ទីបំផុតតារាសម្តែង ព្រះកាយច័ន្ទ ដែលតាំងចិត្តដណ្តើមជ័យលាភីក្នុងការប្រកួត Miss Grand ទទួលបានផ្លែផ្កាជំហ៊ានដំបូងហើយក្នុងការក្លាយជាម្ចាស់ជ័យលាភី Miss Grand Cambodia Phonm Penh បន្ទាប់ពីផ្តល់ចម្លើយយ៉ាងមោះមុតនៅក្នុងវគ្គសំណួរចម្លើយ។ ជំហ៊ានបន្ទាប់របស់ព្រះកាយច័ន្ទ ត្រូវធ្វើយ៉ាងណាដណ្តើមមកុដ Miss Grand Cambodia 2024 ឱ្យបានទើបមានសិទ្ធិចេញទៅប្រកួតនៅលើឆាកអន្តរជាតិតំណាងឱ្យស្រ្តីខ្មែរទូទាំងប្រទេសតាមការតាំងចិត្តរបស់នាង។
នៅយប់ថ្ងៃទី២ កុម្ភៈ ឆ្នាំ២០២៤ វគ្គផ្តាច់ព្រ័ត្រនៃការប្រកួត Miss Grand PHNOM PENH បានរកឃើញម្ចាស់មកុដហើយដោយបានទៅលើបេក្ខនារី ព្រះកាយច័ន្ទ តំណាងឱ្យខណ្ឌទួលគោកក្នុងចំណោមបេក្ខនារីសរុបចំនួន១៤នាក់។ នៅក្នុងការប្រកួតនេះ ព្រះកាយចន្ទ រួមទាំងបេក្ខនារីផ្សេងទៀតសុទ្ធតែខិតខំអស់ពីកម្លាំងកាយចិត្តដើម្បីដណ្តើមជ័យលាភីមួយនេះ ទោះបីជាបេក្ខនារីផ្សេងទៀតមិនបានឈ្នះក្នុងការប្រកួតក៏ដោយ។
កត្តាដែលជំរុញឱ្យ ព្រះកាយច័ន្ទ បានគ្រងមកុដតំណាងឱ្យ Miss Grand PHNOM PENH នេះនៅក្នុងវគ្គសំណួរចម្លើយរូបនាងបានផ្តល់ចម្លើយយ៉ាងមោះមុតដែលធ្វើឱ្យមានសំឡេងស្រែកកងរំពងពេញកម្មវិធី។ កញ្ញា ព្រះកាយច័ន្ទ បានផ្តល់ចម្លើយថា «ប្រសិនបើនាងអាចឈ្នះមកុដក្នុងរាត្រីនេះហើយអាចបន្តដំណើរទៅកាន់ Miss Grand Cambodia 2024 នាងនឹងបញ្ជាក់ទៅកាន់លោកស្រី អ៊ឹម សុគន្ធា បានឃើញឱ្យកាន់តែច្បាស់ថា ព្រះកាយច័ន្ទ គឺពិតជាស័ក្តិសមបំផុតក្នុងនាមជា Miss Grand Cambodia 2024 »។
ព្រះកាយច័ន្ទ បន្តទៀតថា រាងកាយដ៏រឹងមាំត្រៀមរួចជាស្រេចជាមួយរូបសម្រស់ដ៏ស្រស់ស្អាតទាំងខាងក្រៅនិងខាងក្នុងរបស់នាង នាងជឿជាក់ថានាងពិតជាអាចធ្វើបានពីព្រោះនាងគឺជាស្រ្តីដែលបានរៀនសូត្រនិងស្វែងយល់ពីសិល្បៈវប្បធម៌ខ្មែរ ក៏ដូចជាបទពិសោធយ៉ាងស្ទាត់ជំនាញនៅលើសិល្បៈទី៧ នាងអាចតំណាងឱ្យស្រ្តីទូទាំងប្រទេសឈរនៅលើឆាកអន្តរជាតិ នាំមកនូវមោទនភាពជូនប្រទេសកម្ពុជា»។ ទន្ទឹមនឹងជាម្ចាស់ជ័យលាភីនេះ ព្រះកាយច័ន្ទ ក៏បានឈ្នះឈុតរាត្រីស្រមោលសស្អាតដាច់គេផងដែរ(Best In Evening Gown)។
គួរបញ្ជាក់ថា ការឈ្នះរបស់ ព្រះកាយច័ន្ទ នេះគឺតំណាងឱ្យ រាជធានីភ្នំពេញ ដូច្នេះម្ចាស់ជ័យលាភី Miss Grand PHNOM PENH ត្រូវចូលរួមប្រកួតជាមួយម្ចាស់ជ័យលាភីខេត្តផ្សេងៗទៀតក្នុងដំណើរឆ្ពោះទៅរកម្ចាស់មកុដ Miss Grand Cambodia 2024 ទើបមានឱកាសចេញទៅប្រកួតតំណាងប្រទេសលើឆាកអន្តរជាតិដែលនឹងរៀបចំឡើងនៅប្រទេសមីយ៉ាន់ម៉ា៕










