ប្រទេសវៀតណាម ៖ វៀតណាម, ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី គឺជាប្រទេសដែលបានបញ្ជូននិស្សិតទៅសិក្សាបន្តនៅក្រៅប្រទេសច្រើនបំផុតក្នុងតំបន់អាស៊ាន ។ បើតាមរបាយការណ៍ពី Key Trends in Southeast Asia ប្រចាំឆ្នាំ២០២៤ របស់ក្រុមហ៊ុន Acumen បង្ហាញថា នៅឆ្នាំ២០២៣ មាននិស្សិតជាង៣៥ម៉ឺននាក់ មកពីតំបន់អាស៊ានបានទៅសិក្សាបន្តនៅក្រៅប្រទេស ។
ហេតុនេះ វាធ្វើឱ្យអាស៊ានក្លាយជាតំបន់មួយដែលបានបញ្ជូននិស្សិតទៅសិក្សានៅក្រៅប្រទេសច្រើនបំផុត ស្ថិតក្នុងលំដាប់ទី៣ បន្ទាប់ពីប្រទេសចិន និងឥណ្ឌា ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ។
ចំណែកចំណាត់ថ្នាក់នៅតំបន់អាស៊ានវិញ ប្រទេសវៀតណាមបានទទួលចំណាត់ថ្នាក់ទី១ ដែលមានចំនួននិស្សិតរហូតដល់១៣ម៉ឺន២ពាន់នាក់ ។ បន្ទាប់មក គឺប្រទេសឥណ្ឌូណេស៊ី មាននិស្សិតចំនួន៥៦.០០០នាក់, ម៉ាឡេស៊ី មាននិស្សិតចំនួន៥៦.០០០នាក់ និងថៃ មាននិស្សិតចំនួន៣២.០០០នាក់ ។
ចំណែកជប៉ុន និងកូរ៉េខាងត្បូង គឺជាប្រទេសដ៏ពេញនិយមរបស់និស្សិតវៀតណាម ។ ជាក់ស្តែង និស្សិតវៀតណាមបានទៅសិក្សានៅប្រទេសជប៉ុន ស្មើជាង៤៤.១០០នាក់ និងកូរ៉េខាងត្បូង ស្មើជិត២៥.០០០នាក់ ។ ចំណែកសហរដ្ឋអាមេរិក ក៏ជាប្រទេសគោលដៅមួយទៀត ដែលនិស្សិតវៀតណាមបានទៅសិក្សាច្រើនបំផុត ស្មើជាង២៣.១០០នាក់ ។
ក្រៅពីនេះ និស្សិតវៀតណាមបានទៅសិក្សានៅប្រទេសអូស្ត្រាលី ស្មើនឹង១៤.១០០នាក់ និងកាណាដា ស្មើនឹង៩.០០០នាក់ ។ ចំណែកនិស្សិតឥណ្ឌូណេស៊ី, ម៉ាឡេស៊ី និងថៃ ភាគច្រើនទៅសិក្សានៅប្រទេសអង់គ្លេស និងអូស្ត្រាលី ។
ទោះយ៉ាងណា ចិន ក៏ជាប្រទេសគោលដៅពេញនិយមមួយទៀតរបស់និស្សិតនៅតំបន់អាស៊ានផងដែរ ។ បើតាមទិន្នន័យរបស់រដ្ឋាភិបាលចិន នៅឆ្នាំ២០១៩ បង្ហាញថា ប្រទេសចិនបានទទួលនិស្សិតពីប្រទេសថៃ ចំនួន២៨.៦០០នាក់, ឥណ្ឌូណេស៊ី ១៥.០០០នាក់, វៀតណាម ១១.៣០០នាក់ និងម៉ាឡេស៊ី ៩.៥០០នាក់ ។
ហេតុអ្វីបានជាវៀតណាមក្លាយជាប្រទេសបញ្ជូននិស្សិតទៅសិក្សានៅក្រៅប្រទេសច្រើនបំផុត? វាបណ្តាលមកពីកត្តាជាច្រើន រួមមាន ៖ ២៨% នៃចំនួនពលរដ្ឋវៀតណាម គឺមានអាយុចាប់ពី១៦ឆ្នាំ ទៅ៣០ឆ្នាំ ហើយចំនួនការចុះឈ្មោះចូលរៀននៅតាមសាកលវិទ្យាល័យរបស់និស្សិតវៀតណាម បានកើនឡើងពី១០% នៅឆ្នាំ២០០១ មកស្មើនឹង២៩% នៅឆ្នាំ២០២៤ ។ ម្យ៉ាងទៀត ពលរដ្ឋវៀតណាមបានផ្តល់ភាពសំខាន់យ៉ាងខ្លាំងលើការសិក្សាកម្រិតខ្ពស់ ។
បើតាមការស្ទង់មតិរបស់ HSBC នៅឆ្នាំ២០១៨ បង្ហាញថា ការចំណាយប្រាក់ពាក់ព័ន្ធនឹងការរៀនសូត្ររបស់សិស្ស-និស្សិតវៀតណាម គឺមានសមាមាត្រខ្ពស់រហូតដល់៤៧% នៃការចំណាយក្នុងគ្រួសារនីមួយៗ ។
ក្រៅពីនេះ ពលរដ្ឋមានជីវភាពកម្រិតមធ្យមនៅប្រទេសវៀតណាម ក៏មានកំណើនយ៉ាងឆាប់រហ័សផងដែរក្នុងតំបន់អាស៊ាន មានន័យថា ពលរដ្ឋវៀតណាមជាច្រើនគ្រួសារមានប្រាក់គ្រប់គ្រាន់ ដើម្បីបញ្ជូនកូនៗរបស់ពួកគេទៅសិក្សាបន្តនៅក្រៅប្រទេសបន្ថែមទៀត ៕










