ដើមឆ្នាំ២០២៤ភ្លាមនារីម្នាក់ចេញមកអះអាងថាជាព្រះនាងឥន្ទ្រទេវីមកជួយជាតិធ្វើឱ្យបណ្តាញសង្គមផ្ទុះកក្រើកម្តងទៀតបន្ទាប់ពីផ្ទុះរឿងស្បថស្បែនៅមុខព្រះអង្គដងកើ។ ការចេញមកធ្វើខ្លួនដូចនេះ ជំទាវ ចន ច័ន្ទលក្ខណា ប្រធានសមាគមនសិល្បករកម្ពុជាបានស្នើដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និង ក្រសួងធម្មការ និងសាសនា ពិនិត្យលើករណីនេះ។ ជំទាវ ចន ច័ន្ទលក្ខណា បានលើកឡើងទៀតថាអ្នកកំពុងស្នងរូបព្រះនាងឥន្រ្ទទេវីបានបង្ហាញកាយវិការដូចស្រីរបាំបែបទាក់ទាញកាមារម្មណ៌បែបស្រើបស្រាលដើម្បីផលប្រយោជន៍របស់ខ្លួនយកព្រះនាងមកលេងសើចប្រយ័ត្នបានស្នងក្នុងបន្ទប់រួម។
នៅយប់ថ្ងៃទី២ មករា លើបណ្តាញសង្គមរបស់ប្រធានសមាគមសិល្បករកម្ពុជាជំទាវ ចន ច័ន្ទលក្ខិណា បានសរសេរយ៉ាងដូច្នេះថា «ផ្ញើជូនអ្នកកំពុងតាំងខ្លួនជាអ្នកស្នងរូបព្រះនាង ឥន្ទ្រទេវី ។ ពេលដែលសម្លៀកបំពាក់នេះមកស្ថិតលើខ្លួនខ្ញុំភ្លាមគឺខ្ញុំសែនគោរពប្រណិបត្តិរៀបឥរិយាបទរៀបឬករៀបពារឱ្យនឹងធឹងសមជាម្ចាស់ក្សត្រីប្រចាំព្រះមហានគរ ពេលខ្ញុំសម្តែងជាតួអង្គតំណាងព្រះនាងម្តងៗខ្ញុំតែងរៀបបាយសីថ្វាយព្រះអង្គដើម្បីសុំសេចក្តីសុខ តែខ្ញុំមិនដែលហ៊ានបួងសួងសុំព្រះបារមីព្រះនាងមកសណ្ឋិតឬឃុំគ្រងនាងខ្ញុំដើម្បីសម្តែងឱ្យសក្ក័សមជាព្រះនាងពិតៗនោះទេ ព្រោះខ្ញុំគិតថាខ្លួនខ្ញុំមិនបរិសុទ្ធស្អាតស្អំ100%ដែលអាចអោយព្រះនាងសណ្ឋិតបានទេ ព្រោះខ្ញុំគិតថាខ្ញុំនៅមាន ទោសៈ មោហៈ លោភៈក្នុងខ្លួន ដូច្នេះត្រឹមតែស្លៀកសម្លៀកបំពាក់ហើយសម្តែងជាតួអង្គតំណាងព្រះនាងគឺពិតជាអស្ចារ្យលើសលប់ពេកហើយសម្រាប់ខ្ញុំ»។

អតីតតួឯកល្បីល្បាញរូបនេះបន្តទៀតថា «ខ្ញុំជឿជាក់ថា ព្រះនាងមិនចូលសណ្ឋិតក្នុងរូបអ្នកស្នងណាទេ ដូច្នេះសូមកុំតាំងខ្លួនជាព្រះនាងឱ្យយសោះ ខ្ញុំឃើញទង្វើនិងសកម្មភាពរបស់អ្នកស្នងខ្លះគឺមានកាយវិការរាំមិនសមរម្យទាល់តែសោះ តាមការបង្ហាត់បង្រៀនពីសាស្ត្រាចារ្យនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានប្រាប់ខ្ញុំថា ឥរិយាបទព្រះនាងកុំថាឡើយកាយវិការម៉ឺងមាត់ហ្មត់ចត់នឹងនរស្ងប់អារម្មណ៍ សូម្បីតែកែវភ្នែកព្រះនាងក៏មិនងាកមើលឆ្វេងស្តាំទេ តែមួយរយៈនេះខ្ញុំឃើញអ្នកកំពុងស្នងរូបព្រះនាងប្រៀបដូចកាយវិការស្រីរបាំបែបទាក់ទាញកាមារម្មណ៌បែបស្រើបស្រាល »។ ជំទាវ ចន ច័ន្ទលក្ខណា បានសង្កត់ធ្ងន់ថា «កុំដើម្បីផលប្រយោជន៌របស់ខ្លួនយកព្រះនាងមកលេងសើច ប្រយ័ត្នបានស្នងក្នុងបន្ទប់រួម»។.png)
ទន្ទឹមនឹងការរៀបរាប់ខាងលើនេះ ប្រធានសមាគមសិល្បករកម្ពុជាក៏បានស្នើដល់ក្រសួងវប្បធម៌ និងក្រសួងធម្មការពិនិត្យលើនារីម្នាក់នេះដូចគ្នា។ ជំទាវ ចន ច័ន្ទលក្ខណា បានសរសេរយ៉ាងដូច្នេះថា «ខ្ញុំសូមស្នើសុំ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និង ក្រសួងធម្មការ និងសាសនា សូមអញ្ជើញប្អូនស្រីទៅពិគ្រោះយោបល់ផង ព្រោះតាមការឆាតជាមួយខ្ញុំគាត់កំពុងតាំងខ្លួនជាព្រះនាងឥន្ទ្រទេវីយាងមកជួយជាតិ»៕










