នៅថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែមីនា ឆ្នាំ ២០២៤ នឹងមានពិធីបុណ្យផ្ការស្មីសាមគ្គីជាតិ ដែលប្រាព្ធឡើង ដើម្បីកសាងព្រះពុទ្ធប្បដិមាកម្ពស់១០៨ម៉ែត្រ និងព្រះពុទ្ធប្បដិមាអង្គតូចចំនួន ៨៤ ០០០អង្គ នៅលើខ្នងភ្នំបូកគោ ក្នុងឧទ្យានជាតិព្រះមុនីវង្សបូកគោ ខេត្តកំពត។
ស្ថាបត្យករក្រុមហ៊ុនសុខាគ្រុប បានឱ្យដឹងថា គម្រោងកសាងព្រះពុទ្ធប្បដិមាកម្ពស់ ១០៨ម៉ែត្រ នៅលើខ្នងភ្នំបូកគោ ស្ថិតត្រង់ចំណុចវាលស្រែ៥០០ ដោយប្រើពេលសាងសង់ ៣ទៅ៤ឆ្នាំ និងចំណាយថវិការប្រមាណ៦០-៧០លានដុល្លា។
ក្រៅពីការកសាងព្រះពុទ្ធបដិមាដ៏ធំសម្រាប់ជាទីសក្ការៈដល់ពុទ្ធសាសនិក ក្រុមហ៊ុនសុខាគ្រុបបានផ្ដួចផ្ដើមកសាងព្រះពុទ្ធបដិមាអង្គតូចៗចំនួន ៨៤.០០០អង្គ ដោយយោងទៅតាមព្រះធម៌របស់ព្រះសម្មាសម្ពុទ្ធ ទាំង ៨៤.០០០ព្រះធម្មក្ខន្ធ សម្រាប់តម្កល់នៅលើជញ្ជាំងផ្នែកខាងក្នុងនៃខឿនក្រោមបល្ល័ង្កព្រះពុទ្ធប្បដិមាអង្គធំកម្ពស់ ១០៨ម៉ែត្រ។
ព្រះពុទ្ធប្បដិមាអង្គតូចៗទាំងនោះ មានទំហំកម្ពស់ ០.៣១ម៉ែត្រ, បណ្តោយ ០.២៥ម៉ែត្រ និងទទឹង ០.១៦៥ម៉ែត្រ មាន ៤ថ្នាក់ ៩ជាន់ ដែលពុទ្ធប្បដិមាអង្គតូចៗនេះធ្វើឡើងពីថ្មដែលស្ថិតនៅលើភ្នំបូកគោ។
គួរបញ្ជាក់ថា ព្រះពុទ្ធបដិមាកម្ពស់ ១០៨ម៉ែត្រ មានទម្រង់ជាព្រះពុទ្ធមារវិជ័យ ឬផ្ចាញ់មារទៅតាមរចនាបទបាយ័នជា រចនាបទកំពូល នៃព្រះពុទ្ធសាសនាក្នុងរជ្ជកាលព្រះបាទជ័យវ័រ្មនទី៧ នាសតវត្សរ៍ទី១៣ និងសាងសង់ពីបេតុងអាម៉េពណ៌មាស បែរព្រះភក្ត្រនៅទិសខាងកើត៕










