ប្រទេសបូលីវី ៖ អ្នកជំនាញគីមីម្នាក់រស់នៅប្រទេសបូលីវី (Bolivia គឺជាប្រទេសស្ថិតនៅអាមេរិកខាងត្បូង) បានផលិតសាប៊ូពីខ្លាញ់ដែលចម្អិនអាហាររួចនៅតាមផ្ទះបាយ នៅទីក្រុងឡាប៉ាស ។ នេះជាវិធីមួយផ្សេងទៀតក្នុងការកម្ចាត់ខ្លាញ់ប្រើប្រាស់រួច និងកាត់បន្ថយការចោលកាកសំណល់អាហារ ដោយយកកាកសំណល់ទាំងនេះមកធ្វើជាផលិតផលថ្មីសម្រាប់ប្រើប្រាស់ជាប្រយោជន៍បានច្រើនជាងមុន ។
អ្នកនាង Silveria Cutipa Pari ជាអ្នកគីមីវិទ្យា និងមានគំនិតច្នៃប្រឌិតនេះនិយាយថា នាងទទួលបានគំនិតនេះដំបូង គឺនៅពេលនាងបានសិក្សាមុខវិជ្ជាគីមី និងបង្កើតគម្រោងមួយក្នុងសាកលវិទ្យាល័យ ។ ពេលនោះ នាងបានរៀនសូត្រថា ខ្លាញ់ប្រើប្រាស់រួចហើយ គឺជាកាកសំណល់មួយប្រភេទដែលអាចបំពុលបរិស្ថានយ៉ាងខ្លាំង បើកម្ចាត់វាមិនបានត្រឹមត្រូវទេនោះ ។
ហេតុនេះ នាងក៏ចាប់ផ្តើមរកវិធីផ្លាស់ប្តូរខ្លាញ់ចម្អិនអាហាររួចហើយឱ្យក្លាយទៅជាសាប៊ូ តាំងពីឆ្នាំ២០១៤ ហើយនាងបានបង្កើតក្រុមហ៊ុនមួយឈ្មោះថា «Suma Qhana Soaps Krolla» មានន័យថា ជាសាប៊ូផលិតពីរុក្ខជាតិឱសថ តាមភាសា Aymara ។ វាជាភាសាមួយក្នុងចំណោមភាសាដែលពលរដ្ឋរស់នៅប្រទេសបូលីវី និយមប្រើប្រាស់ ។
អ្នកនាង Silveria Cutipa Pari បញ្ជាក់ថា ផលិតផលរបស់ក្រុមហ៊ុនមានដូចជា ៖ សាប៊ូម្សៅបោកគក់សម្លៀកបំពាក់, សាប៊ូលាងដៃ និងសាប៊ូងូតទឹក ។ សាប៊ូទាំងនេះជាមិត្តជាមួយបរិស្ថាន ហើយវាមិនបង្កគ្រោះថ្នាក់ដល់ប្រភពទឹកទេ បើធៀបនឹងក្រុមហ៊ុនធំៗ ឬឧស្សាហកម្មផ្សេងទៀត ដែលផលិតម្សៅសាប៊ូដោយប្រើប្រាស់នូវសារធាតុគីមី និងពណ៌ដើម្បីបង្កើនបរិមាណខ្ពស់ ។ ដូច្នេះ វានឹងបំផ្លាញប្រព័ន្ធអេកូឡូស៊ី និងប្រភពទឹកក្នុងសហគមន៍ ។
ទោះយ៉ាងណា នាងពុំបានបញ្ជាក់ពីដំណើរការផលិតសាប៊ូពីកាកសំណល់ខ្លាញ់របស់ក្រុមហ៊ុននាងទេ ប៉ុន្តែការច្នៃប្រឌិតបែបនេះមិនមែនជារឿងថ្មីទេ ព្រោះគេធ្លាប់បានឃើញការផលិតសាប៊ូពីខ្លាញ់ប្រើប្រាស់រួចយកមកផ្សំជាមួយសារធាតុ Sodium Hydroxide និងម្សៅពោត ។ រីឯការផលិតសាប៊ូអាចខុសៗគ្នាអាស្រ័យលើរូបមន្តរបស់អ្នកផលិត ប៉ុន្តែចំណុចសំខាន់ ការផលិតសាប៊ូ គួរតែធ្វើឡើងដោយអ្នកមានជំនាញ និងត្រូវប្រុងប្រយ័ត្នយ៉ាងខ្លាំង ។
អ្នកនាង Silveria Cutipa Pari យល់ឃើញថា ការផលិតសាប៊ូពីខ្លាញ់សល់ពីការចម្អិនអាហារបែបនេះ នឹងជួយដល់ប្រព័ន្ធអេកូឡូស៊ីកាន់តែខ្លាំងឡើងសម្រាប់អតិថិជន រួមទាំងសង្គមផងដែរ ។ អតិថិជនអាចប្រើប្រាស់ផលិតផលពីធម្មជាតិ និងលើកកម្ពស់ការយល់ដឹងពាក់ព័ន្ធនឹងការគ្រប់គ្រងបរិស្ថាន ៕










