ប្រទេសថៃ ៖ ហេតុការណ៍នេះបានធ្វើឱ្យអ្នកដំណើរនៅតាមផ្លូវភ្ញាក់ផ្អើលយ៉ាងខ្លាំង និងថតវីដេអូបង្ហោះក្នុងបណ្តាញសង្គម ដោយសារមានរថយន្តទំនើប១គ្រឿងបានបើកបរនៅទីក្រុងប៉ាតាយ៉ា ប្រទេសថៃ ដើម្បីនាំសត្វចិញ្ចឹមរបស់ខ្លួនទៅមើលទេសភាព និងស្រូបខ្យល់អាកាសនៅតាមផ្លូវ ។ ប៉ុន្តែសត្វចិញ្ចឹមនេះ មិនមែនជាសត្វចិញ្ចឹមធម្មតាទេ ។
បើតាមវីដេអូឃ្លីបបង្ហាញថា រថយន្តទំនើបនេះបានដឹកសត្វតោ១ក្បាលនៅផ្នែកខាងក្រោយ ដើម្បីឱ្យវាមើលមនុស្សម្នានៅទីក្រុងប៉ាតាយ៉ា ។ គេដឹងថា នៅទីក្រុងប៉ាតាយ៉ា មានមនុស្សម្នាយ៉ាងច្រើន ហើយក៏សម្បូរភ្ញៀវទេសចរបរទេសមកកម្សាន្តផងដែរ ប៉ុន្តែមិនដឹងថា ហេតុអ្វីបានជាម្ចាស់រថយន្តធ្វើបែបនេះ?.jpg)
ក្រោយមានការបង្ហោះវីដេអូដឹកតោដើរលេងក្នុងទីក្រុងប៉ាតាយ៉ា ធ្វើឱ្យពលរដ្ឋថៃ និងជនបរទេសចែកចាយវីដេអូនេះជាច្រើន ព្រោះវាមិនមែនជាសត្វចិញ្ចឹមធម្មតា ដូចជា សត្វឆ្កែ និងឆ្មាទេ ។ ម្យ៉ាងទៀត ការដឹកតោដើរលេងគ្មានដាក់ទ្រុងបែបនេះអាចបង្កគ្រោះថ្នាក់ដល់អ្នកដទៃទៀតផង ដោយសារម្ចាស់តោបានដឹកវាដើរលេងក្នុងទីប្រជុំជនមានមនុស្សច្រើន ។
បើតាមបុរសម្នាក់មានផ្ទះនៅក្បែរជនបរទេសចិញ្ចឹមតោ លើកឡើងថា ម្ចាស់សត្វតោនេះ គឺជាជនបរទេសបានមករស់នៅទីក្រុងប៉ាតាយ៉ា ខេត្តឈុនបុរី មួយរយៈហើយ ។ រៀងរាល់ល្ងាច ម្ចាស់តោតែងតែបើករថយន្តដឹកវាដើរលេងមួយសន្ទុះសិន ទើបត្រឡប់មកផ្ទះវិញ ។
ក្រោយពីវីដេអូនេះត្រូវបានគេរិះគន់ក្នុងបណ្តាញសង្គម សមត្ថកិច្ចថៃ និងភ្នាក់ងារពាក់ព័ន្ធបានចុះទៅត្រួតពិនិត្យលំនៅឋានមួយកន្លែងក្នុងស្រុកបាងឡាក់ម៉ុង ខេត្តឈុនបុរី ដែលបានចិញ្ចឹមតោខាងលើ និងល្បីល្បាញក្នុងបណ្តាញសង្គម ។ បន្ទាប់មក សមត្ថកិច្ចបានឃើញទ្រុងចំនួន២ សម្រាប់ដាក់សត្វចិញ្ចឹម គឺទ្រុងទី១ មានតោ១ក្បាល រីឯទ្រុងទី២ មានឆ្កែ៣ក្បាល ប៉ុន្តែគ្មានអ្នកណាម្នាក់នៅផ្ទះទេ ។
បើតាមស្ត្រីចំណាស់ម្នាក់ដែលមានផ្ទះនៅក្បែរផ្ទះចិញ្ចឹមតោ រៀបរាប់ប្រាប់សមត្ថកិច្ចថា គាត់បានឃើញជនបរទេសយកតោមកចិញ្ចឹមជាង១ខែហើយ ។ ជារៀងរាល់ល្ងាច ជនបរទេសរូបនេះតែងនាំតោ ព្រមទាំងឆ្កែរបស់ខ្លួន ជិះឡានដើរលេងនៅម្តុំឆ្នេរសមុទ្រ ។
សមត្ថកិច្ចលើកឡើងថា តាមរយៈការត្រួតពិនិត្យជំហានដំបូងឃើញថា តោ១ក្បាលនេះបានចុះឈ្មោះចិញ្ចឹមនៅខេត្តរាជបុរី និងមានម្ចាស់ជានារីថៃ ។ ហេតុនេះ សមត្ថកិច្ចបានទំនាក់ទំនងទៅនារីថៃខាងលើឱ្យធ្វើដំណើរមកខេត្តឈុនបុរី ដើម្បីត្រួតពិនិត្យឯកសារចិញ្ចឹមតោឱ្យបានច្បាស់លាស់ ។
សមត្ថកិច្ចសន្និដ្ឋានថា ជនបរទេសដែលដឹកតោដើរលេងនៅតាមទីប្រជុំជននោះ គឺជាជនជាតិស្រីលង្ការ ហើយរថយន្តទំនើបដែលជនបរទេសជិះ គឺជារថយន្តជួលមកពីខេត្តភូកេត ។ រីឯសត្វតោដែលត្រូវគេរិះគន់ក្នុងបណ្តាញសង្គមនេះ គឺជាតោញី មានអាយុប្រមាណ៤ខែ ៕










