បរទេស៖ ស្ត្រីជនជាតិទួរគីម្នាក់បានដាក់ពាក្យប្តឹងលែងលះប្តី មូលហេតុគឺដោយសារប្តីកខ្វក់ពេក មិនដែលងូតទឹក ៧-១០ ថ្ងៃជាប់គ្នា និងដុសធ្មេញតែម្តងក្នុងមួយសប្តាហ៍ ធ្វើឱ្យនាងមិនអាចទ្រាំនឹងក្លិនស្អុយបានឡើយ។
កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ យោងតាមគេហទំព័រ Audicity Central បានរាយការណ៍អំពីរឿងរ៉ាវដែលបានកើតឡើងនៅក្នុងប្រទេសទួរគី បន្ទាប់ពីប្រពន្ធបានប្តឹងទៅតុលាការក្រុងដើម្បីសុំលែងលះប្តី ដោយផ្តល់ហេតុផលថាប្តីកខ្វក់ពេក។ ប្រពន្ធបាននិយាយដូច្នេះថា ប្តីពាក់អាវដដែលៗ ៥ ថ្ងៃមកហើយ មិនងូតទឹក ៧-១០ ថ្ងៃជាប់ៗគ្នា ហើយក្នុង ១ ឬ ២ អាទិត្យដុសធ្មេញតែម្តងទេ បណ្តាលឱ្យធុំក្លិនស្អុយខ្លាំងពេក ទ្រាំលែងបានទើបសម្រេចចិត្តទៅតុលាការដើម្បីសុំលែងលះប្តី។
បន្ទាប់មក តុលាការក៏បានកោះហៅអ្នកស្គាល់គ្នា ហើយសហការីរបស់ប្តីនាងក៏បានមកផ្តល់សក្ខីកម្មនៅតុលាការ ដោយអ្នករាល់គ្នាបាននិយាយដូចគ្នាអំពីបញ្ហាខ្វះអនាម័យរបស់ស្វាមីនាង។ មិត្តរួមការងារម្នាក់របស់បុរសស្វាមីនោះបាននិយាយនៅក្នុងតុលាការថាក្លិនខ្លួនរបស់បុរសនេះគឺអាក្រក់ខ្លាំងណាស់ ហើយរាល់ពេលដែលយើងធ្វើការជាមួយគ្នា គាត់មានអារម្មណ៍ថាគាត់មិនអាចបន្តនៅក្បែរបុរសដែលជាស្វាមីនាងបានឡើយ។
ទោះបីជាហេតុផលនៃការដាក់ពាក្យសុំលែងលះអាចស្តាប់ទៅចម្លែកក៏ដោយ ប៉ុន្តែយោងទៅតាមច្បាប់ទួរគី តុលាការទទួលស្គាល់ហេតុផលពីរសម្រាប់ការស្នើសុំលែងលះ។ ក្រុមទីមួយគឺជាហេតុផលទូទៅ ហើយក្រុមទីពីរគឺជាហេតុផលពិសេស។ បញ្ហាខ្វះអនាម័យរបស់ស្វាមីធ្លាក់ចូលទៅក្នុងប្រភេទពិសេស ហើយតុលាការបានទទួលយកពាក្យបណ្ដឹងលើកនេះ។ នៅទីបំផុត តុលាការក៏បានសម្រេចឱ្យប្រពន្ធលែងលះប្តី ហើយបានបង្គាប់ឱ្យបុរសដែលជាអតីតស្វាមីនោះប្រគល់ប្រាក់ជាង ១៦,០០០ ដុល្លារអាមេរិកជាសំណង។
គួរបញ្ជាក់ដែរថា នេះមិនមែនជាលើកទីមួយទេដែលការលែងលះត្រូវបានគេប្តឹងជុំវិញបញ្ហាក្លិនខ្លួន និងខ្វះអនាម័យ។ កាលពីឆ្នាំ ២០១៨ បុរសតៃវ៉ាន់ម្នាក់បានប្តឹងលែងលះប្រពន្ធ ដោយសារប្រពន្ធងូតទឹកបានតែម្តងក្នុងមួយឆ្នាំ រីឯករណីមួយទៀតយុវជនឥណ្ឌាម្នាក់ក៏បានសុំលែងលះប្រពន្ធផងដែរ ព្រោះនាងមិនងូតទឹករាល់ថ្ងៃ៕










