ពិធីការិនី The Rapper Cambodia កញ្ញា វ៉ាន់ នីឡា បានចេញវីដេអូខ្លីមួយនៅលើបណ្តាញសង្គមទៅកាន់ឪពុកម្តាយ និងអាណាព្យាបាលមួយចំនួនដែលដឹកកូនក្មេងតូចៗដោយម៉ូតូចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។ ការលើកឡើងនេះបន្ទាប់ពី វ៉ាន់ នីឡា ឧស្សាហ៍ឃើញអ្នកមួយចំនួនធ្វេសប្រហែលមិនគោរពច្បាប់ចរាចរណ៍ភ្លើងពណ៌ក្រហមហើយនៅបន្តទៅមុខទៀតទាំងកំពុងឌុបក្មេងៗ។
នៅយប់ថ្ងៃទី១៨ ខែមករា តារាចម្រៀង វ៉ាន់ នីឡា ដែលទើបបញ្ចប់ភារៈកិច្ចជាពិធីការិនីលើកដំបូងក្នុងកម្មវិធី The Rapper Cambodia បានបង្ហោះវីដេអូខ្លីមួយដោយការខឹងសម្បារព្រោះតែឃើញមនុស្សធំមួយចំនួនមិនគោរពច្បាប់ចរាចរណ៍បើកបរដោយខុសការប្រុងប្រយ័ត្ន។ វ៉ាន់ នីឡា បាននិយាយថា «ឪពុកម្តាយ ឬអាណាព្យាបាលដែលដឹកក្មេងតូចៗដោយម៉ូតូចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ភ្លើងស្តុបឈប់យើងឈប់ទៅ បើសិនជាជិះម្នាក់ឯង អត់ឈប់មិនគោរពច្បាប់ក៏អត់មានអ្នកណាខ្វល់ដែរ ជួបគ្រោះថ្នាក់គឺយើងជាអ្នកទទួលខុសត្រូវ ចង់សុវត្ថិភាពយើងគោរពច្បាប់ចរាចរណ៍។ ប៉ុន្តែបើជិះជាមួយក្មេង សូមមនុស្សធំផ្តល់សុវត្ថិភាពឱ្យគាត់ផងគ្នាចង់រស់»។
វ៉ាន់ នីឡា ថា ខ្លួននាងឃើញហេតុការណ៍នេះញឹកញាប់ ភ្លើងស្តុបពណ៌ក្រហមហើយអត់ឈប់ហើយឌុបក្មេងទៀត។ តារាចម្រៀងរូបនេះលើកឡើងទៀតថា ឧបមាថាជួបគ្រោះថ្នាក់ ក្មេងគឺធ្ងន់ជាងមនុស្សចាស់។
ការលើកឡើងរបស់ វ៉ាន់ នីឡា ទៅលើចំណុចខាងលើ និងស្នើឱ្យអាណាព្យាបាលមួយចំនួនចូលរួមគោរពច្បាប់ចរាចរណ៍ជៀសវាងគ្រោះថ្នាក់ទៅលើក្មេងៗដោយសារតែការធ្វេសប្រហែលរបស់មនុស្សធំអ្នកលេងបណ្តាញសង្គមក៏បង្ហាញការយល់ស្របនូវសម្តីរបស់ វ៉ាន់ នីឡា ដូចគ្នា។
គ្រោះថ្នាក់ចរាណ៍គឺជាឃាតករលាក់មុខដែលសម្លាប់អាយុជីវិតមនុស្សជារៀងរាល់ថ្ងៃដែលមនុស្សមួយចំនួនមើលរំលងពីគ្រោះថ្នាក់នេះបើកបរដោយខ្វះការប្រុងប្រយ័ត្ន។ នៅពេលជួបគ្រោះថ្នាក់មិនត្រឹមតែខូចខាតទ្រព្យសម្បត្តិ ខាតបង់ពេលវេលា ថែមទាំងអាចអស់អាយុជីវិតទៀតទាំងខ្លួនឯងនិងអ្នកដទៃផង ដូច្នេះយើងទាំងអស់គ្នាត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា៕










