នាពេលបច្ចុប្បន្ននេះ ការធ្វើដំណើរតាមជើងហោះហើរជាធម្មតាពីទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) ទៅកាន់ ទីក្រុងប៉េកាំង (ប្រទេសចិន) គឺត្រូវចំណាយពេលរហូតដល ១៨ ម៉ោងឯណ្ណោះ។
ប៉ុន្តែកាលពីកន្លងទៅនេះ ប្រទេសចិនបាននឹងកំពុងព្យាយាមបង្កើតយាន្តអវកាសបែបថ្មីមួយទៀត ពោលគឺយន្តហោះល្បឿនលឿន ដែលអាចដឹកជញ្ជូនមនុស្សម្នាទៅកាន់ជុំវិញពិភពលោក កាន់តែមានប្រសិទ្ធភាព បង្កនូវភាពងាយស្រួល ក៏ដូចជាចំណេញពេលវេលាច្រើន។
កាលពីឆ្នាំ ២០២២ ក្រុមហ៊ុនចិនបានប្រកាសថាខ្លួនកំពុងអភិវឌ្ឍ “រ៉ុក្កែតមានស្លាប” ពោលគឺយន្តហោះល្បឿនលឿននេះ ដើម្បីផ្លាស់ប្តូរឧស្សាហកម្មអាកាសចរណ៍នាយុគមនុស្សសម័យថ្មី។ យន្តហោះនេះគឺត្រូវបានរចនាឡើងយ៉ាងពិសេសសម្រាប់ទេសចរណ៍អវកាសដែលនឹងផ្តល់ពេលវេលាធ្វើដំណើរដែលមិនធ្លាប់មានពីមុនមកនៅទូទាំងពិភពលោក។
ក្រុមហ៊ុនអវកាសចិនមួយនេះបានអួតថា យន្តហោះថ្មីខ្លួនប្រភេទ supersonic នឹងធ្វើដំណើរក្នុងល្បឿន ៤២០០ គីឡូម៉ែត្រក្នុងមួយម៉ោង ដែលលឿនជាងប្រភេទយន្តហោះល្បឿនលឿន Iconic Concorde រហូតដល់ទៅ២ដង។
អ្នកនាំពាក្យក្រុមហ៊ុនបាននិយាយថា “យើងកំពុងអភិវឌ្ឍរ៉ុក្កែតស្លាបឬយន្តហោះល្បឿនលឿនបំផុត សម្រាប់ការដឹកជញ្ជូនអ្នកដំណើរពីគោលដៅមួយទៅគោលដៅមួយទៀតបានយ៉ាងមានប្រសិទ្ធភាព ហើយពិសេសជាងនេះទៀតនោះគឺវាម្លៃទាបជាងរ៉ុក្កែតផ្កាយរណប។ រីឯល្បឿនវិញគឺលឿនជាងយន្តហោះធម្មតាបច្ចុប្បន្ននេះច្រើនដងណាស់។
គួរបញ្ជាក់ថា ការហោះសាកល្បងរបស់យន្តហោះល្បឿនលឿនប្រភេទថ្មីនេះត្រូវបានប្រកាសកាលឆ្នាំ ២០២២ ហើយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៤នេះ។ ប្រសិនបើជោគជ័យ ការហោះសាកល្បងរបស់នាវិកនឹងធ្វើឡើងនៅឆ្នាំ ២០២៥ ផងដែរ។










