ប្រទេសថៃ ៖ សារព័ត៌មានថៃរាយការណ៍ថា នៅដើមខែមករា ឆ្នាំ២០២៤ មានចោរម្នាក់បានដើរចូលក្នុងហាងលក់មាសមួយកន្លែងនៅផ្សារទំនើប Lotus’s ខេត្តណាខន ស្រីថាំម៉ារ៉ាជ ។ បន្ទាប់មក ចោរនេះបានយកខ្សែកចំនួន២ខ្សែរត់ចេញទៅក្រៅ ដោយខ្សែកទាំង២ខ្សែនេះមានតម្លៃជាង២សែនបាត ។ ដូចគ្នានេះ មានចោរម្នាក់ទៀតបានឆក់ខ្សែកពីស្ត្រីម្នាក់ដែលកំពុងដើរនៅតាមផ្លូវ ។ ចុងក្រោយ សមត្ថកិច្ចអាចចាប់ខ្លួនចោរទាំង២នាក់បាន ហើយពួកគេបានបៀមមាសលាក់ក្នុងមាត់ ។
បើតាមបុគ្គលិកធ្វើការក្នុងហាងមាសប្រាប់ថា ពីដំបូង ចោរបានប្រើល្បិចចង់ទិញមាស ហើយសួរថា ៖ «តើមាស១ដំឡឹងមានតម្លៃប៉ុន្មានបាត? ព្រោះខ្ញុំចង់ទិញមាសឱ្យម៉ែសម្រាប់ថ្ងៃចូលឆ្នាំសកល» ។ ក្រោយមក បុគ្គលិកក្នុងហាងក៏យកមាសមកឱ្យចោរជ្រើសរើស ហើយចោរមើលមាសតែមួយភ្លែតប៉ុណ្ណោះ ក៏រត់គេចខ្លួនតែម្តង ។ ចោរខាងលើបានជិះម៉ូតូពណ៌ស គ្មានស្លាកលេខ សំដៅទៅកាន់ទីរួមខេត្តណាខន ស្រីថាំម៉ារ៉ាជ យ៉ាងរហ័ស ។
ក្រោយពេលកើតហេតុមិនដល់២ម៉ោង សមត្ថកិច្ចថៃក៏អាចចាប់ខ្លួនចោរខាងលើបានក្នុងផ្ទះនៅស្រុកថាសាឡា ដោយសារការពិនិត្យមើលតាមកាមេរ៉ាសុវត្ថិភាពនៅតាមផ្លូវ ដែលចោរខាងលើជិះម៉ូតូគេចខ្លួន ។ ពេលនោះ សមត្ថកិច្ចបានយកខ្សែកមាសពីចោរវិញ ដែលចោរបានលាក់ទុកខ្សែកមាសនេះក្នុងផ្ទះរបស់ខ្លួន ។ រីឯខ្សែក១ខ្សែទៀតរកពុំទាន់ឃើញទេ ។
សមត្ថកិច្ចក៏បានបញ្ជូនខ្លួនចោរមកសាកសួរនៅស្ថានីយប៉ូលិស ហើយសមត្ថកិច្ចបានព្យាយាមសួរចោរនេះថា ហេតុអ្វីធ្វើបែបនេះ? តើមានរឿងអ្វីកើតឡើង? បើទោះជាសមត្ថកិច្ចសួរសំណួរចោរយ៉ាងណាក្តី ក៏ចោរពុំព្រមនិយាយស្តីដែរ ហើយថែមទាំងមិនហ៊ានកម្រើកមាត់ទៀតផង ។ ចុងក្រោយ សមត្ថកិច្ចបានប្រទះឃើញខ្សែក១ខ្សែទៀតនៅក្នុងមាត់ចោរ ។
