នៅយប់ថ្ងៃទី៤ ខែកុម្ភៈ វគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីប្រកួត Miss Tiffany’s Universe លើកទី២៥ បានប្រព្រឹត្តទៅនៅទីក្រុងបាងកក ដោយមានការចូលរួមពីបេក្ខនារីចំនួន ៣០ នាក់ រកឃើញម្ចាស់មកុដហើយគឺបានទៅលើ Saruda Panyakham មកពីឈៀងម៉ៃ។ អ្វីដែលធ្វើឱ្យមហាជនទប់សំណើចមិនបាននោះគឺសកម្មភាពរបស់នាងនៅពេលដែលកម្មវិធីប្រកួតប្រកាសថានាងគឺជាម្ចាស់មកុដ។

សកម្មភាពរបស់ Saruda បានធ្វើឱ្យទស្សនិកជន និងបេក្ខនារីផ្សេងទៀតសើចឡើងហូរទឹកភ្នែកជាមួយនឹងការអបអរដ៏ពិសេសមួយ ។ ក្រោយដឹងលទ្ធផលចុងក្រោយថាខ្លួនឈ្នះ Saruda ទប់អារម្មណ៍មិនបានក៏ដួល និងដាល់ដីដើម្បីអបអរជ័យជម្នះរបស់ខ្លួន ។ នាងស្រក់ទឹកភ្នែក ហើយលើកដៃអរគុណម្តងហើយម្តងទៀត។ វាត្រូវចំណាយពេលបន្តិចសម្រាប់ Saruda ដើម្បីមានភាពស្ងប់ស្ងាត់ឡើងវិញ ហើយក្រោកឈរឡើងដើម្បីទទួលមកុដ។ ការប្រកួតឆ្នាំនេះធ្វើឡើងក្រោមប្រធានបទ «អនាគតគឺជារបស់អ្នក ពិភពលោកថ្មីដែលអ្នកកំណត់»។ ក្នុងរយៈពេលពីរខែចុងក្រោយនេះ បេក្ខនារីទទួលបានមេរៀនជាច្រើន ដើម្បីពង្រឹងសមត្ថភាពរបស់ពួកគេ និងឆ្លងកាត់ដំណើរការជ្រើសរើសដ៏លំបាកមួយ។

គួរបញ្ជាក់ថា Saruda Panyakham មានអាយុ ២៨ ឆ្នាំ កម្ពស់ ១.៧៨ ម៉ែត្រ ហើយបច្ចុប្បន្នជា ស្រ្តីកែភេទដំបូងគេដែលត្រូវបានគេទទួលធ្វើជាអ្នកបម្រើការលើយន្តហោះនៅ American Airlines ហើយនាងនឹងតំណាងឱ្យប្រទេសថៃក្នុងការប្រកួត Miss International Queen 2024 នៅទីក្រុង Pattaya ។ ក្រៅពីអាជីពបម្រើការងារនៅយន្តហោះនេះ Saruda ធ្វើជាតារាបង្ហាញម៉ូតផងដែរ ដោយនាងបានលេចមុខលើវិថីសិល្បៈធំៗក្នុងនិងក្រៅប្រទេសជាច្រើន៕