ប្រជាកសិកររស់នៅភូមិគោតែក នៅតាមបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ត្រូវបង្ខំចិត្តទិញទឹកពីប្រទេសវៀតណាម ដើម្បីបូមដាក់ស្រែ ក្នុងការធ្វើស្រូវប្រាំង នេះបើយោងតាមព័ត៌មានក្នុងស្រុកមួយបានចេញផ្សាយ។
ពលរដ្ឋនៅចំណុចច្រករបៀងព្រំដែនគោកតែក ស្ថិតនៅភូមិគោកតែក ឃុំចន្ទ្រា ស្រុកចន្ទ្រាលើកឡើងថា នៅខែប្រាំង នៅតំបន់គោកតែក គឺខ្វះប្រភពទឹក ហើយប្រឡាយគោកអស់ទឹក ដូច្នេះត្រូវទិញទឹកពីប្រទេសវៀតណាម។
ពលរដ្ឋខ្លះលើកឡើងថា៖” ការទិញទឹកពីប្រទេសវៀណាម ក្នុង១ហិកតា ជាមធ្យមតម្លៃ១លាន៥សែនដុង ស្មើលុយខ្មែរជាង២០ម៉ឺនរៀល ដោយគិតចាប់ផ្តើមពីពេល ភ្ជួររាស់ ព្រោះស្រូវ រហូតទទួលផលច្រូតកាត់ ដូច្នេះ២ដង ត្រូវចំណាយប្រាក់ ៥០ម៉ឺនរៀល”។
ពលរដ្ឋបានសង្កត់ធ្ងន់ថា៖” ការទិញទឹកពីប្រទេសវៀតណាមយកមកធ្វើស្រែនេះ គឺទិញរាល់ឆ្នាំ ដោយយើងខ្វះប្រព័ន្ធធារាសាស្ត្រ មានប្រឡាយ ក៏ប៉ុន្តែខែប្រាំងរីងទឹកអស់ពីប្រឡាយ”។
ទោះបីជាយ៉ាងណាក៏ដោយ ប្រជាកសិកររស់នៅជិតព្រំដែន ហាក់នៅមានសំណាងបន្តិចដែរ ដែលអាចទិញទឹកពីប្រទេសវៀតណាម ធូរថ្លៃអាចទទួលយកបាន ហើយស្រូវមានតម្លៃខ្ពស់ លក់ឱ្យវៀតណាម ក្នុង១គីឡូក្រាម តម្លៃ១,៣០០រៀល ប្រាក់ខ្មែរ អាចផ្គត់ផ្គង់ជីវភាពបានល្អប្រសើរ៕











