ប្រទេសហូឡង់ ៖ គេហទំព័រ New York Post បានរាយការណ៍ពីហេតុការណ៍គួរឱ្យខ្លាចមួយនៅលើយន្តហោះ ក្រោយពីអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ Delta Air Lines ដែលធ្វើដំណើរចាកចេញពីទីក្រុង Amsterdam ប្រទេសហូឡង់ ទៅកាន់ទីក្រុង Detroit រដ្ឋ Michigan សហរដ្ឋអាមេរិក កើតការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះនៅសុខៗ ស្រាប់តែមានដង្កូវធ្លាក់ពីកន្លែងដាក់អីវ៉ាន់ផ្នែកខាងលើកៅអីអ្នកដំណើរ ។
ហេតុការណ៍នេះបានធ្វើឱ្យយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Delta Air Lines ត្រូវសម្រេចចិត្តហោះត្រឡប់ក្រោយវិញ និងចុះចតនៅអាកាសយានដ្ឋានក្នុងទីក្រុង Amsterdam ប្រទេសហូឡង់ ដូចដើម ។ សារព័ត៌មានបរទេសរាយការណ៍ថា ត្រីស្អុយនៅលើយន្តហោះ គឺជាមូលហេតុធ្វើឱ្យមានសត្វដង្កូវតាមមកដែរ ។
អ្នកប្រើប្រាស់គេហទំព័រ Reddit ម្នាក់និយាយថា គាត់បានអង្គុយនៅខាងមុខនារីម្នាក់ដែលត្រូវសត្វដង្កូវធ្លាក់លើក្បាល ។ នាងបានប្រាប់បុគ្គលិកបម្រើការលើយន្តហោះថា មានដង្កូវធ្លាក់លើក្បាលនាង ហើយនាងបានឃើញដង្កូវផ្សេងទៀតនៅក្រោមកៅអីអង្គុយទៀតផង ។ នាងមានអារម្មណ៍ថា ខ្ពើមរអើមយ៉ាងខ្លាំងពេលឃើញដង្កូវបែបនេះ ហើយត្រីស្អុយនោះវេចខ្ចប់ដោយក្រដាសកាសែត ។
ក្រៅពីនេះ អ្នកដំណើរនៅលើយន្តហោះបានរិះគន់ម្ចាស់អីវ៉ាន់ថា ពិតជាខ្វះការទទួលខុសត្រូវយ៉ាងខ្លាំងលើអីវ៉ាន់របស់ខ្លួន ហើយធ្វើឱ្យអ្នកដទៃទៀតត្រូវខាតបង់ពេលវេលា ។ ក្រោយមក ខាងយន្តហោះបានរឹបអូសយកអីវ៉ាន់នេះ និងត្រៀមយកទៅដុតកម្ទេចចោល ។ ក្រៅពីនេះ បុគ្គលិកបម្រើការលើយន្តហោះបានជួយគ្នាសម្អាតនៅបរិវេណប្រឡាក់ និងបាញ់ថ្នាំសម្លាប់មេរោគយ៉ាងប្រុងប្រយ័ត្ន ។
ចំណែកអ្នកដំណើរម្នាក់ទៀតនិយាយថា ក្រោយហេតុការណ៍នេះ ក្រុមហ៊ុនអាកាសចរណ៍ Delta Air Lines បានប្រកាសផ្តល់សំណងឱ្យអ្នកដំណើរទាំងអស់សម្រាប់ការចំណាយលើបន្ទប់ស្នាក់នៅ, សំបុត្រយន្តហោះ និងតម្លៃម្ហូបអាហារផងដែរ ៕










