បន្ទាប់ពីបេក្ខនារី ព្រះកាយច័ន្ទ បានបង្ហោះសារអះអាងថានឹងមិនទៅប្រកួតកម្មវិធីផ្សេងឡើយក្រៅពីឆាក Miss Grand International ដែលនាំឱ្យមានមតិវែកញែកយ៉ាងច្រើនខណៈអ្នកខ្លះថាចាំប្រកួតថ្នាក់រាជធានី/ខេត្ត ជាប់សិនទៅចាំនិយាយ។ ស្របពេលកំពុងផ្ទុះកក្រើកសំណេររបស់ ព្រះកាយច័ន្ទ ស្រាប់តែ សៃហ្វុន លំដាប់រងទី១បវរកញ្ញាចក្រវាលកម្ពុជា២០២៣ ចេញមកបង្ហោះសារដាស់តឿន បេក្ខភាពកំពុងប្រកួត និងអ្នកមានបំណងប្រកួតបវរកញ្ញាកុំបង្ហោះសារអ្វីផ្តេសផ្តាសជៀសវាងមានបញ្ហាដល់ការប្រកួត។
នៅរសៀលថ្ងៃទី១១ មករា សៃហ្វុន លំដាប់រងទី១ Miss universe Cambodia 2023 បានចេញមកបង្ហោះសារដាស់តឿនស្មារតីបេក្ខភាពបវរកញ្ញាឱ្យមានការប្រុងប្រយ័ត្នកុំបង្ហោះសារផ្តេសផ្តាសព្រោះអាចនាំមានបញ្ហាដល់ការប្រកួត។ សំណេររបស់ សៃហ្វុន បានលើកឡើងថា «បងៗអូនៗដែលមានបំណងចង់ចូលប្រកួតនៅក្នុងវិស័យបវរកញ្ញាឬក៏បេក្ខភាពស្ថិតនៅក្នុងការប្រកួតក្តី ចូរកុំផុសអ្វីផ្ដេសផ្ដាសជៀសវាងមានបញ្ហាដល់ការប្រកួតបំណងល្អពីនាងខ្ញុំ»។.jpg)
ការបង្ហោះសារនេះដែរទោះបីជាមិនសម្តៅចំឈ្មោះ ប៉ុន្តែជាសារដាស់តឿនដោយបំណងល្អពី សៃហ្វុន ទៅលើអ្នកជំនាន់ក្រោយលើវិស័យបវរកញ្ញាស្របពេលនាងគឺបានដើរផ្លូវនេះមុនទាំងធ្លាប់តំណាងប្រទេសកម្ពុជាចូលប្រកួតលើឆាកអន្តរជាតិ Miss International Queen 2022។ ការបង្ហោះរបស់ សៃហ្វុន ស្របពេល ព្រះកាយច័ន្ទ បានបង្ហោះសំណេររបស់ខ្លួនមួយនៅលើបណ្តាញសង្គមដែលអះអាងថាមិនចូលប្រកួតកម្មវិធីណាផ្សេងក្រៅពីឆាក Miss Grand International។ «នាងខ្ញុំដាក់ពាក្យប្រកួត Miss Grand Cambodia ចឹងបើនាងខ្ញុំមិនបានជាប់ទៅប្រកួតនៅ Miss Grand International ទេ នាងខ្ញុំសុំមិនទៅប្រកួតក្នុងកម្មវិធីផ្សេងនោះទេ។ អរគុណដែលបងប្អូនគាំទ្រ ខ្ញុំនឹងមិនធ្វើឱ្យបងប្អូនអស់សង្ឃឹមឡើយ ខ្ញុំនឹងព្យាយាមបន្ថែមដើម្បីកម្ពុជា »។ នេះជាសំណេររបស់ ព្រះកាយច័ន្ទ។
គួរបញ្ជាក់ថា នាថ្មីៗនេះផងដែរតាមរយៈផេកអ្នកគាំទ្របវរកញ្ញាបានបង្ហើបដំណឹងថាកម្មវិធី Miss Grand Cambodia 2024 ដែលមានលោកស្រី អ៊ឹម សុគន្ធា ដឹកនាំក្នុងឆ្នាំទី២ គ្រោងនឹងបញ្ជូនលំដាប់រងទៅប្រកួតលើឆាកអន្តរជាតិក្នុងកម្មវិធីបវរកញ្ញាផ្សេងទៀតក្រៅពីជ័យលាភីឯកប្រកួតលើឆាក Miss Grand International មិនទុកតំណែងរងចោលដូចឆ្នាំ២០២៣ឡើយ៕.jpg)










