អ្នកស្រី Alice Walton បានជាប់លេខ២ ជា«មនុស្សស្រី»ដែលមានទ្រព្យសម្បត្តិច្រើនបំផុតលើលោក និងជាប់លេខរៀងទី១៧ជាសេដ្ឋីនៅទូទាំងពិភពលោកប្រចាំឆ្នាំ២០២៣។
យោងតាមការចុះផ្សាយរបស់ទស្សនាវត្តី Bloomberg គឺបានកត់ត្រាសេដ្ឋីជាច្រើននៅជុំវិញពិភពលោកប្រចាំឆ្នាំ២០២៣ ហើយក៏បានរកសេដ្ឋីនីដែលមានទ្រព្យសម្បត្តិច្រើនលំដាប់កំពូលមួយរូបដែរគឺ អ្នកស្រី Alice Walton ដែលជាអ្នកស្នងមរតករបស់ក្រុមហ៊ុនយក្ស «Walmart»។
លោកស្រី Alice Walton វ័យ ៧៤ ឆ្នាំ ជនជាតិអាមេរិក គឺជាកូនស្រីតែម្នាក់គត់របស់ស្ថាបនិក Walmart គឺលោក Sam Walton ។ ក្នុងអាជីពការងាររបស់នាង គឺនាងបានផ្តោតយ៉ាងសំខាន់ទៅលើការថែរក្សាសិល្បៈ លើកកម្ពស់ការអប់រំ និងបង្កើតឱកាសជំរុញសេដ្ឋកិច្ចសម្រាប់មនុស្សទាំងអស់គ្នា ជាជាងធ្វើការនៅក្រុមហ៊ុនយក្សWalmart។ ជាងនេះទៅទៀត នាងតែងតែលេចវត្តមាននៅក្នុងសប្បុរធម៌ធំៗជាច្រើនទៀតផងដែរ។
យោងតាមទស្សនាវដ្តី Bloomberg បានឲ្យដឹងទៀតថា ទ្រព្យសម្បត្តិសុទ្ធរបស់ លោកស្រី Alice Walton គិតត្រឹមខែវិច្ឆិកា ឆ្នាំ ២០២៣ ត្រូវបានគេប៉ាន់ប្រមាណថាមានចំនួន ៧១ពាន់លានដុល្លារ។ ម៉្យាងវិញទៀត នាងបានជាប់ក្នុងតារាងជាស្ត្រីដែលមានបំផុតរបស់ពិភពលោកតាំងពីឆ្នាំ២០១៥មកម្លេះ។
ក្នុងឆ្នាំ ២០១១ នាងបានបើកសារមន្ទីរសិល្បៈ Crystal Bridges នៅស្រុកកំណើតរបស់នាងនៅ Bentonville រដ្ឋ Arkansas សហរដ្ឋអាមេរិក។ សារមន្ទីរនេះផងដែរផងដែរគឺបង្កើតឡើងនៅក្នុងគោលបំណងលើកកម្ពស់ការបណ្តុះបណ្តាល ការប្រមូលផ្តុំសិល្បៈចម្រុះ ទាំងការពិព័ណ ការបង្រៀន ការសម្តែង និងគ្រប់គ្នាអាចចូលរួមបានដោយឥតគិតថ្លៃ។
នៅឆ្នាំ ២០២២ ក៏បានបង្កើតវិទ្យាស្ថានសុខភាពសាធារណៈដ៏ធំមួយ ហើយបានប្តូរឈ្មោះទៅជាសាលាវេជ្ជសាស្ត្រ Alice L. Walton ។ សាលានេះផងដែរគឺបង្កើតឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់សុខមាលភាព និងសុខភាពរបស់មនុស្សគ្រប់រូបៗដោយឥតគិតថ្លៃ ដែលទៅទទួលសេវានៅទីនោះផងដែរ៕










