ប្រទេសថៃ ៖ លោក Somchai Poolsawat នាយកសមាគមកីឡាប្រដាល់សេរីប្រទេសថៃសង្ឃឹមថា នឹងអាចជំរុញឱ្យកីឡាករ ប៊ួ ខាវ ក្លាយជាអាយដល ដើម្បីលើកទឹកចិត្ត, ទាក់ទាញយុវជនថៃ និងពលរដ្ឋទូទៅមកហាត់ប្រដាល់បន្ថែមទៀត ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានថៃឈ្មោះ Mono កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ ។

សមាគមកីឡាប្រដាល់សេរីប្រទេសថៃ ដែលស្ថិតនៅក្រោមការដឹកនាំរបស់លោក Somchai Poolsawat ដែលលោកជាអតីតប្រធានផ្នែកអភិវឌ្ឍន៍បច្ចេកទេសប្រដាល់អន្តរជាតិ បានរៀបចំការប្រជុំប្រចាំឆ្នាំជាលើកដំបូង ក្រោយពីលោកទទួលបានតំណែងជាផ្លូវការ ដោយមានគណៈកម្មការគ្រប់គ្រងភាគច្រើនមកពីក្រុមការងារដំបូង ដែលដឹកនាំដោយកីឡាករ ប៊ួ ខាវ ជាអនុប្រធានសមាគម ។

លោក Somchai Poolsawat បានកំណត់គោលដៅអភិវឌ្ឍន៍កីឡាប្រដាល់សេរីគ្រប់ទម្រង់ ដូចជា ៖ ការបន្ថែមចំនួនកីឡាករ, ការបណ្តុះបណ្តាលអាជ្ញាកណ្តាល និងរៀបចំការប្រកួត ដោយការរៀបចំផែនការសំខាន់ គឺរួមបញ្ចូលកីឡាប្រដាល់សេរីដើម្បីប្រកួតប្រជែងកីឡាក្នុងប្រទេសថៃឱ្យបានច្រើនបំផុត ។ លោកបញ្ជាក់ថា ចំណុចសំខាន់ យើងត្រូវតែជំរុញកីឡាករ ប៊ួ ខាវ ឱ្យក្លាយជាអាយដលគំរូ ដើម្បីលើកទឹកចិត្ត និងទាក់ទាញយុវជនថៃឱ្យចាប់អារម្មណ៍ និងងាកមកហាត់កីឡាប្រដាល់កាន់តែច្រើន ។Buakaw Banchamek | Record, Net Worth, Weight, Age - Biography

ទោះយ៉ាងណា កីឡាករ ប៊ួ ខាវ មិនអាចធ្វើដំណើរមកចូលរួមប្រជុំបានទេ ដោយសារកំពុងហ្វឹកហាត់ត្រៀមខ្លួនប្រកួតជាមួយកីឡាករហ្វីលីពីន Manny Pacquiao ដែលជាអតីតជើងឯកពិភពលោក ។ កីឡាករទាំង២រូបនឹងឡើងប្រកួតនៅទីក្រុងថងថានី នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ ដែលជាការប្រកួតប្រដាល់អន្តរជាតិ ស្មើនឹង៦តឹក, ១តឹក ស្មើ៣នាទី និងសម្រាក២នាទី ៕