ប្រទេសចិន៖ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន BYD ត្រូវបានគេដឹងថានឹងចូលរួមក្នុងវិស័យម៉ូតូអគ្គិសនី ដោយក្រុមហ៊ុនបានចុះកិច្ចសន្យាជាមួយម៉ាកម៉ូតូកង់ពីររបស់សិង្ហបុរី Scorpio Electric ដើម្បីដំឡើង X1 ដែលជាម៉ូតូអគ្គិសនីដំបូងរបស់ខ្លួនសម្រាប់ទីផ្សារប្រទេសចិន។ លើសពីនេះ កាលពីឆ្នាំ២០២២ BYD ក៏បានចាប់ដៃគូជាមួយម៉ាកម៉ូតូអេស្ប៉ាញ Nerva ដើម្បីផ្គត់ផ្គង់ថ្ម LFP សម្រាប់ម៉ូដែលម៉ូតូអគ្គិសនីថ្មីរបស់ពួកគេផងដែរ។ ហេតុនេះហើយ ការចូលរួមរបស់ BYD នៅក្នុងទីផ្សារម៉ូតូអគ្គិសនីសន្យាថានឹងនាំមកនូវអត្ថប្រយោជន៍ជាច្រើនដល់អ្នកប្រើប្រាស់។
BYD គឺក្រុមហ៊ុនផលិតអាគុយរថយន្តអគ្គិសនីដ៏ធំជាងគេទី ២ នៅលើពិភពលោក ជាមួយនឹង ១៥.៨% នៃទីផ្សារពិភពលោកនៅឆ្នាំ ២០២៣។ អាគុយរបស់វាត្រូវបានប្រើប្រាស់រួចជាស្រេចនៅក្នុងរថយន្តអគ្គិសនី និងការផ្ទុកថាមពល ប៉ុន្តែសម្រាប់អាគុយដែលប្រើប្រាស់នៅក្នុងម៉ូតូអគ្គិសនី និងកង់អេឡិចត្រូនិចវិញ គឺមិនធ្លាប់បានប្រើប្រាស់ពីមុនមកទេ។ ទោះជាយ៉ាងណាក៏ដោយ វាអាចនឹងផ្លាស់ប្តូរក្នុងពេលឆាប់ៗនេះ នៅពេលដែល BYD បានប្រកាសថាពួកគេនឹងបង្កើនការវិនិយោគ និងការស្រាវជ្រាវលើការអភិវឌ្ឍន៍ថ្មសម្រាប់រថយន្តដែលមានកង់ពីរ។
ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ BYD FinDreams បានបង្ហោះនៅលើ WeChat ថាក្រុមហ៊ុននឹងផលិតថ្មដែលមានសុវត្ថិភាព និងអាចទុកចិត្តបានសម្រាប់ទីផ្សារកង់ពីរ។ FinDreams នឹងសហការជាមួយភាគីជាច្រើនដើម្បីបង្កើតផលិតផលថ្មដែលអាចដាក់នៅខាងក្នុងផ្ទះបាន ដោយ FinDreams បានចែករំលែកថា “បេសកកម្មរបស់យើងគឺជួយឱ្យមនុស្សរីករាយនឹងថាមពលថ្មដោយគ្មានការព្រួយបារម្ភ”។
គួរបញ្ជាក់ដែរថា កាលពីថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០២៤ នេះមានអគ្គីភ័យឆាបឆេះមួយនៅអគារលំនៅដ្ឋានក្នុងសង្កាត់ Wuhuatai ទីក្រុង Nanjing ប្រទេសចិន ដោយមានមនុស្ស ១៥ នាក់បានស្លាប់ និង ៤៤ នាក់បានរងរបួស។ គេជឿថាអគ្គីភ័យនេះមានប្រភពចេញពីម៉ូតូអគ្គិសនីដែលចតក្នុងផ្ទះ។ ចាប់តាំងពីភ្លើងបានផ្ទុះឡើង ទីក្រុងជាច្រើនរបស់ប្រទេសចិនបានហាមឃាត់ប្រជាជនមិនឱ្យចតរថយន្តកង់ពីរនៅខាងក្នុងអគារទៀតទេ។
ទោះជាយ៉ាងណាក៏ដោយ BYD បានចេញឯកសារស្តង់ដារបច្ចេកទេសសុវត្ថិភាពសម្រាប់អាគុយលីចូម និងអ៊ីយ៉ុងនៃម៉ូតូអគ្គិសនីរបស់ខ្លួន ដែលជួយដោះស្រាយស្ថានភាពហានិភ័យផ្សេងៗ និងលក្ខណៈវិនិច្ឆ័យដូចជាភាពធន់នឹងភ្លើងនៃថ្មលំនៅឋាន ភាពធន់នៃការគ្រប់គ្រង និងកម្រិតការពារទឹកជ្រាបក៏ត្រូវបានបង្ហាញនៅក្នុងស្តង់ដារផងដែរ៕










