ប្រទេសថៃ ៖ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ អ្នកនាង Paetongtarn Shinawatra ប្រធានគណបក្សភឿថៃ និងជាប្រធានគណៈកម្មការអភិវឌ្ឍន៍ Soft Power ប្រទេសថៃ បានបង្ហោះសារក្នុងបណ្តាញសង្គមពាក់ព័ន្ធនឹងការផ្សព្វផ្សាយកីឡា Muay Thai និងការលើកកម្ពស់អាជីពគ្រូប្រដាល់ក្នុងការប្រកួតអូឡាំពិក ។
អ្នកនាង Paetongtarn Shinawatra គឺជាកូនស្រីរបស់អតីតនាយករដ្ឋមន្ត្រីថៃ លោក Thaksin Shinawatra និយាយថា ៖ «នៅថ្ងៃណាមួយ យើងនឹងអាចដាក់ Muay Thai ក្នុងការប្រកួតកីឡាអូឡាំពិក ។ ខ្ញុំបានមកនៅក្នុងបរិយាកាស Muay Thai ជាថ្មីម្តងទៀត ដោយបានឃើញនូវការហ្វឹកហាត់, បានជជែកជាមួយគ្រូបង្វឹក និងបានជួបជាមួយក្រុមកីឡាករតាំងចិត្ត ហើយក្តីសុបិនទាំងអស់នេះនឹងកាន់តែបំផុសគំនិត និងកម្លាំងចិត្តដល់រូបខ្ញុំ និងក្រុមការងារ ។ យើងនឹងតាំងចិត្តធ្វើការ និងនាំយក Muay Thai ឱ្យល្បីល្បាញកាន់តែឆ្ងាយ លើសពីកីឡាដែលជនបរទេសបានស្គាល់» ។
អ្នកនាងបន្តថា ៖ «ប៉ុន្តែ Muay Thai នឹងត្រូវអភិវឌ្ឍន៍ជាប្រព័ន្ធទាំងមូល ហើយយើងនឹងវាស់វែងកម្រិត Muay Thai ឱ្យដូចកីឡាតេក្វាន់ដូ ដែលមានខ្សែក្រវ៉ាត់ពណ៌ស-លឿង និងខ្មៅ ។ ហេតុនេះ Muay Thai ត្រូវតែមានបែបនេះដែរ» ។
អ្នកនាងបន្ថែមថា ៖ «យើងនឹងលើកកម្ពស់វិជ្ជាជីវៈគ្រូប្រដាល់ និងជំរុញឱ្យមានការប្រកួតប្រជែងកីឡាកាន់តែច្រើន តាំងពីការប្រកួតនៅតាមបណ្តាខេត្ត រហូតដល់ការប្រកួតថ្នាក់ជាតិ ។ យើងនឹងបង្កើតកន្លែងហ្វឹកហាត់ Muay Thai បន្ថែមទៀតនៅក្រៅប្រទេស ព្រមទាំងលើកកម្ពស់ឧស្សាហកម្មឧបករណ៍កីឡាប្រដាល់ឱ្យរីកធំជាងមុន ។ ដូច្នេះ វានឹងធ្វើឱ្យ Muay Thai ឈានទៅឆ្ងាយប្រកបដោយសក្តានុពលពេញលេញ ហើយសូមឱ្យយើងបានគាំទ្រ Muay Thai ក្នុងការប្រកួតកីឡាកីឡាអូឡាំពិកឱ្យបាន» ។
អ្នកនាង Paetongtarn Shinawatra បានបង្ហោះសារខាងលើនេះក្នុងបណ្តាញសង្គម ព្រមទាំងថតរូបរួមគ្នាជាមួយលោក Srettha Thavisin នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុប្រទេសថៃ, លោក Anutin Chanvirakul រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងកីឡាករ Buakaw Banchamek ព្រមទាំងក្រុមកីឡាករប្រដាល់ជាច្រើននាក់ទៀត ។
គួរបញ្ជាក់ថា ការប្រកួតកីឡាអូឡាំពិកនឹងប្រព្រឹត្តឡើងនៅឆ្នាំ២០២៤ ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង និងនៅឆ្នាំ២០២៨ ក្នុងទីក្រុងឡូអេនជឺលែស សហរដ្ឋអាមេរិក ៕










