អ្នកច្នៃម៉ូតឆ្នើមប្រចាំប្រទេសលោក អូលីវ៉ា គង់ បានបង្ហើបប្រាប់អ្នកគាំទ្រថាលោកគឺជាអ្នកច្នៃឈុតយ៉ាងពិសេសជូន Anntonia Porsild Miss Universe Thailand 2023 សម្រាប់ការចូលរួមធ្វើជាពិធីការិនីក្នុងកម្មវិធី Miss Global 2023 ដែលប្រព្រឹត្តទៅនៅលើទឹកដីកម្ពុជា។ ឈុតដែលលោកច្នៃនេះមានឈ្មោះថា «រាជនីអង្គរបរមវិស្ណុលោក» ហើយឈុតនេះមានអត្ថន័យមិនធម្មតា។
កម្មវិធីប្រកួត Miss Global 2023 ដែលកម្ពុជាមានសិទ្ធិរៀបចំពាក់កណ្តាលជាមួយវៀតណាម នាយប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ នឹងឈានចូលដល់ការប្រកួតផ្តាច់ព្រ័ត្រហើយក្រោមការរៀបចំរបស់ក្រុមហ៊ុនមហាហង្ស។ កម្មវិធីប្រកួតបវរកញ្ញានេះ លក្ខណ៍ មុនីអានីតា ជាអ្នកតំណាងកម្ពុជាចូលរួមប្រកួត។ អ្វីដែលកាន់តែពិសេសសម្រាប់យប់ថ្ងៃផ្តាច់ព្រ័ត្រ Miss Global 2023 លំដាប់រងទី១ Miss Universe 2023 កញ្ញា Anntonia Porsild នឹងធ្វើជាពិធីការិនីក្នុងការប្រកួតនេះ។ ខណៈឈុតរបស់ Anntonia ច្នៃដោយ លោក អូលីវ៉ា គង់ សម្រឹតសម្រាំងយ៉ាងពិសេសនិងបង្កប់ទៅដោយអត្ថន័យ។
តាមការឱ្យដឹងពីអ្នកច្នៃម៉ូត អូលីវ៉ា គង់ ឈុតដែល Anntonia នឹងគ្រងនេះមានឈ្មោះថា «រាជនីអង្គរបរមវិស្ណុលោក» ច្នៃឡើងអំពីក្រណាត់សូត្រដែលមានគុណភាពខ្ពស់ និងឌិនត្បូងខ្មៅ ដ៏មានតម្លៃ។ ស្មានៃរ៉ូបនេះលោក អូលីវ៉ា គង់ បានបញ្ជាក់ថា យកលំនាំនៃកំពូលប្រាសាទអង្គរវត្ត។ ចំណែកតួខ្លួននៃរ៉ូបគឺតំណាងឱ្យនាគ។
ផ្នែកខាងក្រោមនៃឈុត«រាជនីអង្គរបរមវិស្ណុលោក» គឺយកលំនាំតាមកាំជណ្តើរឡើងកំពូលបាកាននៃប្រាសាទអង្គរវត្ត ប្រៀបដូចជាជណ្តើរឡើងទៅកាន់ឋានសួគ៌ ខណៈលំនាំនៃរ៉ូបមាន រូបកលិ្កន (ខ្លួនមនុស្សក្បាលសេះ) ជាអវតាចុងក្រោយរបស់ព្រះវិស្ហុ ដកស្រង់ចេញពីប្រាសាទបន្ទាយស្រី លាយឡំជាមួយក្បាច់ភ្ញីវល្លិ៍ និងភ្ញីទេស ដកស្រង់ចេញពីចំលាក់ប្រាសាទអង្គរវត្ត។ ក្រោយពីលោកបង្ហាញដូចនេះហើយធ្វើឱ្យអ្នកគាំទ្របង្ហាញអារម្មណ៍ស្ងប់ស្ងែងយ៉ាងខ្លាំងនៃការច្នៃម៉ូតយ៉ាងពិសេសពោរពេញដោយអត្ថន័យបញ្ជាក់ពីអត្តសញ្ញាណជាតិថែមទៀត។
លោក អូលីវ៉ា គង់ ដែលមានឈ្មោះពិតថា ម៉ែន សីហា គឺជាអ្នកច្នៃម៉ូតមួយរូបដ៏មានប្រជាប្រិយភាពដោយស្នាដៃរបស់លោកទទួលស្គាល់ទាំងជាតិនិងអន្តរជាតិព្រមទាំងឈ្នះពានរង្វាន់ពីឆាកអន្តរជាតិផងដែរ៕










