ប្រទេសចិន ៖ នៅខែមករា ឆ្នាំ២០២៤ ពលរដ្ឋចិនបានទិញអីវ៉ាន់ និងចំណីអាហារជាច្រើនមុខសម្រាប់ចូលឆ្នាំចិន នៅតាមផ្សារទំនើបនានាក្នុងទីក្រុងហ្វូសាន ខេត្តក្វាងទុង ។ គេឃើញមានការដាក់លក់គោមភ្លើងសរសេរពាក្យថា «Fu» មានន័យថា «សំណាងល្អ» ព្រមទាំងមាននំចំណី, ស្ករគ្រាប់ និងអីវ៉ាន់ផ្សេងៗជាច្រើនមុខ ។
អតិថិជនមកទិញអីវ៉ាន់ក្នុងផ្សារទំនើបប្រាប់ថា ខ្លួនមកទិញអីវ៉ាន់គ្រប់មុខទីនេះ សម្រាប់ត្រៀមរៀបចំក្នុងពិធីបុណ្យចូលឆ្នាំចិន ។ ក្រៅពីនេះ ផ្សារទំនើបក៏ទទួលការកុម្ម៉ង់ទិញអីវ៉ាន់ពីអតិថិជនផងដែរ ព្រមទាំងបានរៀបចំកម្មវិធីផ្សេងៗដើម្បីផ្សព្វផ្សាយ និងជំរុញការលក់ផលិតផល ។.jpg)
Wu Xianghua ជាប្រធានផ្សារទំនើបនិយាយថា ផ្សារទំនើបបានដាក់លក់នំចំណី និងម្ហូបអាហារក្នុងស្រុកជាច្រើនមុខ ដូចជា ៖ នំខេកសត្វនាគ, នំដូណាត់ល្ង, សាច់ក្រកក្វាងទុង, អាហារក្រៀម, ផ្សិត, មឹក និងអាហារសមុទ្រ ។ ហេតុនេះ អតិថិជនអាចមកទិញអាហារគ្រប់យ៉ាងនៅក្នុងផ្សារតាមតម្រូវការ ។
ក្រៅពីការទិញអីវ៉ាន់សម្រាប់ពិធីបុណ្យចូលឆ្នាំហើយ មនុស្សភាគច្រើនបានត្រៀមខ្លួនទទួលអាហារពេលល្ងាច ក្នុងថ្ងៃចុងក្រោយនៃពិធីបុណ្យចូលឆ្នាំចិនផងដែរ ។ ហេតុនេះ ភោជនីយដ្ឋានជាច្រើនកន្លែងត្រូវបានអតិថិជនកក់អស់ហើយ ដើម្បីអបអរក្នុងឱកាសចូលឆ្នាំចិន ។
ចំណែកនៅទីក្រុងប៊ិនចូវ ខេត្តសានទុង ដែលល្បីល្បាញរឿងអាហារសមុទ្រនោះ គេបានឃើញក្រុមអាជីវករនាំគ្នាវេចខ្ចប់អាហារ និងបញ្ជូនអាហារទាំងនេះទៅឱ្យអតិថិជននៅទូទាំងប្រទេស ។
Guo Fenghua នាយកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុនអាហារសមុទ្រនិយាយថា ក្នុងឱកាសចូលឆ្នាំចិននេះ ជារៀងរាល់ថ្ងៃ បុគ្គលិកជាង១០០នាក់បានជួយគ្នារៀបចំត្រីប្រមាណ៣៥តោនសម្រាប់លក់ឱ្យអតិថិជន ។ ពួកយើងអាចរកប្រាក់ចំណូលបានច្រើនក្នុងអំឡុងពេលមុនពិធីបុណ្យចូលឆ្នាំចិន ។
ចំណែកបុគ្គលិកនៅហាងផ្សេងទៀតបានរៀបចំបង្គាសម្រាប់ផ្គត់ផ្គង់ឱ្យអតិថិជននៅទូទាំងប្រទេសចិន ដែលពួកគេទិញបង្គាទាំងនេះសម្រាប់រៀបចំអាហារល្ងាចក្នុងថ្ងៃចុងក្រោយនៃពិធីបុណ្យចូលឆ្នាំចិន ។ Fan Kejun ប្រធានផ្នែកលក់អាហារសមុទ្រប្រាប់ថា ពួកយើងបានកែច្នៃបង្គាប្រមាណ១.០០០គីឡូក្រាមក្នុង១ថ្ងៃ ។
ពិធីបុណ្យចូលឆ្នាំចិន ឆ្នាំ២០២៤នេះ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ។ រីឯការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីនឹងមានរយៈពេល១៦ថ្ងៃ គឺចាប់ពីថ្ងៃចូលឆ្នាំចិន រហូតដល់ពិធីបុណ្យយន់សៀវ ឬពិធីបុណ្យគោមភ្លើង ៕










