ប្រទេសអ៊ីតាលី ៖ ពិធីបុណ្យគប់ផ្លែក្រូចនៅប្រទេសអ៊ីតាលី (Battle of The Oranges) បានចាប់ផ្តើមឡើងនៅឆ្នាំ២០២៤ ហើយគេបានឃើញអ្នកមកចូលរួមក្នុងពិធីបុណ្យនេះ បានគប់ផ្លែក្រូចដាក់គ្នាទៅវិញទៅមកនៅទីក្រុងអ៊ីហ្វ្រីអា ស្ថិតនៅភាគខាងជើងប្រទេសអ៊ីតាលី ។ គេបានបែងចែកអ្នកមកចូលរួមពិធីជាក្រុម ហើយពួកគេបានស្លៀកសម្លៀកបំពាក់ពណ៌ឆើតស្រស់ ។
អ្នកចូលរួមទាំងអស់បានគប់ផ្លែក្រូចដាក់គ្នាដោយគ្មានការខ្លាចចិត្តអ្វីទាំងអស់ ហាក់ដូចជាពួកគេខឹងសម្បារគ្នាអីចឹង ។ ហេតុនេះ វាបានធ្វើឱ្យនៅតាមដងផ្លូវនៅទីក្រុងនេះ ពោរពេញទៅដោយកាកសំណល់ផ្លែក្រូច ដោយសារក្រុមអ្នកចូលរួមបានប្រើប្រាស់ផ្លែក្រូចធ្វើជាអាវុធសម្រាប់តស៊ូ ។ ចំណែកផ្លែក្រូចទាំងនេះ គឺគេបានដឹកជញ្ជូនពីកោះស៊ីស៊ីលី នៅប្រទេសអ៊ីតាលី ។
អ្នកស្រី ឡៅរ៉ា ហ្វ័ររ៉ាន់ដូ ជាភ្ញៀវទេសចរនិយាយថា ៖ «ខ្ញុំបានប្រមូលផ្លែក្រូចទុកតាំងពីខ្ញុំអាយុ១៧ឆ្នាំ មកម៉្លេះ ព្រោះវាផ្តល់នូវថាមពលយ៉ាងច្រើនមហាសាល ។ ក្រោយការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ នៅលើពិភពលោក យើងបានរៀបចំពិធីជប់លៀងដ៏ធំមួយ ហើយវាជាថ្ងៃដំបូងដែលយើងគ្រប់គ្នាមានអារម្មណ៍ថា ចង់គប់ផ្លែក្រូច» ។
ការប្រារព្ធពិធីបុណ្យគប់ផ្លែក្រូច (Battle of The Oranges) បានធ្វើឡើងតាមរឿងដំណាលមួយថា ពលរដ្ឋអ៊ីតាលីមានជីវភាពក្រីក្របាននាំគ្នាគប់សណ្តែកនៅតាមផ្លូវ ដើម្បីបង្ហាញពីការមិនពេញចិត្តចំពោះអ្នកមានទ្រព្យសម្បត្តិច្រើនក្នុងសម័យសាត់ឌីណា ។ ក្រោយមក នៅពាក់កណ្តាលសតវត្សរ៍ទី១៩ គេក៏បានប្រើប្រាស់ផ្លែក្រូចជំនួសសណ្តែក ។
ចំណែករឿងដំណាលមួយទៀតនិយាយថា កាលពីសតវត្សរ៍ទី១២ នៅសម័យសាត់ឌីណា មានយុវតីម្នាក់ឈ្មោះ វ៉ាយអូឡេតា គឺជាកូនស្រីរបស់ម្ចាស់រោងម៉ាស៊ីនកិនស្រូវក្នុងតំបន់ ត្រូវគេបង្ខំឱ្យនាងរៀបការជាមួយបុគ្គលមានទ្រព្យសម្បត្តិចិត្តអាក្រក់ម្នាក់ក្នុងទីក្រុង ។ នាង វ៉ាយអូឡេតា បានសម្រេចចិត្តកាត់ក្បាលរបស់បុគ្គលនោះដើម្បីរក្សាកេរ្តិ៍ឈ្មោះ និងជួយរំដោះទីក្រុងអ៊ីហ្វ្រេអា ឱ្យមានឯករាជ្យឡើងវិញ ។
ហេតុនេះ ការគប់ផ្លែក្រូច គេនឹងបែងចែកអ្នកចូលរួមជា២ក្រុម គឺក្រុមអ្នកមានទ្រព្យសម្បត្តិច្រើន និងក្រុមមនុស្សធម្មតាទូទៅ ដើម្បីរំលឹកពីការតវ៉ាទៅកាន់អ្នកមានទ្រព្យសម្បត្តិ ហើយផ្លែក្រូចតំណាងឱ្យក្បាលរបស់ ថូឡារ៉ាជ ។ ប៉ុន្តែនៅក្រោយសង្គ្រាមលោកលើកទី២ ការតស៊ូដោយគប់ផ្លែក្រូចដាក់គ្នា ត្រូវបានគេជំរុញឱ្យក្លាយជាការតស៊ូដើម្បីសេរីភាព និងជានិមិត្តរូបនៃពិធីបុណ្យខានិវ័លប្រចាំឆ្នាំ របស់ទីក្រុងអ៊ីហ្វ្រេអា ។
លោក សេសារ៉េ សៀនស៊ិអូឡូ ជាភ្ញៀវទេសចរមកពីទីក្រុងអ៊ីហ្វ្រេអា និយាយថា ៖ «បរិយាកាសពិធីបុណ្យនេះសប្បាយរីករាយខ្លាំងណាស់ ហើយវាជាពិធីបុណ្យមួយដែលអ្នកគ្រប់គ្នាត្រូវមកចូលរួមឱ្យបានម្តងក្នុងមួយជីវិត ។ អ្នកគ្រប់គ្នានឹងទទួលបានក្លិនក្រូចនៅព្រឹកថ្ងៃអាទិត្យ ក្រោយពីបានបំពេញការងារអស់រយៈពេល១ឆ្នាំ» ៕










