនបរទេសចូលចិត្តមកលេងប្រទេសថៃ ដើម្បីទទួលបាននូវបទពិសោធន៍ថ្មីៗ ។
ក្រោយពីសារព័ត៌មានខ្មែរចុះផ្សាយព័ត៌មាននេះរួចមក ធ្វើឱ្យពលរដ្ឋខ្មែរជាច្រើននាក់ចូលមកបញ្ចេញមតិ ក្នុងនោះពលរដ្ឋខ្មែរម្នាក់បានលើកឡើងពីកត្តាដែលធ្វើឱ្យប្រទេសថៃអាចទាក់ទាញភ្ញៀវទេសចរបានច្រើន គឺ ៖ «ថៃមានសេវាកម្មល្អ, មានសុវត្ថិភាព, ហេដ្ឋារចនាសម្ព័ន្ធល្អ, មានច្បាប់ល្អ និងគ្មានអំពើទុច្ចរិត» ។
ប៉ុន្តែជនជាតិថៃបានឆ្លើយតបនឹងការបញ្ចេញមតិនេះថា ៖ «ខ្ញុំមិនយល់ស្របនឹងការបញ្ចេញមតិចំណុចចុងក្រោយរបស់អ្នក ពីព្រោះប្រទេសថៃក៏មានអំពើទុច្ចរិតដែរ ប៉ុន្តែពលរដ្ឋថៃអាចស៊ើបអង្កេតបាន និងអាចដាក់ពាក្យបណ្តឹងទៅស្ថាប័នពាក់ព័ន្ធ ដើម្បីចាត់វិធានការលើមន្ត្រីរូបនោះ ហើយពលរដ្ឋថៃអាចផ្សព្វផ្សាយព័ត៌មាននេះបាន ។ បើអ្នកចង់ចាត់វិធានការលើអំពើទុច្ចរិត គឺពលរដ្ឋខ្មែរអាចស៊ើបអង្កេតអំពើទុច្ចរិតយ៉ាងមានសេរីភាព ហើយយើងជនជាតិថៃនឹងជួយ» ។
ជនជាតិថៃម្នាក់ទៀតឆ្លើយតបថា ៖ «ការពិត ជនជាតិថៃចង់បានច្បាប់តឹងរ៉ឹងជាងពេលបច្ចុប្បន្ន ហើយប្រទេសថៃមានអំពើទុច្ចរិតដូចប្រទេសផ្សេងទៀតនៅលើពិភពលោក តែពលរដ្ឋថៃមានសិទ្ធិត្រួតពិនិត្យថវិកាដែលអ្នកនយោបាយចំណាយ ។ ពលរដ្ឋថៃមានសិទ្ធិដឹងថា តើអ្នកនយោបាយបានចំណាយលើពន្ធអស់ប៉ុន្មាន ហើយពលរដ្ឋថៃមានសិទ្ធិជេរ និងធ្វើបាតុកម្មប្រឆាំងជាមួយអ្នកនយោបាយបាន ។ ចំណុចសំខាន់ ប្រទេសថៃត្រូវតែអភិវឌ្ឍន៍បន្តទៅមុខ ហើយបើខ្មែរឈប់គិតរឿងអតីតកាល និងអភិវឌ្ឍន៍បន្ត ខ្មែរនឹងអភិវឌ្ឍន៍ជឿនលឿនជាងនេះ» ។
រីឯពលរដ្ឋខ្មែរផ្សេងទៀតនិយាយថា ៖ «ប្រទេសថៃមានសុខសន្តិភាពពិតប្រាកដ ហើយរដ្ឋាភិបាលថៃមានភាពទទួលខុសត្រូវចំពោះសុវត្ថិភាពពលរដ្ឋ និងគ្មានអំពើទុច្ចរិត ។ ចំណុចទាំងអស់នេះ គឺជាសុវត្ថិភាពក្នុងការរស់នៅរបស់ពលរដ្ឋ» ។
ជនជាតិថៃផ្សេងទៀតថា ៖ «មុននេះ មានហេតុការណ៍អាក្រក់កើតឡើងនៅប្រទេសថៃជាច្រើនលើក តែមានភ្ញៀវទេសចរជាច្រើននាក់នៅតែមកលេងថៃ ។ ហេតុការណ៍អាក្រក់បានកើតឡើងនៅថៃ តើអ្នកគិតថា ភ្ញៀវទេសចរនឹងប្តូរចិត្តទៅលេងនៅកម្ពុជា មែនទេ?» ។
ជនជាតិថៃម្នាក់ទៀតថា ៖ «កម្ពុជាគួរតែយកចំណុចល្អៗមកអនុវត្តនៅប្រទេសរបស់ខ្លួន តែមិនមែនធ្វើតាមគេគ្រប់យ៉ាងនោះទេ ។ ដូច្នេះ កម្ពុជាត្រូវយល់ព្រមទទួលស្គាល់វប្បធម៌របស់ខ្លួនជាមុន» ។
ជនជាតិថៃម្នាក់ទៀតថា ៖ «កម្ពុជា គឺជាប្រទេសស្រស់ស្អាត ហើយកម្ពុជាមានកាស៊ីណូ ដែលប្រទេសថៃគ្មាន ។ កម្ពុជាមានសិល្បៈជារបស់ខ្លួន តែកម្ពុជាមិនកែលម្អវាឱ្យល្បីល្បាញ ហើយកម្ពុជាព្យាយាមធ្វើគ្រប់យ៉ាងឱ្យដូចថៃ ដោយយកភ្ញៀវទេសចរពីថៃទៅខ្លះ ។ ចាំទុកណា បើកម្ពុជាកាន់តែដូចថៃ គឺកាន់តែគ្មានភ្ញៀវទេសចរទៅលេងទេ ព្រោះវាមិនខុសអី្វពីការចម្លងគេ ។ ហេតុនេះ ភ្ញៀវទេសចរមកលេងថៃ មិនល្អជាងទេឬ ។ កម្ពុជាត្រូវធ្វើឱ្យខុសពីថៃ ទើបភ្ញៀវទេសចរចង់ទៅកម្ពុជា ដើម្បីរកអ្វីប្លែកៗ ។ នេះយើងដាស់តឿនក្នុងបំណងល្អ ប្រយ័ត្នហួសពេល ហើយគ្មានសល់អ្វី» ។
ជនជាតិថៃម្នាក់ទៀតថា ៖ «កម្ពុជាត្រូវអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធមុនគេ បន្ទាប់មក គឺបុគ្គលិកការងារ, រថយន្តឈ្នួល និងភោជនីយដ្ឋានផ្សេងៗ គឺកម្ពុជាត្រូវកែលម្អជាបន្ទាន់ ។ ជាក់ស្តែង រថយន្តដឹកភ្ញៀវ គឺពួកគេបានហៅភ្ញៀវជិះ ហើយពេលភ្ញៀវអត់ជិះ ស្រាប់តែស្រែកជេរភ្ញៀវឥតឈប់ ។ មួយទៀត ចាត់ការបញ្ហាចោរឆក់កាបូប និងលួចទូរស័ព្ទដៃភ្ញៀវទេសចរ» ៕










