ប្រទេសចិន ៖ អ្នកលេងបណ្តាញសង្គមចិនបានចាប់អារម្មណ៍នឹងរឿងរ៉ាវរបស់ក្មេងស្រីម្នាក់ គឺនាងត្រូវបានកណ្តុរខាំម្រាមដៃ ភ្លាមនោះ នាងក៏ប្រញាប់ចាប់ច្របា.ច់ករវាយ៉ាងខ្លាំង រួចហើយនាងបានខាំកណ្តុរវិញ ។ នាងលែងចាប់អារម្មណ៍ទៀតហើយអំពីភាពស្អាត ឬមិនស្អាត ដោយនាងគ្រាន់តែចង់សងសឹកវិញប៉ុណ្ណោះ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន South China Morning Post កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ ។
ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ នៅបន្ទប់ស្នាក់នៅរបស់សាកលវិទ្យាល័យមួយកន្លែងក្នុងខេត្ត Jiangsu ស្ថិតនៅភាគខាងកើតប្រទេសចិន ។ ក្មេងស្រីខាងលើមានអាយុ១៨ឆ្នាំ ត្រូវបានកណ្តុរខាំម្រាមដៃរបស់នាង ហើយគេអាចឃើញស្នាមធ្មេញកណ្តុរយ៉ាងច្បាស់ទៀតផង ។
នៅពេលកណ្តុរខាំដៃនាងរួច ដោយសារនាងខឹងខ្លាំងពេក ហើយឈឺចាប់ផងនោះ នាងក៏សម្រេចចិត្តចាប់កណ្តុរនេះយ៉ាងណែនក្នុងដៃ និងបានខាំក្បាលវាវិញយ៉ាងខ្លាំង ។ ក្រោយមក នាងក៏បានទៅកាន់មន្ទីរពេទ្យ ដោយសារឈឺចុកចាប់នៅលើបបូរមាត់ ។
មិត្តភក្តិរបស់នាងបានបង្ហោះក្នុងបណ្តាញសង្គមថា នាងមានអារម្មណ៍សោកស្តាយនូវទង្វើរបស់ខ្លួន និងខ្មាស់អៀនផងដែរ ។ រីឯក្រុមគ្រូពេទ្យក៏ភ្ញាក់ផ្អើលដូចគ្នាដែរ ពីព្រោះពុំធ្លាប់ជួបហេតុការណ៍បែបនេះពីមុនមក ។
ក្មេងស្រីខាងលើប្រាប់ថា នាងបានចាក់ថ្នាំបង្ការជំងឺតេតាណូស និងជំងឺឆ្កែឆ្កួតរួចរាល់ហើយ ប៉ុន្តែសូមអ្នករាល់គ្នាកុំធ្វើតាមនាងជាដាច់ខាត ព្រោះវាប្រឈមនឹងការឆ្លងមេរោគយ៉ាងច្រើន ។ បច្ចុប្បន្ន នាងមានអាការៈធូរស្បើយហើយ រីឯសត្វកណ្តុរដែលខាំនាងនោះ ក៏បានងាប់ក្រោយពីនាងខាំវាមិនយូរប៉ុន្មាន ព្រោះនាងបានច្របាច់ករវាយ៉ាងខ្លាំង ៕










