ប្រទេសថៃ ៖ កសិករដាំផ្កាស្បៃរឿងនៅខេត្តម៉ុកដាហាន ប្រទេសថៃ បានថែទាំដើមផ្កាស្បៃរឿងដែលពួកគេដាំនៅក្នុងផើងតូចៗ និងយកមកតម្រៀបដាក់លក់ឱ្យអតិថិជនពេលបុណ្យចូលឆ្នាំចិន ឆ្នាំ២០២៤ ។ កសិករនិយាយថា ពួកគេអាចរកប្រាក់ចំណូលបានជាច្រើនម៉ឺនបាតក្នុង១ថ្ងៃ ហើយអតិថិជនភាគច្រើនបានទិញផ្កាស្បៃរឿងយកទៅតុបតែងនៅមុខលំនៅឋាន ដើម្បីទទួលបានសំណាងល្អ និងចម្រុងចម្រើនក្នុងជីវិត ។
នៅពេលពិធីបុណ្យចូលឆ្នាំចិន បានធ្វើឱ្យទំនិញ ឬម្ហូបអាហារផ្សេងៗសម្រាប់សែនលក់ដាច់យ៉ាងខ្លាំង ហើយគេសង្កេតឃើញជនជាតិថៃកាត់ចិន ឬជនជាតិថៃកាត់វៀតណាម បានដើរទិញរបស់របរ និងម្ហូបអាហារសម្រាប់សែនដូនតារបស់ពួកគេតាមប្រពៃណីចិន ។ លើសពីនេះ ពិធីបុណ្យចូលឆ្នាំចិនក៏បានធ្វើឱ្យកសិករដាំផ្កាស្បៃរឿងនៅស្រុកមឿង ខេត្តម៉ុកដាហាន រកចំណូលបានច្រើនផងដែរក្នុង១ថ្ងៃៗ ។
ស្បៃរឿង ត្រូវបានជនជាតិថៃចាត់ទុកថា គឺជាផ្កានាំមកនូវសិរីសួស្តីដល់ក្រុមគ្រួសារ និងអាជីវកម្ម ។ ហេតុនេះ ជនជាតិថៃតែងយកដើមផ្កាស្បៃរឿងទៅតុបតែងតាមលំនៅឋាន, ហាងលក់ដូរ និងភោជនីយដ្ឋាន ដោយសារពួកគេមានជំនឿថា ផ្កានេះតំណាងឱ្យភាពរីកចម្រើននៅក្នុងក្រុមគ្រួសារ ឬការលក់ដូរ ។
អ្នកស្រី សុរ៉ាង បុណខាន់ ជាកសិករដាំផ្កាស្បៃរឿង នៅភូមិស៊ូនម៉ៃ ឃុំម៉ុកដាហាន ដែលជាតំបន់ដាំផ្កាស្បៃរឿងដ៏ធំជាងគេបានរៀបរាប់ថា អ្នកស្រី និងស្វាមី បានចាប់យកមុខរបរដាំផ្កាស្បៃរឿង អស់រយៈពេលជាង២០ឆ្នាំហើយ ។ អ្នកស្រីបានដាំផ្កាស្បៃរឿងនៅខាងក្រោយផ្ទះ ដែលមានផ្ទៃដីមិនដល់១ហិកតាទេ ហើយត្រូវចំណាយពេល៧០ថ្ងៃ ទើបវាចេញផ្កាអាចកាត់លក់បាន ។
កសិកររូបនេះបន្តថា បើអាកាសធាតុកាន់តែត្រជាក់នឹងធ្វើឱ្យដំណាំស្បៃរឿងដុះលូតលាស់បានលឿន និងចេញផ្កាស្អាតៗ ។ អ្នកស្រីបានដាំផ្កាស្បៃរឿង ប្រមាណ២.៥០០ដើម ហើយដើមនីមួយៗចេញផ្កាច្រើនគួរសម គឺចាប់ពី៨ផ្កា ទៅ១០ផ្កា ។ ហេតុនេះ វាចេញផ្កាច្រើនល្មមឱ្យអ្នកស្រីប្រមូលផ្កាលក់ក្នុងពិធីបុណ្យចូលឆ្នាំចិន ព្រោះមានអតិថិជនត្រូវការច្រើន ។
កសិករដដែលបញ្ជាក់ថា ផ្កាស្បៃរឿងដាំក្នុងផើង គឺមានក្រុមអាជីវករ, ពលរដ្ឋទូទៅ និងម្ចាស់អាជីវកម្មផ្សេងៗនាំគ្នាមកជ្រើសរើសទិញជាច្រើននាក់ ។ អ្នកស្រីបានលក់ក្នុងតម្លៃពី៣០បាត ទៅ៥០បាត សម្រាប់ផ្កាស្បៃរឿង១ផើង ហើយវាអាស្រ័យលើទំហំផ្កាតូច-ធំផងដែរ ។ បើតម្លៃលក់ដុំវិញ អ្នកស្រីបានលក់ក្នុងតម្លៃ១០០បាត សម្រាប់ផ្កាស្បៃរឿង ៣ផើង ។ ហេតុនេះ អ្នកស្រីមានប្រាក់បង្វិលពី១ម៉ឺនបាត ទៅ១ម៉ឺន៣ពាន់បាត ជារៀងរាល់ថ្ងៃ ដោយសារមុខរបរលក់ផ្កាស្បៃរឿង ៕










