យោងតាមសេចក្តីជូនដំណឹងរបស់ អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ នៅថ្ងៃទី២៩ ខែកុម្ភៈឆ្នាំ២០២៤ បានបញ្ជាក់ថា អ្នកប្រើប្រាស់យានយន្តពាក់ស្លាកលេខចរាចរខេមរភូមិន្ទ (ខ.ម) ត្រូវតែជានាយទាហានដែលមានសិទ្ធពេញលេញ។
នៅក្នុងសេចក្តីជូនដំណឹងនេះ ក្រសួងការពារជាតិ បានលើកឡើងថា៖”ដោយស្ថានភាពនៃការប្រើប្រាស់យានយន្តពាក់ផ្លាកលេខចរាចរខេមរភូមិន្ទ ក្នុងរយៈពេលចុងក្រោយនេះ សង្កេតឃើញកើតមាននូវបាតុភាពមួយចំនួនដែលធ្វើឱ្យប៉ះពាល់ដល់សង្គម សាធារណៈ ដូចជាបញ្ហាគ្រោះថ្នាក់ចរាចរណ៍ បុគ្គលអ្នកប្រើប្រាស់មួយចំនួនមានភាពក្រអឺតក្រទមមិន សក្តិសមជាមន្ត្រីយោធា ធ្វើឱ្យមានការវាយតម្លៃ និងទទួលការរិះគន់ពីសាធារណជន ជាពិសេសប៉ះពាល់ ដល់កិត្តិយសនៃកងយោធពលខេមរភូមិន្ទទាំងមូល”។
បើយោតាមអនុក្រឹត្យ លេខ៧៧ អនក្រ.បក ចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០០៨ បានបញ្ជាក់យ៉ាងច្បាស់ថា៖”អ្នកប្រើប្រាស់ត្រូវតែជានាយទាហានដែលមានសិទ្ធពេញលេញ ដោយមិនអនុញ្ញាតឱ្យជនស៊ីវិល ឬជនបរទេសប្រើប្រាស់បានឡើយ”។
ការប្រើប្រាស់យានយន្តពាក់ស្លាកលេខចរាចរខេមរភូមិន្ទ ត្រូវស្របតាមការកំណត់របស់ក្រសួងការពារជាតិ ចំពោះក្រុមហ៊ុនសហការវិនិយោគ វិស័យការពារជាតិនានាក៏ត្រូវបានអនុវត្តដូចគ្នា។ ក្នុងករណីដែលអនុវត្តការប្រើប្រាស់ផ្ទុយខុសពីខ្លឹមសារ ខាងលើ អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ នឹងចាត់វិធានការច្បាប់ជាធរមាន៕











