អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ពេលនេះបរាជ័យការឈរឈ្មោះធ្វើជាប្រធានសមាគមសិល្បករខ្មែរក្រោយពីលោកទទួលយកសំណើរបស់សម្តេចតេជោ ហ៊ុនសែន បន្ទាប់ពីសម្តេចយកមតិប្រជាពលរដ្ឋជាធំដែលមហាជនសំណូមពរទៅសម្តេចមិនចង់ឱ្យលោកឈរឈ្មោះនោះទេ។ ទន្ទឹមនឹងនេះ សំឡេងប្រជាពលរដ្ឋទាំងរងគ្រោះនិងមិនរងគ្រោះក្តីទទូចចង់ឱ្យអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ពន្លឿនការសងសង់ផ្ទះរបស់ពួកគេឱ្យបានកាន់តែឆាប់រហ័ស។
កាលពីល្ងាចថ្ងៃទី២០ ខែកុម្ភៈ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានប្រកាសនៅលើបណ្តាញសង្គមរបស់ខ្លួនតែម្តងដោយលោកនិយាយថាប្រសិនជាមានការគាំទ្រលោកនឹងឈរឈ្មោះធ្វើជាបេក្ខភាពប្រធានសមាគមសិល្បៈថ្មី ខណៈមហាជនភាគច្រើនបង្ហាញការមិនគាំទ្រលោកនោះទេ លើកឡើងតែអ្នកក្នុងចង្កោមក្រុមហ៊ុនលោកផ្ទាល់រួមមានឧកញ៉ា ខេមរៈ សិរីមន្ត ជាដើម។
ទន្ទឹមនឹងការប្រកាសឈរឈ្មោះនេះមុនដំបូង សម្តេចតេជោ ហ៊ុន សែន ក៏បង្ហាញការគាំទ្រពីបំណងរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដូចគ្នា ប៉ុន្តែមហាជនបានសម្រុកចូលទៅបញ្ចេញមតិលើការបង្ហោះរបស់សម្តេចមិនគាំទ្រឱ្យអ្នកឧកញ៉ា ឈរឈ្មោះនោះទេ ដោយចង់ឱ្យអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា គិតគូររឿងធ្វើផ្ទះឱ្យអតិថិជនជាមុនសិន ពេលវេលានេះមិនទាន់សមស្របឱ្យលោកមកដឹកនាំសិល្បៈនោះឡើយ។ ដោយមើលឃើញពីមតិយោបល់ប្រជាពលរដ្ឋជាធំ សម្តេចក៏បានស្នើឱ្យអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដកបេក្ខភាពចេញសិន ទុកលទ្ធភាពឱ្យអ្នកផ្សេងធ្វើជាប្រធានសមាគមសិនរង់ចាំពេលក្រោយក៏មិនយឺតពេលដែរ។
ការប្រកាសដ៏ខ្ពង់ខ្ពស់របស់សម្តេច បានធ្វើឱ្យប្រជាពលរដ្ឋបង្ហាញអារម្មណ៍សប្បាយចិត្តឡើងវិញដែលសម្តេចតេជោ យកគំនិតប្រជាពលរដ្ឋជាធំ ខណៈអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏គោរពតាមការសម្រេចចិត្តរបស់សម្ដេចតេជោ ផងដែរ។
ទន្ទឹមនឹងនេះប្រជាពលរដ្ឋដែលបានទិញផ្ទះពីបុរី ឡេង ណាវ៉ាត្រា ហើយមិនទាន់ទទួលបានផ្ទះក៏ទទូចទៅកាន់ខាងក្រុមហ៊ុន ពន្លឿនលើការសាងសង់ផ្ទះរបស់ពួកគេឱ្យកាន់តែឆាប់រហ័សផងដែរដោយអតិថិជនដូចជាតារាកំប្លែង កាតុ ជាដើមអះអាងថាបង់ផ្តាច់ជិត៣បីឆ្នាំហើយនៅមិនទាន់ទទួលបានផ្ទះនៅឡើយ៕










