ប្រទេសឥណ្ឌា ៖ សារព័ត៌មានបរទេសបានចុះផ្សាយពីរឿងរ៉ាវរបស់បុរសម្នាក់ឈ្មោះ Purkharam អាយុ៤២ឆ្នាំ រស់នៅក្នុងភូមិ Bhadwa ប្រទេសឥណ្ឌា ។ បុរសរូបនេះបានកើតជំងឺចម្លែកម្យ៉ាង ហៅថា Axis Hypersomnia ឬជំងឺងងុយដេកខុសធម្មតា ។ តាំងពីគាត់កើតជំងឺនេះមក គាត់ពុំអាចប្រកបរបររកស៊ី ឬធ្វើការដូចមនុស្សធម្មតាបានទេ ហើយក្រុមគ្រួសាររបស់គាត់ ត្រូវមកអង្គុយបញ្ចុកអាហារទៀតផង ។

មនុស្សទូទៅនឹងសម្រាកលក់ ចាប់ពី៦ម៉ោង ទៅ៨ម៉ោងក្នុង១ថ្ងៃ ប៉ុន្តែលោក Purkharam បានសម្រាកលក់ម្តងរហូតដល់២៥ថ្ងៃ ទើបលោកភ្ញាក់វិញ ។ ហេតុនេះ គ្រូពេទ្យបានធ្វើរោគវិនិច្ឆ័យថា គាត់កើតជំងឺចម្លែក និងកម្រមានអ្នកណាកើតជំងឺនេះណាស់ ។ គាត់បានកើតជំងឺចម្លែកនេះតាំងពី២៣ឆ្នាំមុន ហើយចាប់ពីពេលនោះមក ជំងឺនេះបានធ្វើឱ្យប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃរបស់គាត់យ៉ាងខ្លាំង ។Real-life Kumbhakarna - Rajasthan man sleeps for 300 days a year

ចំណុចសំខាន់ នៅពេលគាត់បានសម្រាកលក់ហើយ គាត់ពិបាកនឹងភ្ញាក់ឡើងវិញណាស់ ហើយគាត់ក៏មិនអាចហាមឃាត់ខ្លួនឯងកុំឱ្យសម្រាកលក់យូរថ្ងៃបែបនេះដែរ ។ ហេតុនេះ ពេលសម្រាកលក់ម្តងៗ គាត់មិនអាចភ្ញាក់មកប្រកបរបររកស៊ី ឬធ្វើការងារដូចមនុស្សធម្មតាបានទេ ។

ក្រុមគ្រួសាររបស់លោក Purkharam ប្រាប់ថា ពេលដំបូង លោក Purkharam បានសម្រាកលក់ចាប់ពី៧ថ្ងៃ ទៅ៨ថ្ងៃ ទើបភ្ញាក់ម្តង ។ ប៉ុន្តែរយៈពេលក្រោយមក រោគសញ្ញានេះកាន់តែធ្ងន់ធ្ងរខ្លាំងឡើង រហូតដល់បច្ចុប្បន្ន គាត់បានសម្រាកលក់ចាប់ពី២០ថ្ងៃ ទៅ២៥ថ្ងៃឯណោះ ទើបភ្ញាក់ឡើងវិញ ។ ហេតុនេះ ក្រុមគ្រួសារបានរកវិធីបញ្ចុកអាហារ និងងូតទឹកឱ្យគាត់ ពេលគាត់កំពុងដេកលក់ ។ រយៈពេលជាច្រើនឆ្នាំកន្លងមក ជំងឺនេះធ្វើឱ្យប៉ះពាល់ដល់ការប្រកបររបររកស៊ី និងការរស់នៅប្រចាំថ្ងៃយ៉ាងខ្លាំង ។Real-life Kumbhakarna - Rajasthan man sleeps for 300 days a year

ក្រុមគ្រូពេទ្យពុំទាន់មានវិធីព្យាបាលជំងឺដេកលក់យូរថ្ងៃរបស់គាត់ទេ ហើយបើទោះជាគាត់បានព្យាយាមព្យាបាលខ្លួនឯងអស់រយៈពេលជាច្រើនឆ្នាំក្តី ប៉ុន្តែវាមានផលប៉ះពាល់ច្រើន ដូចជា ៖ ឈឺក្បាលខ្លាំង និងអស់កម្លាំង ។ ទោះជាគាត់ត្រូវប្រឈមមុខនឹងជំងឺនេះក្តី ប៉ុន្តែក្រុមគ្រួសារ និងខ្លួនគាត់នៅតែសង្ឃឹមថា នៅថ្ងៃណាមួយ គាត់នឹងជាសះស្បើយពីជំងឺនេះ ហើយអាចរស់នៅតាមធម្មតាដូចគេឯងមិនខាន ៕