ឆ្លៀតឱកាស ក្នុងដំណើរទស្សនិកច្ចទៅកាន់ប្រទេសថៃ នាថ្ងៃទី៧ ខែកុម្ភៈ ខាងមុខនេះ សមាជិកសភាគណបក្សភឿថៃនៅខេត្តស៊ីសាកេត ស្នើឱ្យនាយករដ្ឋមន្ត្រី លោក សេដ្ឋា ថាវីស៊ីន ពិភាក្សាជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត ដើម្បីធ្វើយ៉ាងណាឱ្យកម្ពុជាព្រមបើកច្រកព្រំដែន ដោយអនុញ្ញាតឱ្យភ្ញៀវទេសចរពីខាងថៃ ចូលទៅទស្សនាប្រាសាទព្រះវិហារបាន។
ការអនុញ្ញាតឱ្យបើកច្រកព្រំដែនបែបនេះ អាចនឹងឱ្យកម្ពុជា បាត់បង់ចំណូលដ៏ធំពីភ្ញៀវទេសចរ ដោយហេតុថាភ្ញៀវទេសចរ អចនឹងនាំគ្នាចូលតាមច្រកព្រំដែនសុីសាកេតប្រទេសថៃ ជំនួសការធ្វើដំណើរមកប្រទេសកម្ពុជា ដើម្បីទៅទស្សនាប្រាសាទព្រះវិហារ។
នេះមិនមែនជាលើកទីមួយនោះទេ ដែលខាងថៃបានស្នើឱ្យកម្ពុជា បើកឱ្យភ្ញៀវទេសចរពីខាងថៃបានចូលទស្សនាព្រះវិហារនោះទេ ពោលគឺកាលសម្តេចតេជោហ៊ុនសែន នៅជានាយករដ្ឋមន្រ្តី អជ្ញាធរថៃ តែងតែសុំធ្វើការចរចារជាច្រើនលើកច្រើនសារ ក៏ប៉ុន្តែខាងកម្ពុជាមិនយល់ព្រមនោះទេ។
សូមបញ្ជាក់ថា ចាប់តាំងីឆ្នាំ២០០៨ ថៃឈ្លានពានប្រាសាទព្រះវិហារមក បានធ្វើឱ្យមានការអសន្តិសុខជាខ្លាំងនៅតំបន់ប្រវត្តិសាស្ត្ររបស់កម្ពូជា ដែលបានធ្វើឱ្យខាងកម្ពុជា សម្រេចចិត្តបិទមិនអោយភ្ញៀវទេសចរពីខាងថៃបានចូលទស្សនាព្រះវិហារអស់រយៈពេល១៦ឆ្នាំ៕











