ប្រទេសឥណ្ឌា ៖ លោកយាយម្នាក់អាយុ៩២ឆ្នាំ បានមកចុះឈ្មោះចូលរៀននៅសាលាបឋមសិក្សាមួយកន្លែងនៅប្រទេសឥណ្ឌា ហើយលោកយាយក៏បានក្លាយជាជនគំរូម្នាក់ ដែលជំរុញឱ្យស្ត្រី និងក្មេងស្រីជាច្រើននាក់ទៀតចង់ចូលរៀន ។ លោកយាយប្រាប់ថា កាលពីមុន គាត់មិនចេះរាប់លេខ ឬរាប់លុយទេ ហើយពេលទៅផ្សារម្តងៗបានជួបពួកកេងចំណេញ និងបោកប្រាស់ ។
លោកយាយរូបនេះឈ្មោះ Salima Khan កើតនៅឆ្នាំ១៩៣១ បានចុះឈ្មោះចូលរៀននៅសាលា Chavalli Village Primary School ក្នុងរដ្ឋ Uttar Pradesh ។ បើទោះជាគាត់មានអាយុច្រើនហើយ ប៉ុន្តែគាត់នៅតែធ្វើការងារនឿយហត់ និងទៅសាលារៀនជាមួយចៅជារៀងរាល់ថ្ងៃ ។![]()
កាលពីលោកយាយនៅក្មេង ភូមិដែលគាត់រស់នៅនោះគ្មានសាលារៀនទេ ។ នៅពេលគាត់អាយុ១៤ឆ្នាំ គាត់ក៏បានរៀបការជាមួយបុរសម្នាក់ និងមានកូនប្រុសចំនួន៤នាក់ និងកូនស្រីម្នាក់ ។ ហេតុនេះ គាត់ត្រូវប្រកបមុខរបរធ្វើចម្ការដើម្បីចិញ្ចឹមកូនៗ ហើយគាត់គ្មានពេលវេលារៀនអក្សរទេ ។
ពេលវេលាបានកន្លងផុតទៅ កូនៗរបស់គាត់ក៏បានធំពេញវ័យ និងរៀបការប្តី-ប្រពន្ធរៀងៗខ្លួន ។ រីឯលោកយាយមានសុខភាពទន់ខ្សោយ ហើយមិនអាចធ្វើការងារធ្ងន់បន្តទៀតបាន ។ រាល់ព្រឹក គាត់តែងតែអង្គុយនៅមុខផ្ទះ និងឃើញក្មេងៗទៅសាលារៀន ទើបគាត់មានអារម្មណ៍ថា ចង់ទៅរៀនដែរ ។
នៅដើមឆ្នាំ២០២៣ ពេលដឹងថា សាលារៀនបានរៀបចំអាហារថ្ងៃត្រង់ឱ្យកូនសិស្សមិនគិតថ្លៃ ធ្វើឱ្យលោកយាយកាន់តែចង់ទៅសាលារៀនខ្លាំងឡើងដើម្បីចេះអានអក្សរ និងមិនចង់ឱ្យកូនចៅលំបាក ។ ហេតុនេះ គាត់ក៏សម្រេចចិត្តមកចុះឈ្មោះចូលរៀននៅសាលារៀនបឋមសិក្សាក្នុងភូមិឆាវ៉ាលី ។
ប៉ុន្តែនាយកសាលា និងគ្រូបង្រៀននៅទីនេះស្ទាក់ស្ទើរយ៉ាងខ្លាំង ព្រោះពួកគេគិតថា ការបង្រៀនមនុស្សចាស់ឱ្យចេះអានអក្សរជាការងារមួយពិបាក ។ ប៉ុន្តែដោយសារឃើញលោកយាយតាំងចិត្តខ្លាំង ទើបលោកគ្រូ អ្នកគ្រូ ជឿថា គាត់នឹងក្លាយជាកូនសិស្សល្អ និងអនុញ្ញាតឱ្យគាត់ចូលរៀនពេលអាយុ៩២ឆ្នាំ ។
លោកយាយមានបញ្ហាឈឺជើង និងពិបាកដើរទៅសាលារៀន ហើយភ្នែកក៏មើលពុំសូវច្បាស់ដែរ ទើបក្លាយជាឧបសគ្គក្នុងការរៀន ។ ប៉ុន្តែការលំបាកទាំងនេះមិនបានធ្វើឱ្យគាត់បោះបង់ឱកាសរៀនសូត្រទេ គឺគាត់នៅតែរៀនបន្តទៀតជាមួយក្មេងតូចៗ ។ រៀងរាល់ព្រឹក ក្រុមគ្រួសារបានជូនគាត់ទៅសាលារៀនជាមួយចៅប្រុសម្នាក់ទៀត អាយុ១០ឆ្នាំ ។ បន្ទាប់ពីចេញពីសាលា ក្រុមគ្រួសារនឹងមកទទួលគាត់ត្រឡប់ទៅផ្ទះវិញ ។ ក្នុងរយៈពេល៨ខែ លោកយាយអាចសរសេរឈ្មោះខ្លួនឯង និងរាប់ពីលេខ១ ដល់លេខ១០០ ។
ក្នុងថ្ងៃប្រឡង មហាជនភាគច្រើនចាប់អារម្មណ៍លើលោកយាយយ៉ាងខ្លាំង ។ លោកយាយកំណត់គោលដៅថា បើគាត់ប្រឡងជាប់ និងទទួលបានសញ្ញាបត្រ គាត់នឹងក្លាយជាពលរដ្ឋម្នាក់មានចំណេះដឹងនៅប្រទេសឥណ្ឌា ។ លោកយាយប្រាប់ថា ៖ «ពេលមុន ខ្ញុំមិនចេះរាប់លេខ ឬរាប់លុយទេ ។ ពេលខ្ញុំទៅទិញអីនៅផ្សារ ត្រូវគេកេងចំណេញជាញឹកញាប់ តែពេលនេះ គ្មានអ្នកណាកុហកខ្ញុំបានទេ» ។
ពលរដ្ឋឥណ្ឌារស់នៅរដ្ឋ Uttar Pradesh មួយចំនួនធំពុំសូវមានចំណេះដឹងជ្រៅជ្រះទេ ហើយស្ត្រីប្រមាណ៣០% គ្មានឱកាសបានរៀនសូត្រ ។ ហេតុនេះ នៅពេលរឿងរ៉ាវរបស់លោកយាយ Salima Khan ល្បីល្បាញក្នុងបណ្តាញសង្គម បានធ្វើឱ្យគាត់ក្លាយជាជនគំរូរបស់ស្ត្រី និងក្មេងស្រីជាច្រើនទៀតក្នុងភូមិ ៕










