ពិធីមង្គលការរបស់តារាសម្តែងជើងចាស់ដ៏ល្បីឈ្មោះអ្នកនាង លី ម៉ារីណា និងកូនកំលោះវរៈសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញគឺជារោងការចុងក្រោយរបស់លោកជំទាវហ៊ុន ស៊ីណាត ធ្វើជាអ្នកដឹកដៃមុនលោកជំទាវចូលនិវត្តន៍។ កន្លងមកនេះលោកជំទាវ ធ្លាប់បានបញ្ជាក់រួចមកហើយថាលោកជំទាវមិនមែនជាអ្នកស៊ីឈ្នួលដឹកដៃកូនកំលោះ កូនក្រមុំទេ ប៉ុន្តែជាការផ្តល់កិត្តិយសនិងតបតាមការអញ្ជើញតាមម្ចាស់ដើមការ បន្ទាប់ពីមានអ្នកផ្លែផ្កាឱ្យលោកជំទាវធ្វើជាអ្នកដឹកដៃមួយរោងបានខ្ទង់ម៉ឺនដុល្លារ។
នៅថ្ងៃទី១២ ខែមករា នេះពិធីមង្គលការតារាសម្តែងជើងចាស់ដ៏ស្រស់សោភា លី ម៉ារីណា បានប្រព្រឹត្តយ៉ាងអធិកអធមដោយមានកូនកំដរសុទ្ធតែជាតារាលំដាប់ក្នុងប្រទេសដូចជាជំទាវ ចន ច័ន្ទលក្ខណា ប្រធានសមាគមសិល្បករខ្មែរ, តារាសម្តែង កែវ ពេជ្រពិសី និង តារាសម្តែង សារ៉ាយ សក្កណា។ នេះគឺជាការរៀបការលើកទី២របស់តារាសម្តែងកំពូលរាជនីសម្រស់ លី ម៉ារីណា បន្ទាប់ពីផ្តាច់ទំនាក់ទំនងជាមួយអតីតស្វាមីលោក សាត ចាន់ថន ដោយផ្តើមចេញពីការរស់នៅមិនចុះសម្រុងជាមួយគ្នាដោយបន្សល់នូវចំណងដៃកូនប្រុសម្នាក់។

បន្ទាប់ពីមានរឿងមិនល្អកើតឡើងចំពោះខ្លួនពេលនេះអ្នកនាង ម៉ារីណា បានទទួលភាពកក់ក្តៅជាមួយគូជីវិតជាមួយលោកវរៈសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញដោយអ្នកទាំងពីរដឹកដៃគ្នាចូលរោងការតាមប្រពៃណីខ្មែរព្រមទាំងទទួលបានកិត្តិយសជាពិសេសមានលោកជំទាវ ហ៊ុន ស៊ីណាត ធ្វើជាអ្នកដឹកដៃថែមទាំងទៀតផង។ រឹតតែពិសេសនោះពិធីមង្គលការរបស់ លី ម៉ារីណា គឺជារោងការចុងក្រោយរបស់លោកជំទាវដែលធ្វើជាអ្នកដឹកដៃមុនលោកចូលនិវត្តន៍។
លោកជំទាវ មានប្រសាសន៍នៅលើបណ្តាញសង្គមថា «នេះគូបង្ហើយចូលនិវត្តន៍មែនទែនហើយមិត្តរួមហ្វេសប៊ុកអើយ ក្នុងកម្មវិធីសិរីមង្គលអាពាហ៍ពិពាហ៍ ក្មួយប្រុស ទៀង ច័ន្ទសារ និងក្មួយស្រី លី ម៉ារីណា សូមជូនពរដល់ក្មួយទាំងពីរឱ្យជីវិគូនេះស្រឡាញ់គ្នាដល់ចាស់ព្រេងចាស់ព្រឹទ្ធ»។
គេចាំបានថាលោកជំទាវ ហ៊ុន ស៊ីណាត ធ្លាប់ចេញមកប្រតិកម្ម និងបានបញ្ជាក់ថាលោកជំទាវមិនមែនជាអ្នកស៊ីឈ្នួលដឹកដៃកូនកំលោះក្រមុំក្នុងថ្ងៃរៀបអាពាហ៍ពិពាហ៍នោះទេ ប៉ុន្តែការដែលលោកជំទាវធ្វើជាអ្នកដឹកដៃនេះគឺដើម្បីផ្តល់កិត្តិយសទៅម្ចាស់កម្មវិធីដែលបានអញ្ជើញប៉ុណ្ណោះ។ ការដែលលោកជំទាវ ហ៊ុន ស៊ីណាត ចេញមកបញ្ជាក់នេះបន្ទាប់ពីមានអ្នកលើកឡើងថាលោកជំទាវ ដឹកដៃកូនកំលោះ កូនក្រមុំម្តងបានចំនួន៤ទៅ៥ម៉ឺនដុល្លារ។
កន្លងមកនេះលោកជំទាវ ធ្លាប់បានដឹកដៃកូនកំលោះ កូនក្រមុំជាច្រើនគូហើយសុទ្ធសឹងតែជាបុគ្គលមានមុខមាត់ក្នុងសង្គម ដោយរយៈពេលចុងក្រោយនេះមានដូចជាពិធីមង្គលការលោកស្រី ទ្រី ដាណា លោក ឌួង ឆាយ តារាចម្រៀង ឃុន វុត្ថា និងតារាសម្តែង លី ម៉ារីណា ដែលជារោងការចុងក្រោយរបស់លោកជំទាវនេះឯង៕










