ប្រទេសចិន៖ កាហ្វេរសជាតិសាច់ជ្រូកដែល Starbucks បានបើកដំណើរការកាលពីពេលថ្មីៗនេះ បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងប្រទេសចិន ដោយអតិថិជនចិនជាច្រើននាក់បានតម្រង់ជួរទិញយ៉ាងហូរហែរ ហើយពួកគេបាននិយាយថា សម្រាប់រសជាតិវិញគឺពិតជាអស្ចារ្យខ្លាំងណាស់។
យោងតាម Business Insider ដែលបានចុះផ្សាយនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ថា ហាងកាហ្វេ Starbucks បានបើកដំណើរការកាហ្វេរសជាតិសាច់ជ្រូកនៅក្នុងប្រទេសចិន ដើម្បីប្រកួតប្រជែងជាមួយភេសជ្ជៈឡាតេរសជាតិឈីសរបស់ Luckin Coffee ដែលសព្វថ្ងៃកំពុងល្បីល្បាញខ្លាំងក្នុងប្រទេសនេះ។
ហាងកាហ្វេ Starbucks’ Reserve Roastery នៅទីក្រុងសៀងហៃបានដំណើរការតាំងពីថ្ងៃទី៥ ខែកុម្ភៈ ដោយផ្សព្វផ្សាយភេសជ្ជៈកាហ្វេថ្មី “រួមបញ្ចូលជាមួយទំនៀមទម្លាប់ឆ្នាំថ្មីប្រពៃណីពីការផ្តល់ជូនសាច់ជ្រូកសម្រាប់រដូវកាលចូលឆ្នាំចិន”។ កាហ្វេនេះមានឈ្មោះផ្លូវការជាភាសាអង់គ្លេសគឺ “Lucky Savory Latte” ដែលត្រូវបានដាក់រូបភាពជាមួយនឹងចំណិតសាច់ជ្រូកស្តើងមួយពីលើពែង នឹងមានតម្លៃ ៦៨ យន់ (ប្រមាណ ១០ ដុល្លារអាមេរិក) ក្នុងមួយកែវ។ ហាងកាហ្វេ Starbucks បាននិយាយថា កាហ្វេនេះគឺជាការរួមបញ្ចូលគ្នានៃ espresso និងទឹកជ្រលក់ “Dongpo សាច់ជ្រូក” ដោយបន្ថែមទឹកដោះគោស្ទ្រីមទៅក្នុងភេសជ្ជៈមុននឹងជ្រលក់ជាមួយចំណិតសាច់ជ្រូក braised ពីលើពែង។
កាហ្វេរសជាតិសាច់ជ្រូកបានសាយភាយពាសពេញបណ្តាញសង្គមចិន ដោយមនុស្សភាគច្រើនឆ្ងល់ថាតើវាមានរសជាតិដូចម្តេចហើយវាឆ្ងាញ់ឬអត់? អតិថិជនដែលបានភ្លស់រសជាតិភេសជ្ជៈប្រភេទពិសេសនេះ បាននិយាយថា latte មើលទៅប្លែក ហើយសម្រាប់រសជាតិវិញគឺឆ្ងាញ់មិននឹកស្មានដល់ជាមួយនឹង “រសជាតិផ្អែម ប្រៃដ៏គួរឱ្យចាប់អារម្មណ៍” ដែលរួមបញ្ចូលគ្នានូវក្លិននៃសាច់ និងកាហ្វេគឺអស្ចារ្យណាស់។
អតិថិជនម្នាក់ទៀតក៏បាននិយាយដែថាពួកគេមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងរីករាយបំផុតចំពោះរសជាតិដ៏ឆ្ងាញ់របស់កាហ្វេ Starbucks នេះ។ ទោះជាយ៉ាងណាក៏ដោយ ក៏មានមតិរិះគន់តិចតួចផងដែរ ដោយអតិថិជនម្នាក់ទៀតបាននិយាយថា កាហ្វេនេះគួរឱ្យខ្ពើមណាស់ វាមានរសជាតិដូចសណ្តែកសៀងដែលមានជាតិ fermented លាយជាមួយនឹងជាតិផ្អែម បើទោះបីជាសាច់ជ្រូកមានរសជាតិឆ្ងាញ់ក៏ដោយ ក៏វាមិនទំនងដែរ៕










