ប្រទេសហ្វីលីពីន ៖ ប្រធានាធិបតីប្រទេសហ្វីលីពីន លោក Ferdinand Marcos Jr. ត្រូវបានមហាជនរិះគន់យ៉ាងខ្លាំងក្លា ក្រោយពីលោក និងភរិយា ប្រើប្រាស់ឧទ្ធម្ភាគចក្រប្រចាំតំណែងប្រធានាធិបតី ទៅទស្សនាការប្រគំតន្ត្រីដ៏ល្បីល្បាញរបស់អង់គ្លេសឈ្មោះ «Coldplay» នៅខេត្តភាគខាងជើងទីក្រុងម៉ានីល ។
សារព័ត៌មានរ៉យទ័ររាយការណ៍ថា ក្រុមតន្ត្រីល្បីល្បាញរបស់អង់គ្លេសឈ្មោះ «Coldplay» បានមកប្រគំតន្ត្រីនៅប្រទេសហ្វីលីពីន កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋាន Philippine Arena ដែលមានទំហំធំបំផុតនៅលើពិភពលោក ហើយលោកប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr. និងភរិយា ក៏បានទៅចូលរួមទស្សនាផងដែរ ។ ប៉ុន្តែអ្វីដែលធ្វើឱ្យមហាជនរិះគន់យ៉ាងខ្លាំងនោះ ដោយសារលោកបានប្រើប្រាស់ឧទ្ធម្ភាគចក្រប្រធានាធិបតីទៅមើលការប្រគំតន្ត្រី ។
ក្រុមសន្តិសុខប្រធានាធិបតីហ្វីលីពីនលើកឡើងថា មានមនុស្សចំនួន៤ម៉ឺននាក់នាំគ្នាធ្វើដំណើរទៅកាន់ពហុកីឡដ្ឋាន Philippine Arena ហើយបណ្តាលឱ្យស្ទះចរាចរណ៍យ៉ាងខ្លាំងនៅតាមផ្លូវ ។ ហេតុនេះ ដោយសារខ្លាចមានគ្រោះថ្នាក់ ទើបលោកប្រធានាធិបតីចាំបាច់ត្រូវជិះឧទ្ធម្ភាគចក្រផ្ទាល់ខ្លួនធ្វើដំណើរទៅកាន់ពហុកីឡដ្ឋាន Philippine Arena ។
ប៉ុន្តែមហាជនទូទៅមិនស្តាប់ការបកស្រាយទេ ហើយពួកគេរិះគន់ថា លោកប្រធានាធិបតីចាយវាយប្រាក់ដែលបានពីការបង់ពន្ធរបស់ពលរដ្ឋ ។ អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ឈ្មោះ James Patrick Aristorinas បានសរសេរក្នុងហ្វេសប៊ុក កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ ថា ៖ «ការប្រើប្រាស់ទ្រព្យសម្បត្តិរបស់រដ្ឋ ដូចជា ឧទ្ធម្ភាគចក្រប្រចាំតំណែងប្រធានាធិបតី ទៅលើការងារផ្សេងខុសពីការងារប្រទេសជាតិ ចាត់ទុកថា គឺជាការប្រើប្រាស់អំណាចខុសច្បាប់ ឬប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋក្នុងផ្លូវខុស » ។
រីឯអ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ទៀតនិយាយថា ៖ «យើងបានចំណាយប្រាក់ទៅលើថ្លៃប្រេងឥន្ធនៈឧទ្ធម្ភាគចក្រ និងការរក្សាសុវត្ថិភាព ។ តើអ្នកណាទៅដឹងថា យើងត្រូវចំណាយប្រាក់លើថ្លៃសំបុត្រមើលតន្ត្រីឱ្យគ្រប់គ្នានោះ» ។
គួរបញ្ជាក់ថា លោកប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr. គឺជាកូនប្រុសរបស់អតីតប្រធានាធិបតី Marcos ជាមេដឹកនាំផ្តាច់ការរបស់ប្រទេសហ្វីលីពីន កាលពីប៉ុន្មានឆ្នាំមុន ។ ប៉ុន្តែមេដឹកនាំផ្តាច់ការរូបនេះត្រូវបានពលរដ្ឋធ្វើការបះបោរពេញប្រទេសដើម្បីប្រឆាំងនឹងការគ្រប់គ្រងរបស់លោក ហើយលោកក៏បានចុះចេញពីអំណាចនៅពេលនោះ ៕










