កូរ៉េខាងត្បូង៖ រដ្ឋាភិបាលទីក្រុងសេអ៊ូលនឹងផ្តល់ផ្ទះជួលដែលមានតម្លៃសមរម្យជាងមុន ពោលគឺក្នុងតម្លៃពាក់កណ្តាលទីផ្សារ សម្រាប់អ្នកនៅលីវក្នុងទម្រង់ជាកន្លែងរស់នៅរួមគ្នា ខណៈដែលចំនួនគ្រួសារទោលនៅក្នុងប្រទេសកូរ៉េខាងត្បូងកើនឡើងយ៉ាងឆាប់រហ័ស។
យោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលទីក្រុងសេអ៊ូល បានឱ្យដឹងថា ការជួលផ្ទះរួមគ្នាគឺមានតម្លៃថោកជាងទីផ្សារសម្រាប់អ្នកនៅលីវដែលមានចំណូលទាបរហូតដល់ ៥០% និងតម្លៃថោកជាងរហូតដល់ ៧០% សម្រាប់អ្នកនៅលីវដែលគ្មានផ្ទះសម្បែង។ រយៈពេលជួលគឺ ៦ ឆ្នាំសម្រាប់អ្នកដែលមានអាយុពី ១៩ ទៅ ៣៩ ឆ្នាំ និងរហូតដល់ ១០ ឆ្នាំសម្រាប់អ្នកដែលមានអាយុលើសពី ៤០ ឆ្នាំ។
លំនៅឋានរួមគឺជាប្រភេទដែលលំហផ្ទាល់ខ្លួន និងលំហរួមត្រូវបានបញ្ចូលគ្នានៅក្នុងអគារតែមួយ។ បន្ទប់គេង និងបន្ទប់ទឹកត្រូវបានផ្តល់ជូនជាអាផាតមិនស្ទូឌីយោដាច់ដោយឡែក ខណៈដែលបន្ទប់ទទួលភ្ញៀវ និងផ្ទះបាយត្រូវបានចែករំលែកដោយអ្នករស់នៅ។ សម្រាប់ទំហំឯកជនត្រូវបានកំណត់ត្រឹម ១២ ម៉ែត្រការ៉េ ឬច្រើនជាងនេះ ២០% ធំជាងទំហំអប្បបរមាស្របច្បាប់នៃ ៩.៥ ម៉ែត្រការ៉េសម្រាប់អន្តេវាសិកដ្ឋានជួល។ ទំហំដែលបានចែករំលែកត្រូវបានគិតប្រាក់តាមទំហំដែលអ្នកជួលជ្រើសរើស និងប្រើប្រាស់វា។
កន្លែងរួមមានបួនប្រភេទសំខាន់ៗគឺ៖ កន្លែងរស់នៅមូលដ្ឋានមានដូចជា (ផ្ទះបាយ បន្ទប់ទទួលទានអាហារ បន្ទប់បោកអ៊ុត); និងកន្លែងសហគមន៍មានដូចជា (បណ្ណាល័យតូច បន្ទប់សន្និសីទ); រួមជាមួយកន្លែងរស់នៅជំនួយមានដូចជា (បន្ទប់ផ្ទុកចែកចាយ មជ្ឈមណ្ឌលគាំទ្រអ្នកជួល); ក៏ដូចជាកន្លែងពិសេស (កន្លែងលេងហ្គេម បន្ទប់ទឹកសត្វចិញ្ចឹម បន្ទប់សំដែង) ជាដើម។ ផ្ទៃដីរួមអប្បបរមាគឺច្រើនជាង ៦ ម៉ែត្រការ៉េ ក្នុងមនុស្សម្នាក់ ដូច្នេះប្រសិនបើផ្ទះរួមគ្នាផ្តល់កន្លែងស្នាក់នៅសម្រាប់អ្នករស់នៅ ១៥០ នាក់នោះ វាទាមទារទំហំជាន់អប្បបរមា ២,៧០០ ម៉ែត្រការ៉េ រួមទាំងទំហំឯកជន ១,៨០០ ម៉ែត្រការ៉េ និងទំហំរួម ៩០០ ម៉ែត្រការ៉េ។
គម្រោងផ្ទះជួលរួមសម្រាប់អ្នកនៅលីវនឹងត្រូវសាងសង់នៅជិតស្ថានីយ៍រថភ្លើងក្រោមដី ផ្លូវធំៗ និងកន្លែងថែទាំសុខភាព ដើម្បីបំពេញតម្រូវការពីក្រុមមនុស្សផ្សេងៗគ្នា។ រដ្ឋាភិបាលទីក្រុងនឹងផ្តល់ការលើកទឹកចិត្តដល់អ្នកអភិវឌ្ឍន៍ក្នុងការសាងសង់ផ្ទះបែបនេះ រួមទាំងការបន្ធូរបន្ថយទំហំផ្ទៃជាន់រហូតដល់ ៥០០% ដោយកែសម្រួលបទប្បញ្ញត្តិកំណត់តំបន់បច្ចុប្បន្ន។ Byeongyong Han ដែលប្រធានការិយាល័យគោលនយោបាយលំនៅដ្ឋានរបស់រដ្ឋាភិបាលទីក្រុងសេអ៊ូលបាននិយាយថា មូលដ្ឋាននេះមានគោលបំណងផ្តល់កន្លែងចំនួន ២០,០០០ សម្រាប់អ្នកនៅលីវក្នុងរយៈពេល ៤ ឆ្នាំខាងមុខ។
គួរបញ្ជាក់ដែរថា គ្រួសារទោលត្រូវបានគេរំពឹងថានឹងកើនឡើងយ៉ាងខ្លាំងនាពេលអនាគត ខណៈដែលមនុស្សរៀបការតិចជាងមុន ហើយចំនួនប្រជាជនដែលមានវ័យចំណាស់ជាច្រើនតែងតែរស់នៅម្នាក់ឯង។ ដូច្នេះយោងតាមការិយាល័យស្ថិតិជាតិកូរ៉េ សមាមាត្រនៃគ្រួសារទោលនៅក្នុងទីក្រុងសេអ៊ូលត្រូវបានគេរំពឹងថានឹងកើនឡើងដល់ប្រហែល ៤០% (ប្រមាណ ១.៦១ លានគ្រួសារ) នៅឆ្នាំ ២០៣០៕










