ស្របពេលដែលសម្តេចធិបតី ហ៊ុន ម៉ាណែត កំពុងបំពេញភារកិច្ចនៅក្រៅប្រទេស ដោយបានទៅជួបជាមួយប្រធានធិបតីបារាំង និងទៅប្រជុំនៅឯប្រទេសស្វីសនោះ កិច្ចការនៅក្នុងស្រុកចាំបាច់មួយចំនួនមានតែឧបនាយករដ្ឋមន្ដ្រី ២រូប ក្នុងចំណោម ១០រូប ដែលអាចមានសិទ្ធសម្រេច ដោយទទួលបន្ទុកជានាយករដ្ឋមន្ដ្រីស្ដីទី។
ឧបនាយករដ្ឋមន្ដ្រីទាំង ២រូបនោះ គឺឯកឧត្ដមនេត សាវឿន និងឯកឧត្ដម អូន ព័ន្ធមុន្នីរ័ត្ន។
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកជានាយករដ្ឋមន្ត្រីស្តីទី ពេលនាយករដ្ឋមន្ត្រីអវត្ដមាន ដោយទទួលខុសត្រូវ៖
• ជួយនាយករដ្ឋមន្ត្រីលើវិស័យសន្តិសុខជាតិ និងសណ្ដាប់ធ្នាប់សាធារណៈ ក្នុងក្របខណ្ឌអន្តរក្រសួង
• ជួយនាយករដ្ឋមន្ត្រីក្នុងការសម្របសម្រួលដឹកនាំ កម្លាំងគ្រប់ប្រភេទ ដើម្បីការងារសន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈ
• ទទួលសិទ្ធិពីនាយករដ្ឋមន្ត្រីក្នុងការបញ្ជាកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងពេលនាយករដ្ឋមន្ត្រីអវត្តមាន
• ជួយតម្រង់ទិសដល់អាជ្ញាធរ គណៈកម្មាធិការ ក្រុមប្រឹក្សាដែលចំណុះឱ្យរាជរដ្ឋាភិបាល តាមការប្រគល់សិទ្ធិរបស់នាយករដ្ឋមន្ត្រី
• ព្រមទាំងទទួលបន្ទុកអនុវត្តការងារពិសេស ឬបេសកកម្ម ពិសេសផ្សេងទៀតដែលនាយករដ្ឋមន្ត្រីប្រគល់ជូន។

ដោយឡែកចំពោះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកជានាយករដ្ឋមន្ត្រីស្តីទី ពេលនាយករដ្ឋមន្ត្រី និងឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន អវត្តមានមានភារកិច្ច៖
• ជួយនាយករដ្ឋមន្ត្រីលើវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
• ជាប្រធានគណៈកម្មការគោលនយោបាយ សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
• ជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម និងជាប្រធានឧត្តមក្រុមប្រឹក្សា សេដ្ឋកិច្ចជាតិ ព្រមទាំងទទួលបន្ទុកអនុវត្តការងារពិសេស ឬបេសកកម្មពិសេសផ្សេងទៀត ដែលនាយករដ្ឋមន្ត្រីប្រគល់ជូន៕











