ប្រទេសចិន ៖ សារព័ត៌មានបរទេសផ្សាយថា មាន YouTuber ជនជាតិចិនដ៏ល្បីល្បាញបានថតវីដេអូជាច្រើនបង្ហាញអំពីជីវិតរបស់ខ្លួន ដែលរស់នៅតាមជនបទស្រុកស្រែចម្ការយ៉ាងសាមញ្ញ និងមានអ្នកតាមដានរហូតដល់២០លាននាក់ ។ មនុស្សភាគច្រើនដែលបានមើលវីដេអូរបស់ YouTuber នេះ ពួកគេក៏ទទួលបានគំនិតផ្សេងៗ និងយកទៅអនុវត្តតាមទៀតផង ។
ក្រោយពី YouTuber ខាងលើបានបង្ហោះវីដេអូមួយចូលក្នុងបណ្តាញសង្គម ដែលបង្ហាញពីជីវិតជាកសិកររស់នៅជនបទជាមួយក្រុមគ្រួសារ និងមានអ្នកចូលមើលរហូតដល់២០លាននាក់ ប៉ុន្តែត្រូវបានអ្នកលេងបណ្តាញសង្គមម្នាក់លើកឡើងថា គ្រប់យ៉ាងដែលគេគ្រប់គ្នាឃើញនេះ គឺជារូបភាពបោកប្រាស់ប៉ុណ្ណោះ ។ អ្នកលេងបណ្តាញសង្គមរូបនេះនិយាយថា YouTuber នេះបានថតវីដេអូកុហកអ្នកមើល ហើយសូម្បីតែគ្រួសារ និងអ្នកជិតខាង ក៏កុហកដែរ ។ ពួកគេមិនមែនជាគ្រួសារ និងអ្នកជិតខាងពិតប្រាកដទេ ។
គូស្នេហ៍ជា YouTuber ដ៏ល្បីល្បាញនេះឈ្មោះ Xiao Chunhua និង Niu Aifang បានថតវីដេអូជាច្រើនបង្ហោះក្នុងបណ្តាញសង្គម ដែលបង្ហាញពីជីវិតរស់នៅបែបសាមញ្ញនៅតំបន់ជនបទឆ្ងាយពីទីប្រជុំជន ។ ពួកគេបានថតវីដេអូបង្ហាញឱ្យគេឃើញថា ពួកគេមានអ្នកជិតខាងដែលមានវ័យចំណាស់, ពួកគេធ្វើផ្ទះពីដុំឥដ្ឋដោយខ្លួនឯង និងចិញ្ចឹមជ្រូក និងគោទៀតផង ។
ហេតុនេះ ធ្វើឱ្យមនុស្សភាគច្រើនតាមដាន និងចូលចិត្តមើលពីការរស់នៅយ៉ាងសាមញ្ញរបស់ពួកគេ ។ លើសពីនេះ ពួកគេក៏បានលក់ទំនិញតាមអនឡាញ និងរកប្រាក់ចំណូលបានរហូតដល់២លានយាន់ឯណោះពីការ Live លក់ទំនិញតាមអនឡាញ ។ ហេតុនេះ ការថតវីដេអូផ្សេងៗរួមផ្សំទាំងការលក់ទំនិញអនឡាញផង ធ្វើឱ្យពួកគេរកប្រាក់ចំណូលបានជាង២៦លានយាន់ ។
ប៉ុន្តែអ្នកលេងបណ្តាញសង្គមម្នាក់បានចែកចាយព័ត៌មានថា អ្នកទាំងពីរនេះមិនមែនជាអ្នកស្រែចម្ការនោះទេ ហើយឈ្មោះ Xiao Chunhua ក៏មិនមែនជាឈ្មោះពិតប្រាកដដែរ ។ ការពិត រូបគេឈ្មោះ Zhang Shui គឺជាម្ចាស់ក្រុមហ៊ុនមួយដែលបានចុះបញ្ជី និងប្រើប្រាស់ដើមទុនរហូតដល់៥ម៉ឺនយាន់ឯណោះ ។ ជីវិតពិតប្រាកដរបស់ពួកគេ គឺជាអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ និងរស់នៅបែបស៊ីវិល័យ ។
លើសពីនេះ ឪពុក-ម្តាយ និងអ្នកជិតខាងដែលគេបានឃើញក្នុងវីដេអូនោះ គឺជាអ្នកសម្តែងទេ ។ ពួកគេបោកប្រាស់ទាំងអស់ គឺដូចជាការថតកុនអីចឹង ហើយពួកគេធ្វើបែបនេះក្នុងគោលបំណងស្វែងរកផលប្រយោជន៍ដាក់ខ្លួនតែប៉ុណ្ណោះ ។
ក្រោយពីការចែកចាយព័ត៌មានការពិតក្នុងបណ្តាញសង្គម បានធ្វើឱ្យអ្នកតាមដានទាំងអស់មិនពេញចិត្តយ៉ាងខ្លាំង ថែមទាំងនិយាយរិះគន់ថា ពួកគេខកចិត្តណាស់ដែល YouTuber ចិនដ៏ល្បីល្បាញធ្វើបែបនេះ កុហកសូម្បីតែឪពុក-ម្តាយ និងអ្នកជិតខាង ។ កន្លងមក មានមនុស្សជាច្រើននាក់បានតាមដានវីដេអូរបស់ពួកគេ ហើយយកគំនិតផ្សេងៗទៅធ្វើតាមទៀតផង ៕










