ប្រទេសកូរ៉េខាងត្បូង ៖ វាជារឿងដ៏ក្រៀមក្រំយ៉ាងខ្លាំងសម្រាប់ក្រុមហ៊ុន Tesla នៅប្រទេសកូរ៉េខាងត្បូង ក្រោយពីក្រុមហ៊ុនលក់រថយន្តអគ្គិសនី (Electric Vehicle-EV) លំដាប់ពិភពលោកមួយនេះ មានចំនួនលក់រថយន្តប្រចាំខែមករា ឆ្នាំ២០២៤ ត្រឹមតែ១គ្រឿងប៉ុណ្ណោះនៅកូរ៉េខាងត្បូង ។
ក្រុមហ៊ុនស្រាវជ្រាវរបស់កូរ៉េខាងត្បូង និងក្រសួងពាណិជ្ជកម្មលើកឡើងថា ចំនួនការលក់រថយន្តអគ្គិសនីបានតែ១គ្រឿងនេះ គឺជាចំនួនលក់ដ៏អាក្រក់បំផុត បើគិតចាប់ពីក្រុមហ៊ុន Tesla បានលក់រថយន្តអគ្គិសនីនៅកូរ៉េខាងត្បូង តាំងពីកក្កដា ឆ្នាំ២០២២ ។ ពេលនោះ រថយន្តអគ្គិសនីរបស់ក្រុមហ៊ុន Tesla មិនបានលក់ដាច់សូម្បីតែ១គ្រឿង ។
មតិភាគច្រើនមានចម្ងល់ថា រថយន្តអគ្គិសនីមិនទទួលបានការពេញនិយមនៅប្រទេសកូរ៉េខាងត្បូង អាចបណ្តាលមកពីបញ្ហាសុវត្ថិភាព, តម្លៃ និងការខ្វះខាតស្ថានីយសាកថ្មរថយន្ត ។ កត្តាទាំងអស់នេះហើយ ទើបធ្វើឱ្យគ្មានតម្រូវការទិញរថយន្តអគ្គិសនីនៅកូរ៉េខាងត្បូង ។
បច្ចុប្បន្ន បណ្តាក្រុមហ៊ុនផលិតរថយន្តបានប្រឈមជាមួយឧបសគ្គ នៅពេលការពេញនិយមប្រើប្រាស់រថយន្តអគ្គិសនីធ្លាក់ចុះនៅកូរ៉េខាងត្បូង ពីព្រោះអត្រាការប្រាក់កាន់តែខ្ពស់ និងអត្រាអតិផរណាបានធ្វើឱ្យពលរដ្ឋកូរ៉េខាងត្បូងកាត់បន្ថយការចំណាយរបស់ពួកគេ ។ ជាមួយគ្នានេះ ពលរដ្ឋកូរ៉េខាងត្បូងបារម្ភអំពីភ្លើងឆេះថ្មរថយន្ត និងខ្វះខាតស្ថានីយសាកថ្មរថយន្តអគ្គិសនី ប្រភេទ Fast Charge ផងដែរ ។
មុននេះ ក្រុមហ៊ុន Tesla នៅកូរ៉េខាងត្បូងទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាលកូរ៉េខាងត្បូង ដែលកំណត់ថា រថយន្តមានតម្លៃក្រោម៥៧លានវ៉ុន នឹងទទួលបានប្រាក់ឧបត្ថម្ភនេះ ។ ប៉ុន្តែកាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ រដ្ឋាភិបាលលើកឡើងថា នឹងកាត់បន្ថយចំនួនប្រាក់ឧបត្ថម្ភសម្រាប់រថយន្តដែលមានតម្លៃក្រោម៥៥លានវ៉ុន ។
ហេតុនេះ វាបានធ្វើឱ្យរថយន្ត Tesla ដែលបច្ចុប្បន្ន មានតម្លៃថោកជាងការកំណត់នេះ ទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាលកូរ៉េខាងត្បូងចំនួនពាក់កណ្តាលប៉ុណ្ណោះ ។ លើសពីនេះ និន្នាការប្រឆាំងចិនរបស់កូរ៉េខាងត្បូង បានធ្វើឱ្យពលរដ្ឋកូរ៉េខាងត្បូងភាគច្រើនគិតថា រថយន្ត Tesla ដែលផលិតនៅប្រទេសចិន មិនគួរទិញយកមកប្រើប្រាស់នៅកូរ៉េខាងត្បូងទេ ។
ទោះយ៉ាងណា យើងត្រូវតាមដានបន្តទៀតថា តើក្រុមហ៊ុន Tesla នឹងដោះស្រាយបញ្ហាទាំងនេះដោយរបៀបណា? ហើយតើក្រុមហ៊ុននេះនឹងអាចវាយលុកទីផ្សារកូរ៉េខាងត្បូង ដែលគេចាត់ទុកថា ជាប្រភពបច្ចេកវិទ្យាកំពូលលំដាប់ពិភពលោក ដោយរបៀបណា?










