ភ្នាក់ងារស្រាវជ្រាវជំងឺមហារីកអន្តរជាតិ IARC (International Agency for Research on Cancer) ដែលជាភ្នាក់ងារសិក្សាជំងឺមហារីករបស់អង្គការសុខភាពពិភពលោក (WHO) ប៉ាន់ស្មានថា នឹងមានអ្នកជំងឺមហារីកកើនឡើងរហូតដល់ជាង៣៥លាននាក់ នៅឆ្នាំ២០៥០ ឬរយៈពេល២៦ឆ្នាំទៀត ។ តួលេខនេះស្មើប្រមាណ៧៧% បើធៀបនឹងស្ថិតិនៅឆ្នាំ២០២២ ដែលមានអ្នកជំងឺមហារីកប្រមាណ២០លាននាក់ ។
វេជ្ជបណ្ឌិតម្នាក់ឈ្មោះ Freddie Bray ជាប្រធាននាយកដ្ឋានតាមដានជំងឺមហារីករបស់ភ្នាក់ងារស្រាវជ្រាវជំងឺមហារីកអន្តរជាតិ (IARC) និយាយថា ៖ «តួលេខប៉ាន់ស្មានចុងក្រោយនេះ បានបញ្ជាក់ពីកម្រិតជំងឺមហារីកនាពេលបច្ចុប្បន្ន និងការលំបាកនឹងកើតមានឡើងនាថ្ងៃអនាគត» ។
ភ្នាក់ងារស្រាវជ្រាវជំងឺមហារីកអន្តរជាតិ (IARC) បញ្ជាក់ថា កត្តាសំខាន់នៅពីក្រោយដែលបណ្តាលឱ្យជំងឺមហារីកកើនឡើងយ៉ាងខ្លាំងបែបនេះ រួមមាន ៖ ការជក់បារី, ការផឹកគ្រឿងស្រវឹង, ជំងឺធាត់ និងបញ្ហាការបំពុលបរិយាកាស ។ ពលរដ្ឋរស់នៅលើពិភពលោក ម្នាក់ក្នុងចំណោម៥នាក់ នឹងកើតជំងឺមហារីកយ៉ាងហោចណាស់ម្តងក្នុងជីវិតពួកគេ ។ ជាមួយគ្នានេះ មនុស្សប្រុសម្នាក់ ក្នុងចំណោម៩នាក់ និងមនុស្សស្រីម្នាក់ ក្នុងចំណោម១២នាក់ នឹងស្លាប់ដោយសារជំងឺមហារីក ។
ក្រៅពីនេះ តួលេខប៉ាន់ស្មាននេះបានមកពីទិន្នន័យជំងឺមហារីកនៅទូទាំងពិភពលោក ក្នុងប្រទេសចំនួន១៨៥ និងជំងឺមហារីកចំនួន៣៦ប្រភេទ បង្ហាញថា ចំនួនអ្នកស្លាប់ដោយសារជំងឺមហារីកនៅឆ្នាំ២០២២ គឺស្មើប្រមាណ៩លាន៧សែននាក់ ។ អ្វីគួរឱ្យបារម្ភខ្លាំងបំផុត គឺផលប៉ះពាល់ដោយសារកំណើនជំងឺមហារីក នឹងបង្ហាញពីវិសមភាពរបស់ពលរដ្ឋរស់នៅតាមប្រទេសផ្សេងៗ ។
នៅប្រទេសមានប្រាក់ចំណូលខ្ពស់ នឹងមានអ្នកជំងឺមហារីកថ្មីកើនឡើងដល់៤លាន៨សែននាក់ នៅឆ្នាំ២០៥០ ប៉ុន្តែនៅប្រទេសមានប្រាក់ចំណូលតិច នឹងមានអ្នកជំងឺមហារីកច្រើនបំផុត ហើយប្រទេសទាំងនេះត្រូវទទួលបន្ទុកព្យាបាលជំងឺមហារីកកើនឡើងទ្វេដង ។ ជំងឺមហារីកដែលគេបានពិនិត្យឃើញច្រើនបំផុត គឺមហារីកសួត ហើយស្ត្រីកើតជំងឺមហារីកសុដន់ច្រើនបំផុត ។
ភ្នាក់ងារស្រាវជ្រាវជំងឺមហារីកអន្តរជាតិ (IARC) បានរកឃើញសមាមាត្រនៃជំងឺមហារីកផ្សេងទៀតកើនឡើងដូចគ្នាដែរ ដែលបណ្តាលមកពីការរស់នៅផ្លាស់ប្តូរនាពេលបច្ចុប្បន្ន ។ ជាក់ស្តែង ជំងឺមហារីកពោះវៀនធំបានកើតឡើងច្រើនបំផុតក្នុងលំដាប់ទី៣ នៅលើពិភពលោក និងមានអ្នកស្លាប់ស្ថិតក្នុងលំដាប់ទី២ លើពិភពលោក ។ កត្តាដែលបណ្តាលឱ្យកើតជំងឺមហារីកពោះវៀនធំ គឺបណ្តាលមកពីការរស់នៅរបស់មនុស្សនាពេលបច្ចុប្បន្ន ដូចជា ៖ ការជក់បារី, ផឹកស្រា និងជំងឺធាត់ ។
វេជ្ជបណ្ឌិត Freddie Bray បញ្ជាក់ថា យើងគួរតែចាប់ផ្តើមវិនិយោគបន្ថែមទៀតសម្រាប់ការធ្វើរោគវិនិច្ឆ័យដំបូង និងបច្ចេកវិទ្យាត្រួតពិនិត្យផ្សេងៗ ដែលដូចគ្នានឹងការវិនិយោគលើថ្នាំបង្ការជំងឺមហារីក ដើម្បីកាត់បន្ថយហានិភ័យដែលនឹងកើតឡើងនាថ្ងៃអនាគត ៕










