ប្រទេសថៃ ៖ នៅដើមឆ្នាំ២០២៤នេះ មានមតិខ្លះលើកឡើងថា តែរបស់ថៃបានផ្សំនូវសារធាតុម្យ៉ាងឈ្មោះ «Sunset Yellow FCF» ខណៈតែថៃ គឺជាភេសជ្ជៈចាប់ផ្តើមពេញនិយមនៅទូទាំងពិភពលោក ប៉ុន្តែបែរជាប្រទេសមួយចំនួនហាមនាំចូលតែថៃ ដោយសារបារម្ភអំពីការផ្សំនូវសារធាតុពណ៌លឿង ។

តែថៃ គឺជាភេសជ្ជៈដ៏ពេញនិយមដែលគេចូលចិត្តផឹកពេលអាកាសធាតុក្តៅនៅប្រទេសថៃ ។ តើដឹងឬទេថា ការពិត តែថៃ គ្មានពណ៌ទឹកក្រូចតាមធម្មជាតិទេ ហើយពណ៌ទឹកក្រូចរបស់តែថៃ កើតចេញពីសារធាតុផ្សំអាហារហៅថា «Sunset Yellow FCF» ដែលមានពណ៌លឿងលាយទឹកក្រូច ។ សារធាតុផ្សំអាហារប្រភេទនេះ ត្រូវបានគេយកមកផ្សំក្នុងអាហារឱ្យមានពណ៌ឆើតស្រស់ និងគួរឱ្យចង់ទទួលទាន ។

បើទោះជាសារធាតុផ្សំអាហារ Sunset Yellow FCF ទទួលបានការអនុញ្ញាតឱ្យប្រើប្រាស់ដាក់ក្នុងម្ហូបអាហារ ឬភេសជ្ជៈនៅប្រទេសថៃក្តី ប៉ុន្តែប្រទេសមួយចំនួនបានហាមនាំចូលសារធាតុប្រភេទនេះ ដូចជា ៖ បណ្តាប្រទេសអឺរ៉ុប និងអង់គ្លេស ។ ប្រទេសទាំងនេះបានចេញច្បាប់ហាមនាំចូលសារធាតុផ្សំអាហារ Sunset Yellow FCF និងសារធាតុផ្សំអាហារ៥ប្រភេទទៀត រួមមាន ៖ Tartrazine, Quinoline Yellow, Carmoisine, Ponceau 4R និង Allura Red ។

ចំណែកមូលហេតុធ្វើឱ្យបណ្តាប្រទេសអឺរ៉ុប និងអង់គ្លេសហាមនាំចូលសារធាតុផ្សំអាហារ Sunset Yellow FCF ដោយសារលទ្ធផលការស្រាវជ្រាវផ្នែកពេទ្យនៅតំបន់អឺរ៉ុបបង្ហាញថា សារធាតុផ្សំអាហារនេះបណ្តាលឱ្យកុមារខ្វះការតាំងស្មារតី ។ ក្រៅពីនេះ ការស្រាវជ្រាវបានណែនាំថា បើគ្មានការប្រើប្រាស់សារធាតុផ្សំអាហារនេះ នឹងអាចកាត់បន្ថយបញ្ហាខ្វះការតាំងស្មារតីរបស់កុមារបាន ។

ទោះយ៉ាងណា លទ្ធផលការស្រាវជ្រាវនេះមិនបានបញ្ជាក់ថា សារធាតុផ្សំអាហារ Sunset Yellow FCF គឺជាមូលហេតុចម្បងដែលធ្វើឱ្យកុមារខ្វះការតាំងស្មារតីនោះទេ ។ ប្រសិនបើតែថៃ ដាក់សារធាតុផ្សំអាហារ Sunset Yellow FCF នឹងធ្វើឱ្យតែថៃ មានពណ៌ទឹកក្រូចគួរឱ្យចង់ផឹក ។ តើពណ៌ពិតប្រាកដរបស់តែថៃ គឺពណ៌អ្វី?

សំណួរនេះ ត្រូវក្រឡេកទៅមើលប្រភពរបស់តែថៃ ដែលគេគិតថា តែថៃមានប្រភពពីតែស៊ីឡន ដាំដុះនៅប្រទេសស្រីលង្កា ដែលមានពណ៌ត្នោតលាយក្រហម ។ បើគេផ្សំជាមួយទឹកដោះគោក្នុងតែស៊ីឡន វានឹងប្រែទៅជាពណ៌ត្នោតខ្ចី ។ រីឯការផ្សំនូវសារធាតុអាហារក្នុងតែថៃ គឺអាចផ្សំក្នុងតែថៃមួយចំនួនប៉ុណ្ណោះ ឬអាចនិយាយថា តែថៃមានប្រភេទដាក់សារធាតុផ្សំអាហារ និងតែថៃមិនដាក់សារធាតុផ្សំអាហារ ។

ក្រៅពីនេះ សារធាតុផ្សំអាហារ Sunset Yellow FCF បានទទួលការអនុញ្ញាតនៅប្រទេសថៃ រួមទាំងនៅសហរដ្ឋអាមេរិកផងដែរ ដែលមិនបានហាមឃាត់ការប្រើប្រាស់សារធាតុផ្សំអាហារប្រភេទនេះ ។ គេចាប់ផ្តើមឃើញថា នៅសហរដ្ឋអាមេរិកមានហាងលក់តែថៃ កើនឡើងយ៉ាងឆាប់រហ័ស និងកំពុងក្លាយជាភេសជ្ជៈកាន់តែពេញនិយមសម្រាប់ផឹកពេលអាកាសធាតុក្តៅ ៕