ក្រុមហ៊ុនមីនេបៀរ (Minebea)របស់ជប៉ុន បាននឹងកំពុងទិញដីចំនួន ៥០ហិកតា នៅខេត្តពោធិ៍សាត់ ដើម្បីពង្រីកការវិនិយោគបង្កើតរោងចក្រទីពីររបស់ខ្លួននៅកម្ពុជា ខណៈរោចក្រទី១ គឺស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុប ភ្នំពេញ ទទួលបានការជោគជ័យជាខ្លាំងក្នុងការធ្វើអាជីវកម្មនៅក្នុងប្រទេសកម្ពុជា អស់រយៈពេលជាង ១ទសវត្សន៍កន្លងទៅ។
ក្រុមហ៊ុនដ៏ធំរបស់ជប៉ុននេះ នឹងបោះទុនចំនួន ៦៥០លានដុល្លារអាមេរិក ក្នុងដំណើរអាជីវកម្មរោងចក្រទីពីររបស់ខ្លួន ចាប់ពីពេលនេះ រហូតដល់ឆ្នាំ ២០៣០ និងអាចបង្កើតការងារបានប្រមាណ ៨.០០០កន្លែង។
ការសម្រេចជ្រើសរើសទីតាំងពង្រីកខ្លួនមកកាន់ខេត្តពោធិ៍សាត់នេះ ដោយសារខេត្តនេះ មានប្រភពថាមពលអគ្គិសនីស្អាត ដូចជាថាមពលដើរដោយពន្លឺព្រះអាទិត្យ និងវារីអគ្គិសនី។
ម៉្យាងទៀត ខេត្តពោធិ៍សាត់ ក៏មានហេដ្ឋារចនាសម្ព័ន្ធស្អាតធំទូលាយ ពិសេសផ្លូវជាតិលេខ៥ ដែលងាយស្រួលក្នុងការដឹកជញ្ជូនទំនិញចេញចូលជាមួយប្រទេសថៃបានលឿនរហ័ស។
គួរបញ្ជាក់ថា ក្រុមហ៊ុនមីនេបៀ ជាក្រុមហ៊ុនដ៏ធំមួយរបស់ជប៉ុន បានវិនិយោគនៅកម្ពុជា កាលពីឆ្នាំ ២០១០ ដោយផលិតជាម៉ូទ័រសម្រាប់នាំចេញ ទៅលក់នៅក្រៅប្រទេស៕










