បច្ចុប្បន្នអ្នកស្រាវជ្រាវកំពុងសិក្សាពីតួនាទីរបស់ autophagy ក្នុងខ្លួនមនុស្ស ដើម្បីទប់ស្កាត់និងប្រយុទ្ធប្រឆាំងនឹងជំងឺមួយចំនួនជាពិសេសគឺជំងឺមហារីក។ ដូច្នេះខាងក្រោមនេះគឺជាការបកស្រាយថា តើអ្វីទៅជាautophagy? ហេតុអ្វីវាមានសារៈសំខាន់? តើធ្វើដូចម្តេចដើម្បីឲ្យមានដំណើរការautophagy? តើវាពិតជាជួយឲ្យជាដាច់ពីជំងឺរ៉ាំរ៉ៃមែនដែរឬទេ?
តើ autophagy គឺជាអ្វី?
Autophagy គឺជាដំណើរការដែលរាងកាយរបស់អ្នកបំប្លែងកោសិកាចាស់និងខូចៗចោល ពោលគឺស៊ីកោសិការងាប់ៗរបស់ខ្លួនឯងធ្វើជាអាហារ។ ជាការពិត នៅក្នុងសារពាង្គកាយរបស់មនុស្សម្នាក់ៗគឺមានកោសិការាប់លាន ហើយយូរៗទៅកោសិកាខ្លះអាចនឹងខូចឬឈប់ដំណើរការ។ បន្ទាប់មកពួកវានឹងក្លាយទៅជាសំរាម ឬកាកសំណល់ដែលគ្មានប្រយោជន៍ ស្ថិតនៅលាយឡំជាមួយនឹងកោសិកាល្អៗ។ បើសិនបើមានដំណើរការ Autophagy កើតឡើង នោះវានឹងធ្វើជាប្រព័ន្ធកែឆ្នៃកោសិកាងាប់ៗអ្នកឲ្យមានប្រយោជន៍ឡើងវិញ។
ហេតុអ្វីបានជា autophagy មានសារៈសំខាន់?
Autophagy គឺចាំបាច់សម្រាប់ឲ្យកោសិការស់និងដំណើរការល្អ ព្រោះវានឹងជួយកែច្នៃផ្នែកកោសិកាដែលខូចទៅជាផ្នែកកោសិកាដែលដំណើរការពេញលេញ ផ្តល់កន្លែងទំនេរច្រើនសម្រាប់កោសិកាល្អៗ និងបំផ្លាញមេរោគផ្សេងៗដែលស្ថិតក្នុងកោសិកា ដូចជាវិរុសនិងបាក់តេរីជាដើម។ ម៉្យាងវិញទៀត Autophagy ដើរតួនាទីយ៉ាងសំខាន់ចំពោះមនុស្សកាន់តែចាស់ ព្រោះនៅពេលកាន់តែចាស់ភាពស្វ័យប្រវត្តិកម្មគឺកាន់តែចុះថយ ដែលជាហេតុកោសិកានឹងស៊ីកោសិកាចាស់ៗខ្លួនឯងធ្វើជាអាហារ ហើយនឹងផ្តល់នូវសារធាតុចិញ្ចឹមវិញទៅក្នុងសារពាង្គកាយមនុស្សចាស់។
តើកត្តាអ្វីខ្លះទើបបណ្តាលឲ្យមានដំណើរការ autophagy (កោសិកាស៊ីខ្លួនឯងជាអាហារ) បាន?
-ការតមអាហារ៖ ការតមអាហារមានន័យថាអ្នកឈប់ញ៉ាំក្នុងចំនួនជាក់លាក់ណាមួយអាចចន្លោះពី២៤ទៅ៤៨ម៉ោង។ ការតមអាហារនឹងធ្វើឱ្យរាងកាយរបស់អ្នកបាត់បង់សារធាតុចិញ្ចឹម នោះសរីរាង្គអ្នកនឹងបង្ខំឱ្យឲ្យស៊ីកោសិកាងាប់ៗដើម្បីធ្វើជាអាហារជំនួស។
-បន្ថយកម្រិតកាឡូរី៖ កាត់បន្ថយចំនួនថាមពល ឬកាឡូរីដែលរាងកាយអ្នកត្រូវការជាប្រចាំ។ការធ្វើបែបនេះនឹងបង្ខំកោសិការបស់អ្នកធ្វើដំណើរការ autophagy ដើម្បីទូទាត់សងសម្រាប់សារធាតុចិញ្ចឹមដែលបាត់បង់។
-លំហាត់ប្រាណ៖ លំហាត់ប្រាណជំរុញដំណើរការបង្កើនសកម្មភាពរបស់ autophagy ដូចជាមានចលនាខ្លាំងលើសាច់ដុំគ្រោងឆ្អឹងរបស់អ្នក។ លំហាត់ប្រាណអាចបណ្ដាលឱ្យមានដំណើរការ autophagy បានគឺអាស្រ័យលើប្រភេទលំហាត់ដែលអ្នកធ្វើនិងអាំងតង់ស៊ីតេរបស់វា។
ទោះយ៉ាងណាក៏ដោយ ការតមអាហារ កាត់បន្ថយកម្រិតកាឡូរី ឬលំហាត់ប្រាណនេះ គឺមិនណែនាំសម្រាប់អ្នកមានផ្ទៃពោះឬស្រ្តីបំបៅកូនដោយទឹកដោះនោះទេ ហើយសម្រាប់អ្នកដែលចង់អនុវត្តវិធីនេះ គឺគួរតែពិភាក្សាជាមួយអ្នកជំនាញឲ្យបានច្បាស់លាស់ផងដែរ។
តើដំណើរការ autophagy(កោសិកាស៊ីខ្លួនឯងជាអាហារ) ពិតជាមានឥទ្ធិពលទៅលើជំងឺមែនឬ?
ក្នុងរយៈពេលជាង ២០ ឆ្នាំកន្លងមកនេះ អ្នកវិទ្យាសាស្ត្របានរកឃើញថាដំណើរការ autophagy ក៏អាចដើរតួយ៉ាងសំខាន់ក្នុងការការពារ និងឆ្លើយតបទៅនឹងជំងឺសាហាវជាច្រើន។ ជាមួយគ្នានេះ ការសិក្សាបានបង្ហាញថាដំណើរការនេះនឹងមានប្រសិទ្ធភាពជាមួយនឹងជំងឺមួយចំនួនដូចជាជំងឺទឹកនោមផ្អែម ជំងឺបេះដូង ជំងឺតម្រងនោម ជំងឺថ្លើម ជំងឺផាកឃីនសុន និងជំងឺមហារីកជាដើម ព្រោះថា “សារធាតុឥតប្រយោជន៍” ដែលប្រមូលផ្តុំនៅក្នុងកោសិកាខូចៗអាចបង្កើនហានិភ័យនៃកំហុសនៅក្នុងហ្សែន ឬ DNA របស់កោសិកា។ ការផ្លាស់ប្តូរហ្សែន ឬការផ្លាស់ប្តូរនៅក្នុង DNA កោសិកានឹងអាចលូតលាស់មហារីកបានយ៉ាងងាយផងដែរ៕










