នៅក្នុងឱកាស សម្តេចមហាបវរធិបតី អញ្ជើញប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤” នៅព្រឹកថ្ងៃពុធ ទី៣១ ខែមករា ឆ្នាំ២០២៤ នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសបិទទីលានជួលបាញ់កាំភ្លើងឯកជននៅទូទាំងខេត្តព្រះសីហនុ និងហាមបើកក្លិបបាញ់កាំភ្លើងឯកជនថ្មីទូទាំងប្រទេស។
សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា៖” ឥឡូវខ្ញុំថា ទេសចរណ៍មកខេត្តព្រះសីហនុ មិនបាច់មករៀនបាញ់កាំភ្លើងទេ ដើរមើលកោះល្អជាង អ៊ីចឹងសុំឱ្យបិទ តែម្ដង ហើយមិនឱ្យបើកថ្មីទេ! រឿងបាញ់កាំភ្លើងក្លិបឯកជន មិនបាច់ទេ។ ក្លិបឯកជន បើបើក ត្រូវមានសិទ្ធិទិញកាំភ្លើង ទិញគ្រាប់ ហើយយកទៅណា មកពីណា? មិនបាច់តែហ្មងទៅ មកខេត្តព្រះសីហនុដើរលេងកោះទៅ កុំបាញ់កាំភ្លើង! ទប់កន្លែងហ្នឹងតែម្ដង”។
សូមបញ្ជាក់ថា នៅខេត្តព្រះសីហនុមានទីតាំងបាញ់កាំភ្លើងឯកជន២កន្លែង ដែលកំពុងដំណើរការនាពេលបច្ចុប្បន្ននេះ៕










