តៃវ៉ាន់គឺជាកោះមួយដែលស្ថិតនៅលើដែនសមុទ្ររបស់ប្រទេសចិន ហើយតៃវ៉ាន់ក៏បានប្រកាសខ្លួនពីលិទ្ធប្រជាធិតេយ្យ និងគ្រប់គ្រងទឹកដីដោយរដ្ឋាភិបាលផ្ទាល់ខ្លួន។ កោះតៃវ៉ាន់អាចឈរជើងមកដល់បច្ចុប្បន្ននេះបានគឺដោយសារតែមានការជួយជ្រុំជ្រែងពីសហរដ្ឋអាមេរិក ប៉ុន្តែក៏នៅតែមានការគំរាមកំហែងពីចិន។ តើរឿងរ៉ាវនេះ វាចាប់ផ្តើមដោយរបៀបណា?
កោះតៃវ៉ាន់គឺបានគ្រប់គ្រងដោយអធិរាជចិនអស់រយៈពេលជាង២០០ឆ្នាំមកហើយ ចន្លោះឆ្នាំ១៦៨៣ ដល់ ១៨៩៥។ បន្ទាប់ចាប់ពីពេលនោះមក ចិនបានចាញ់សង្គ្រាមជាមួយជប៉ុន ក៏ត្រូវបានជប៉ុនត្រួតត្រាកោះនេះជំនួសវិញអស់រយៈពេល៥០ឆ្នាំ។ ក្នុងឆ្នាំ ១៩៤៥ ក្រោយពីជប៉ុនបានចាញ់លោកលើកទី២និងបានថមថយឥទ្ធិពលរបស់ខ្លួន កោះនេះក៏ធ្លាក់មកស្ថិតក្រោមការគ្រប់គ្រងរបស់ចិនវិញ។ ប៉ុន្តែអំឡុងនោះផងដែរ ប្រទេសចិនក៏បានកើតមានសង្គ្រាមស៊ីវិល រវាងម្ខាងជាបក្សកម្មុស្សន្តរបស់លោកម៉ៅ សេទុង គ្រប់គ្រងចិនដីគោក (ខាងប្រទេសចិនបច្ចុប្បន្ន) និងម្ខាងទៀតក្រុមអ្នកជាតិនិយម Chiang kai shek ដែលបានរត់គេចខ្លួនទៅលើកោះតៃរ៉ាន់។ ក្នុងឆ្នាំ ១៩៤៩ ប្រទេសចិនក៏បានបែងចែកជា២គឺ ប្រទេសចិន(គេហៅថាចិនដីគោក)និងតៃវ៉ាន់(ចិនដែនទឹក)នេះឯង។
បច្ចុប្បន្ន តៃវ៉ាន់មានឈ្មោះជាផ្លូវការថា «សាធារណៈរដ្ឋចិន» ខណៈប្រទេសចិនវិញគឺមានឈ្មោះជាផ្លូវការថា «សាធារណៈរដ្ឋប្រជាមានិតចិន»។
រីឯសហរដ្ឋអាមេរិកវិញ ដូចដែលយើងបានដឹងហើយថានេះ គឺជាប្រទេសដែលមានលិទ្ធិប្រជាធិបតេយ្យ ក៏បានប្រកាន់នូវគោលជំហរគាំទ្រប្រទេសសេរីដូចគ្នា ដូចជាតៃវ៉ាន់ជាដើម ហើយក៏ឃើញថាសហរដ្ឋអាមេរិកតែងតែឧបត្ថម្ភគាំទ្រកោះនេះយ៉ាងពេញទំហឹង ព្រមទាំងដាក់មូលដ្ឋានទ័ពខ្លួននៅលើកោះតៃវ៉ាន់នេះទៀតផង។ ទោះជាយ៉ាងណា ប្រទេសចិនគឺនៅតែទាមទារដោយប្រកាសយ៉ាងមុតមាំថា ខ្លួននឹងបង្រួបបង្រួមនិងយកតៃវ៉ាន់មកវិញឲ្យទាល់តែបាន ហើយអាចនឹងប្រើកម្លាំងទៅលើកោះនេះតែម្តង ប្រសិនបើមានភាពចាំបាច់។
កោះតៃវ៉ាន់ បើទោះបីជាដែនដ៏តូចមួយក៏ពិតមែន ប៉ុន្តែសក្តានុពលរបស់វាពិតជាមហិមា ដោយហេតុថា កោះនេះគឺជាទីតំាងយុទ្ធសាស្រ្តដ៏សំខាន់មួយក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងការទាញយកនូវផលប្រយោជន៍ផ្នែកសេដ្ឋកិច្ច-ពាណិជ្ជកម្មដ៏ធំ ក៏ដូចភាពអំណោយផលនៃធនធានក្រោមនិងលើមហាសមុទ្រនៃកោះនេះទៀតសោត គឺពិតជាមានតម្លៃមហាសាល។
ភាពជាដៃគូរពាណិជ្ជកម្មជាមួយនឹងកោះតៃវ៉ាន់នេះពិតបានផ្តល់នូវផលប្រយោជន៍ជាច្រើនទៅកាន់សហរដ្ឋអាមេរិក ចំណេញទាំងផ្នែកសេដ្ឋកិច្ច នយោបាយ និងស្ថេរភាពនៅក្នុងតំបន់ ហើយជាពិសេសជាងនេះទៅទៀតនោះ គឺដើម្បីទប់ទល់និងបន្ថយឥទ្ធិពលរបស់ចិនដែលជាគូរប្រជែងរបស់ខ្លួន។
ប៉ុន្តែទោះជាណា មានហេតុផលមួយចំនួនដែលប្រទេសចិនក៏នៅតែអាចនឹងមានឱកាសបង្រួបបង្រួមជាមួយនឹងតៃវ៉ាន់វិញបាន តាមរយៈបញ្ចុះបញ្ចូលទំនាក់ទំនងការទូតជាផ្លូវការជាមួយនឹងតៃវ៉ាន់ ដោយប្រើយុទ្ធនាការណ៍ «ប្រទេសតែមួយ ក្រោមក្បាលម៉ាស៊ីនដឹកនាំ២» ដែលជាវិធីសាស្រ្តដ៏មានប្រសិទ្ធភាពមួយក៏ធ្លាប់បានប្រើជាមួយនឹងហុងកុងផងដែរ។ ម៉្យាងវិញទៀត ប្រទេសចិនគឺអាចព្យាយាមដាក់សម្ពាធផ្នែកពាណិជ្ជកម្ម ឬ ធ្វើសមយុទ្ធយោធា ការបញ្ជូនត្រូន នាវាឆ្មាំសមុទ្រទៅគ្លាំមើលកោះនេះ ដើម្បីបំភិតបំភ័យតៃវ៉ាន់ជាដើម។
ជាថ្នូរត្រឡប់មកវិញជុំវិញករណីនេះគឺនៅតែមានភាពស្រពិចស្រពិលនៅឡើយនោះទេ ដោយមានតែរងចាំមើល ជាពិសេសគឺនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ខាងមុខនេះ គឺជាដំណើរការនៃការបោះឆ្នោតរបស់តៃវ៉ាន់ ថាតើក្រោយពេលជាប់ឆ្នោតរដ្ឋាភិបាលថ្មីនេះមានទំនោរទៅរកមហាអំណាចចិនឬអាមេរិកជាង? ការកក្រើកនៃភូមិសាស្រ្តនយោបាយប្រាកដជានឹងកើតមានឆាប់ៗ!










