បើកទំព័រឆ្នាំ ២០២៤ មិនទាន់បានប៉ុន្មានថ្ងៃស្រួលបួលផង ជប៉ុនបានជួបគ្រោះមហន្តរាយនិងរឿងរន្ធត់ផ្ទួនៗ ដូចជារញ្ជួយដី ឆេះយន្តហោះ ឆេះតំបន់ពាណិជ្ជកម្មផ្សេងៗ ដែលបណ្តាលឱ្យខូចខាតដល់កន្លែងទេសចរណ៍មួយចំនួនរួមទាំងសំណង់ដែលមានអាយុកាលជាង ១,០០០ ឆ្នាំផងដែរ។ ដូច្នេះ ខេត្តចំនួន ៤ រួមមាន Ishikawa, Niigata, Fukui, និង Gifu សុទ្ធតែជាតំបន់ទេសចរណ៍ដ៏ល្បីល្បាញមួយនៅកណ្តាលប្រទេសជប៉ុនដែលបានរងការខូចខាតយ៉ាងខ្លាំងបន្ទាប់ពីការរញ្ជួយដីកាលពីថ្ងៃទី ១ ខែមករាកន្លងទៅ។
១.ទីសក្ការៈបូជា Keta៖ នៅលើបណ្តាញសង្គម ការរញ្ជួយដីបានធ្វើឱ្យប្រាសាទឈើរង្គោះរង្គើ ហើយដើមឈើជុំវិញនោះបានរលាស់ជាបន្តបន្ទាប់។ ទីសក្ការៈបូជា Keta មានទីតាំងនៅជិតឆ្នេរសមុទ្រ Hakui ក្នុងខេត្ត Ishikawa។ កន្លែងនេះគោរពបូជា Otomi Takamikoto ពី “ទឹកដីនៃព្រះ” – Izumo រួមជាមួយនឹងព្រះជាច្រើនទៀត។![]()
២.ទីសក្ការៈបូជា Onohiyoshi៖ ប្រាសាទដ៏ល្បីល្បាញមួយទៀតនៅ Ishikawa ដែលត្រូវបានរងផលប៉ះពាល់ដោយការរញ្ជួយដីកម្រិត ៧.៦ រ៉ិចទ័រនោះគឺ Onohiyoshi។ Onohiyoshi គឺជាគោលដៅដ៏ទាក់ទាញ ហើយមនុស្សម្នាមកបួងសួងសុំសេចក្តីសុខ និងសន្តិភាពរៀងរាល់ឆ្នាំថ្មី។ ប្រាសាទនេះត្រូវបានសាងសង់ឡើងក្នុងឆ្នាំ ៧៣៣ ដោយគោរពបូជាព្រះ Oyamakui no Kami និង Omononush ។ ទោះជាយ៉ាងណា ថ្មីៗនេះខ្លោងទ្វារនៅប្រាសាទមួយនេះបានដួលរលំនៅចំពោះមុខអ្នកស្រុក និងភ្ញៀវទេសចរតែម្តង។
៣.ផ្សារពេលព្រឹក Wajima៖ ការរញ្ជួយដីកាលពីថ្ងៃទី ១ ខែមករាបានបណ្តាលឱ្យមានអគ្គីភ័យនៅទីតាំងជាច្រើនក្នុងទីក្រុង Wajima។ អគារមួយក្នុងចំណោមអគារដែលត្រូវភ្លើងឆេះនោះគឺផ្សារពេលព្រឹក Wajima ដែលមានអាយុកាល ១ ពាន់ឆ្នាំ។ ភ្លើងបានឆាបឆេះផ្សារវ៉ាជីម៉ាភ្លាមៗបន្ទាប់ពីមានការរញ្ជួយដីនៅម៉ោង ៤ និង ៥០ នាទីរសៀល ។ ដូច្នេះកន្លែងទេសចរដ៏ល្បីល្បាញនេះ បច្ចុប្បន្នត្រូវបានបិទជាបណ្ដោះអាសន្ន ដើម្បីសង្គ្រោះពីផលវិបាកនៃអគ្គិភ័យ។
៤. Higashi Chayagai៖ Higashi Chayagai គឺជាកន្លែងទេសចរដ៏ល្បីល្បាញបំផុតមួយនៅក្នុងប្រទេសជប៉ុន ដែលមានទីតាំងនៅតំបន់ Higashiyama ទីក្រុង Kanazawa។ ទីកន្លែងប្រវត្តិសាស្ត្រនេះក៏ត្រូវបានខ្ទេចខ្ទាំដោយការរញ្ជួយដីកាលពីថ្ងៃទី១ ខែមករាផងដែរ។ ហេតុនេះហើយ បច្ចុប្បន្នដំណើរទេសចរណ៍មួយចំនួនទៅកាន់ប្រទេសជប៉ុន ក៏ត្រូវបានលុបចោល ឬពន្យារពេលផងដែរ៕










