នៅរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ ស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានជូនដំណឹងជាសាធារណៈដល់ម្ចាស់រថយន្ដ Ford មួយគ្រឿង ពណ៌ស ពាក់ផ្លាកលេខ “កម្ពុជា-MENGPECH” ដើម្បីចូលខ្លួន មកដោះស្រាយតាមផ្លូវច្បាប់ នៅក្នុងករណីបុកស្លាប់មនុស្ស២នាក់។
ហេតុការណ៍នេះ កើតឡើងកាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ ដោយអ្នកបើកឡាន Ford ពណ៌ស បុកមនុស្សស្លាប់ ២នាក់ នៅស្រុកដងទង់ ខេត្តកំពត រួចក៏បានគេចខ្លួនចេញពីកន្លែងកើតហេតុ។
ជុំវិញករណីនេះ លោកស្នងការបានកំណត់ឱ្យម្ចាស់រថយន្ដបង្កនេះ ត្រូវចូលខ្លួន មកដោះស្រាយតាមផ្លូវច្បាប់ នៅស្នងការដ្ឋាននគរបាល ខេត្តកំពត នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤។
យោងតាមឯកសារ ម្ចាស់ឡាន Ford នេះ មានឈ្មោះ ផល្លា ស៊ីម៉េង រស់នៅភូមិ៤ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល៕











