នាថ្មីៗនេះ រដ្ឋបាលខេត្តពោធិ៍សាត់ បានចេញសេចក្តីណែនាំឱ្យពលរដ្ឋទូទាំងខេត្តពោធិ៍សាត់ ផ្អាកការងារបង្កបង្កើនផលស្រូវនៅរដូវប្រាំងលើកទី២។
មន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍ បានលើកឡើងថា៖” ការស្នើសុំឱ្យពលរដ្ឋផ្អាកធ្វើស្រូវនៅរដូវប្រាំងលើកទី២នេះ ក៏ដោយសារតែ មានកង្វះទឹក។ ការផ្គត់ផ្គង់ទឹកជូនប្រជាកសិករក្នុង ឆ្នាំ២០២៤នេះ បានត្រឹមតែ ២០.០០០ហិកតាប៉ុណ្ណោះ ប៉ុន្តែផ្អែកតាមការចុះពិនិត្យជាក់ស្តែងកន្លងមករបស់ ថ្នាក់ដឹកនាំខេត្ត និងការវាយតម្លៃរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ការបង្កបង្កើនផលរបស់បងប្អូន ប្រជាកសិករយើង បានកើនរហូតដល់ ៤៦.៣៤១ហិកតា លើសផែនការប្រើប្រាស់ទឹក ២៦.៣៤១ហិកតា”។
ក្នុងន័យនេះ រដ្ឋបាលខេត្ត សូមណែនាំដល់បងប្អូនប្រជាកសិករទាំងអស់ក្នុងខេត្ត ដែលកំពុងបង្កបង្កើនផលស្រូវ ប្រាំងឆ្នាំ២០២៤នេះ ត្រូវអនុវត្តតាម៤ចំណុចរបស់រដ្ឋបាលខេត្ត៖
១-សូមបងប្អូនប្រជាកសិករទាំងអស់ ផ្អាកការបង្កបង្កើនផលដំណាំស្រូវលើកទី២ បន្ទាប់ពីបងប្អូនប្រមូលផលរួចរាល់នៅក្នុងអំឡុងខែមករា ដល់ខែឧសភា ឆ្នាំ២០២៤ ខាងមុខ។
២-បងប្អូនប្រជាពលរដ្ឋទូទាំងខេត្ត ត្រូវត្រៀមទឹកក្នុងស្រះ អណ្តូង ប្រឡាយ ដែលអាចស្តុកទឹកបាន សម្រាប់ទុកប្រើប្រាស់ប្រចាំថ្ងៃ និងសត្វពាហនៈជាដើម។
៣-ក្នុងករណីបងប្អូនប្រជាកសិករនៅតែអនុវត្ត មិនទទួលយកការណែនាំរបស់រដ្ឋបាលខេត្តទេនោះ រដ្ឋបាលខេត្តមិនទទួលខុសត្រូវលើការខ្វះទឹកស្រោចស្រពដំណាំស្រូវនៅរដូវប្រាំងនេះឡើយ។
៤-ការដែលប្រជាកសិករយើងនៅតែបន្តបង្កបង្កើនផលស្រូវរដូវប្រាំងលើកទី២ ទៀតនោះ បងប្អូននឹងអាចជួបប្រទះការខ្វះទឹកប្រើប្រាស់ប្រចាំថ្ងៃ ខ្វះទឹកសម្រាប់សត្វពាហនៈ និងខាតបង់ថវិការបស់ បងប្អូនប្រជាកសិករថែមទៀតជាមិនខាន៕












