នាពេលថ្មីៗនេះលោក អ៊ិន សុភិន បានផ្តល់កិច្ចសម្ភាសទៅកាន់សារព័ត៌មានមួយដោយលោកបានឡើងពីកម្មវិធី Miss Grand Cambodia គឺលោកជាអ្នកគ្រវាត់ចោលលែងរៀបចំកម្មវិធីនេះដោយខ្លួនឯងមិនមែនលោក ណាវ៉ាត់ ដកសិទ្ធិលែងឱ្យគ្រប់គ្រងឡើយ។ ជុំវិញពាក្យសម្តីនេះលោកស្រី អ៊ឹម សុគន្ធា អ្នករៀបចំកម្មវិធីថ្មីរបស់ Miss Grand Cambodia មិនអាចទ្រាំបានក៏លើកឡើងពីបញ្ហាចាស់ដែលលោក អ៊ិន សុភិន ធ្វើកម្មវិធីរហូតមានបញ្ហាដល់ក្រសួង។
ឈានចូលថ្ងៃទី២៥ មករា នៅលើបណ្តាញសង្គមរបស់អ្នករៀបចំកម្មវិធី Miss Grand Cambodia លោកស្រី អ៊ឹម សុគន្ធា បាននិយាយទៅកាន់លោក អ៊ិន សុភិន អតីតអ្នករៀបចំកម្មវិធីMiss Grand ថា «ពូអើយពូចេះនិយាយចឹងទៅរួច…? ពូភ្លេចនៅកាលពីកម្មវិធីMiss grand Cambodia 2022 មានរឿងអីខ្លះកើតឡើងនៅពេលដែលពូកំពុងតែកាន់?រហូតមានបញ្ហាដល់ក្រសួង មិនចង់ឱ្យរៀបចំកម្មវិធីនេះបន្តទៀត…»។ លោកស្រី បន្តថា «ខ្ញុំមិនចង់លើករឿងចាស់មកនិយាយទេ ប៉ុន្តែពូចង់ល្បី ទាំងឈប់កាន់រយៈពេលមួយឆ្នាំហើយ…គួរតែនិយាយរឿងល្អៗដែលពូកំពុងតែធ្វើទៅល្អជាង…។ ពូនិយាយតាមត្រង់ខ្ញុំសរសើរពូណាស់ ឃើញថាឥឡូវពូកាន់កម្មវិធីបរវកញ្ញាច្រើនក្នុងដៃ តែពូគួរតែយល់ថាកម្មវិធីមួយៗការរៀបចំស្ដង់ដាខុសៗគ្នា កុំព្យាយាមលើកសរសើរកម្មវិធីពូកំពុងតែកាន់ថាល្អ ហើយបង្អាប់កម្មវិធីដទៃទៀតអីមិនល្អទេ… ពូចូលវិស័យបរវកញ្ញានេះយូរឆ្នាំហើយគួរតែយល់ច្បាស់អ្វីជាអ្វី កុំតែភាពខឹងមួយពេល មកប៉ះពាល់ដល់អ្នកគ្រប់គ្រងបន្ត… »។
ND Miss Grand Cambodia បន្តរៀបរាប់ថា «ខ្ញុំក៏ជាជនជាតិខ្មែរ ពូក៏ជាជនជាតិខ្មែរដូចគ្នា មានឆន្ទៈតែមួយ លើកស្ទួយមុខមាត់សង្គម នាំយកវប្បធម៌ សិល្បៈ ពង្រីងវិស័យទេសចរណ៍កម្ពុជា លើកបង្ហាញអត្តសញ្ញាជាតិលើឆាកអន្តរជាតិ ថាយើងជាជនជាតិខ្មែរ… សុទ្ធតែធ្វើដោយក្ដីស្រលាញ់ដូចគ្នា…មែនអត់ពូ?»។
លោកស្រី អ៊ឹម សុគន្ធា ថា «សំរាប់ខ្ញុំមានគេសួរច្រើនណាស់ថាបងទិញកម្មវិធីនេះធ្វើអី? ចំណេញច្រើនមែន? ចង់និយាយថាដើម្បីបងប្អូនហ្វេនៗដែលស្រលាញ់វិស័យបរវកញ្ញា ហើយកម្មវិធី#Missgrandcambodiaទទលការគ្រាំទ្រពីសំណាក់បងប្អូនមហាជនច្រើន ចឹងក៏បែបចែកពេលវេលាការងារផ្ទាល់ខ្លួនដែលអាចរកប្រាក់ចំណូលបានរាប់ម៉ឺនដុល្លារពីមុខជំនួញជាច្រើនរបស់ខ្ញុំ ចូលខ្លួនមកធ្វើកម្មវិធីMiss grand Cambodia មិនត្រឹមតែពេលវេលាទេត្រូវចំណាយលុយខ្លួនឯងជាច្រើនម៉ឺនបន្ថែមទៀត។ ទោះជាមានSponsor ក៏ដោយមិនស្មើរនឹងពាក់កណ្តាលនៃការចំណាយកម្មវិធីទាំងមូលឡើយ ..ការស្រលាញ់ពេញចិត្តទៅលើកម្មវិធីគឺខុសៗគ្នា កុំលើកឈ្មោះគេមកនិយាយអីពូអត់ល្អទេ បើពូឈប់កាន់ស្ថាប័នគេហើយក៏ស្ងាត់ទៅពូ ទុកមុខរាប់គ្នាទៀតកុំអោយមានបញ្ហា ពីព្រោះទិញសិទ្ធិពីគេមកធ្វើកម្មវិធីដូចតែគ្នាទេ… សំរាប់ខ្ញុំឃើញពូកាន់កម្មវិធីផ្សេងហើយជួយដល់សង្គមច្រើនខ្ញុំក៏សប្បាយចិត្តដោយមិនគិតផងប្រយោជន៍ផ្ទាល់ខ្លួន…»។
ការចេញមកបង្ហោះសារពីអ្នកគ្រប់គ្រងថ្មីដូចនេះបន្ទាប់ពីលោក អ៊ិន សុភិន បានផ្តល់កិច្ចសម្ភាសមួយដោយនិយាយពីឈ្មោះលោក ណាវ៉ាត់ និងបានលើកឡើងថាកម្មវិធី Miss Grand Cambodia គឺលោកជាអ្នកគ្រវាត់ចោលមិនមែនជាការដកសិទ្ធិរៀបចំមិនឱ្យលោកគ្រប់គ្រងឡើយ ដោយលោកបានសម្លឹងឃើញកម្មវិធី Miss Universe វិញតាមការចង់បានរបស់ខ្លួនផ្តោតលើសង្គមច្រើន។
គួរបញ្ជាក់ថា បច្ចុប្បន្នលោកស្រី អ៊ឹម សុគន្ធា ទទួលសិទ្ធិរៀបចំកម្មវិធី Miss Grand Cambodia 2024 បន្តទៀតបន្ទាប់ពីគ្រប់គ្រងក្នុងឆ្នាំ២០២៣ ខណៈលោក អ៊ិន សុភិន មានសិទ្ធិរៀបចំកម្មវិធីបវរកញ្ញាក្នុងដៃដូចជា Miss/ Mister Supranational Cambodia , Miss Universe Cambodia និងត្រៀមធ្វើជាម្ចាស់ផ្ទះ Miss Global 2024 នាខែវិច្ឆិកា ខាងមុខនេះបន្ទាប់ពីឆ្នាំ២០២៣ ទទួលសិទ្ធិរៀបចំធ្វើជាម្ចាស់ផ្ទះបានពាក់កណ្តាល៕