បើតាមសាច់ញាតិប្រាប់ថា ចោរនេះឈ្មោះ សុផាណាត់ អាយុ២៤ឆ្នាំ ជាអ្នកញៀនថ្នាំញៀន និងចូលចិត្តលេងហ្គេមផងដែរ ។ ហេតុនេះ ពួកគេសន្និដ្ឋានថា ចោរអាចយកមាសនេះទៅលក់ដើម្បីយកប្រាក់មកទិញថ្នាំញៀន និងលេងហ្គេម ។
ចំណែកហេតុការណ៍មួយទៀតក៏បានកើតឡើងនៅខេត្តជាមួយគ្នាដែរ គឺចោរបានបៀមខ្សែកមាសក្នុងមាត់ ដើម្បីលក់យកប្រាក់ទិញថ្នាំញៀន ។ ករណីបៀមមាសក្នុងមាត់នេះ គឺជាវិធីថ្មីរបស់ចោរ ប៉ុន្តែគេចមិនផុតពីការចាប់ខ្លួនរបស់សមត្ថកិច្ចទេ ។ សមត្ថកិច្ចបានចាប់ខ្លួនចោរម្នាក់ទៀតឈ្មោះ កាំម៉ុន វ៉ាត់ អាយុ៣៧ឆ្នាំ ដែលបានឆក់ខ្សែកមាសពីស្ត្រីម្នាក់ ។
សមត្ថកិច្ចបានបញ្ជូនចោរឈ្មោះ កាំម៉ុន វ៉ាត់ ទៅត្រួតពិនិត្យទឹកនោម និងឃើញលទ្ធផលវិជ្ជមាន ។ ចោរម្នាក់នេះសារភាពថា ខ្លួនទើបតែជក់ថ្នាំញៀន ហើយមុននេះ ខ្លួនជាអ្នកបើកបររថយន្តដឹកជញ្ជូនអីវ៉ាន់ឱ្យគេ ប៉ុន្តែខ្លួនបានឈប់ធ្វើការអស់២សប្តាហ៍ហើយ ។
ថ្ងៃមួយ ដោយសារតែខ្លួនគ្មានប្រាក់សោះ ហើយឃើញស្ត្រីម្នាក់ពាក់មាស ទើបខ្លួនដើរតាមស្ត្រីនោះ និងឆក់ខ្សែកតែម្តង ។ នៅពេលសមត្ថកិច្ចចាប់បាន ចោរឈ្មោះ កាំម៉ុន វ៉ាត់ ពុំដឹងថា យកមាសនេះទៅលាក់នៅកន្លែងណា ទើបលាក់ក្នុងមាត់តែម្តង ។
រីឯស្ត្រីរងគ្រោះឈ្មោះ សុដាផា ប្រាប់ថា គាត់ភ័យខ្លាំងណាស់ នៅពេលជួបហេតុការណ៍នេះ ។ នៅថ្ងៃនោះ គាត់បានចេញទៅទិញរបស់របរ និងដើរត្រឡប់មកផ្ទះវិញ ។ នៅតាមផ្លូវ គាត់មានអារម្មណ៍ថា ដូចមានមនុស្សដើរតាមក្រោយ ស្រាប់តែចោរបានស្ទុះមកឆក់ខ្សែកដែលគាត់កំពុងពាក់ ហើយរត់គេចខ្លួន ។ គាត់ក៏បានតាំងស្មារតី ស្រែកឱ្យអ្នកនៅក្បែរនោះជួយ និងប្តឹងសមត្ថកិច្ចឱ្យចាប់ខ្លួនចោរឆក់ខ្សែក ។
ចុងក្រោយ សមត្ថកិច្ចបានចោទប្រកាន់ចោរឈ្មោះ កាំម៉ុន វ៉ាត់ ចំនួន៣ករណី ដូចជា ៖ ១-លួចទ្រព្យសម្បត្តិអ្នកដទៃនៅពេលយប់, ២-រត់ឆក់ទ្រព្យសម្បត្តិអ្នកដទៃ និង៣-ជក់ថ្នាំញៀន ៕










