ប្រទេសថៃ ៖ មហាជនថៃបានសរសើរពីទឹកចិត្តរបស់សន្តិសុខម្នាក់ថា បើទោះជាគាត់មានជីវភាពលំបាកក្តី តែគាត់ជាមនុស្សស្មោះត្រង់ និងប្រគល់ប្រាក់ដែលគាត់រើសបានជាង១លានបាតទៅឱ្យម្ចាស់វិញ ។ សន្តិសុខបានរកឃើញប្រាក់នេះនៅអគារមួយកន្លែងស្ថិតនៅតាមផ្លូវតាកស៊ិន ទីក្រុងបាងកក បន្ទាប់មក គាត់ក៏បានទំនាក់ទំនងទៅសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ស្វែងរកម្ចាស់ប្រាក់ ។

លោក ឆាវណាហ៊ី អាយុ៥៦ឆ្នាំ ជាសន្តិសុខរើសបានប្រាក់និយាយថា កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ គាត់បានដើរត្រួតពិនិត្យនៅតាមបរិវេណផ្សេងៗក្នុងអគារ ស្រាប់តែប្រទះឃើញឡាំងក្រដាសមួយនៅក្បែរធុងសំរាមរបស់អគារជាន់ទី២ ។ នៅពេលបើកមើលឡាំងក្រដាសនោះ គាត់បានឃើញប្រាក់ចំនួន១លាន២សែនបាត ។ ដូច្នេះ គាត់ក៏បានជូនដំណឹងទៅកាន់ប្រធានសន្តិសុខ២រូបទៀតឱ្យមកជួយត្រួតពិនិត្យមើលប្រាក់ទាំងអស់ និងប្តឹងទៅសមត្ថកិច្ចដើម្បីស្វែងរកម្ចាស់ប្រាក់ ។ชื่นชม รปภ. เก็บเงิน1.2ล้านคืนเจ้าของ สาวทำหล่นหาย จำไม่

កន្លងមក មាននារីម្នាក់បានដាក់ពាក្យបណ្តឹងនៅស្ថានីយប៉ូលិស អំពីករណីបាត់ប្រាក់ចំនួន១លាន២សែនបាត ក្នុងអំឡុងពេលនាងជញ្ជូនសម្ភារៈ និងកាបូបជាច្រើននៅអគារ «បូដ-វង្សវៀនយ៉ៃ» ស្ថិតនៅតាមផ្លូវតាកស៊ិន ទីក្រុងបាងកក ។ ក្រោយពីទទួលដំណឹងថា សន្តិសុខយកប្រាក់នេះមកប្រគល់ឱ្យសមត្ថកិច្ច ម្ចាស់ប្រាក់ក៏បានប្រមូលភស្តុតាងការបើកប្រាក់ពីធនាគារ និងទាក់ទងមកសមត្ថកិច្ចដើម្បីទទួលប្រាក់ ។เงินหล่น 1.2 ล้าน รปภ.เก็บได้ ส่งตร.คืนเจ้าของ

អ្នកនាង និផាផាន់ ឆ័យសេន ជាម្ចាស់ប្រាក់ប្រាប់ថា នាងសប្បាយចិត្តណាស់ដែលបានទទួលប្រាក់នេះវិញ ហើយនាងក៏បានប្រគល់ប្រាក់ខ្លះទៅឱ្យសន្តិសុខដែលរើសបានប្រាក់របស់នាង ដើម្បីបង្ហាញពីការដឹងគុណចំពោះគាត់ ។ชื่นชม รปภ. เก็บเงิน1.2ล้านคืนเจ้าของ สาวทำหล่นหาย จำไม่

រឿងនេះបានធ្វើឱ្យមហាជនជាច្រើនចាប់អារម្មណ៍ និងសរសើរពីទឹកចិត្តរបស់សន្តិសុខថា គាត់មានភាពស្មោះត្រង់, មិនចេះចង់បានទ្រព្យសម្បត្តិអ្នកដទៃ ក្រៅពីកម្លាំងញឺសឈាមខ្លួនឯង ។ អ្នកលេងបណ្តាញសង្គមម្នាក់និយាយថា ៖ «គាត់គួរតែទទួលបានការកោតសរសើរ ពីព្រោះគាត់ជាមនុស្សគំរូនៅក្នុងសង្គម» ។ អ្នកខ្លះទៀតថា ៖ «គាត់ល្អខ្លាំងណាស់ ហើយមនុស្សបែបនេះ រកមិនបានទេ» ។

អ្នកផ្សេងទៀតថា ៖ «ម្ចាស់ប្រាក់គួរតែឱ្យប្រាក់គាត់ឱ្យសមរម្យ មិនមែនដូចករណីមុន មានក្មេងម្នាក់រើសប្រាក់បានចំនួន៥ម៉ឺនបាត តែម្ចាស់ប្រាក់ឱ្យតែ២០បាតប៉ុណ្ណោះ» ។ អ្នកខ្លះទៀតនិយាយថា ៖ «បើទោះគាត់ធ្វើសន្តិសុខ តែគាត់ជាមនុស្សស្មោះត្រង់ មិនដូចមនុស្សមួយចំនួនរើសបានប្រាក់របស់គេហើយ មិនព្រមប្រគល់ឱ្យម្ចាស់ដើមវិញ បើទោះជាម្ចាស់មានភស្តុតាងបង្ហាញក្តី» ៕