ប្រទេសថៃ ៖ កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ សារព័ត៌មានថៃផ្សាយថា មានអ្នករត់ម៉ូតូឌុបថៃចំនួន២នាក់បានព្រួតគ្នាវាយភ្ញៀវទេសចរបរទេសនៅកណ្តាលទីក្រុងប៉ាតាយ៉ា ។ ក្រោយហេតុការណ៍នេះ ពួកគេត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនមកកាន់ស្ថានីយប៉ូលិស និងពិន័យជាប្រាក់ម្នាក់១ពាន់បាត ប៉ុន្តែអ្នករត់ម៉ូតូឌុបទាំងនេះប្រាប់សមត្ថកិច្ចថា ពួកគេវាយភ្ញៀវទេសចរបរទេស ដោយសារការពារខ្លួនប៉ុណ្ណោះ ។
បើតាមវីដេអូបង្ហាញថា អ្នករត់ម៉ូតូឌុបថៃបាននាំគ្នាដាល់ផ្ទៃមុខ និងទាត់ភ្ញៀវទេសចរបរទេសដែលមានតែម្នាក់ឯង ក្នុងកណ្តាលចំណោមអ្នករត់ម៉ូតូឌុបផ្សេងទៀត និងពលរដ្ឋថៃនៅពាសពេញបរិវេណនេះ ។ អ្នកឃើញហេតុការណ៍ស្រែកថា ៖ «ឈប់វាយទៅ បើមិនឈប់ទេ នឹងប្តឹងសមត្ថកិច្ចឱ្យចាប់ខ្លួនហើយ» ។ ហេតុការណ៍នេះបានកើតឡើងនៅបរិវេណចំណតម៉ូតូឌុប នៅមាត់ផ្លូវ «ប៉ាតាយ៉ា សាយសង» ខាងមុខហាងលក់ទំនិញមួយកន្លែងក្នុងខេត្តឈុនបុរី ។
អ្នកឃើញហេតុការណ៍បានថតវីដេអូវាយតប់គ្នាបង្ហោះក្នុងបណ្តាញសង្គម និងសរសេរថា ៖ «វាយភ្ញៀវទេសចរអស់មួយទំហឹងហើយ ពួកម៉ូតូឌុបប៉ាតាយ៉ា នៅថ្ងៃ Countdown ប៉ាតាយ៉ា» ដែលធ្វើឱ្យអ្នកលេងបណ្តាញសង្គមរិះគន់យ៉ាងខ្លាំងពីទង្វើរបស់ពួកគេ ។ អ្នកលេងបណ្តាញសង្គមខ្លះនិយាយថា ការវាយតប់ភ្ញៀវទេសចរបែបនេះ នឹងប៉ះពាល់ដល់វិស័យទេសចរណ៍ប្រទេសថៃមិនខាន ព្រោះបើមើលក្នុងវីដេអូឃើញថា អ្នករត់ម៉ូតូឌុបថៃមានគ្នាដល់ទៅ២នាក់បានវាយតប់មកលើភ្ញៀវទេសចរតែម្នាក់ឯង រហូតភ្ញៀវទេសចររូបនោះទ្រាំលែងបាន ។
ក្រោយមក សមត្ថកិច្ចប្រចាំក្រុងប៉ាតាយ៉ាបានឃាត់ខ្លួនអ្នករត់ម៉ូតូឌុបទាំង២នាក់ ដែលវាយតប់ជាមួយភ្ញៀវទេសចរមកសួរចម្លើយ ។ អ្នករត់ម៉ូតូឌុបទាំង២នាក់សារភាពថា ក្នុងវីដេអូនេះ គឺជាពួកគេពិតមែន និងបានសូមទោសសង្គម ។ ចំពោះមូលហេតុដែលពួកគេនាំគ្នាវាយភ្ញៀវទេសចរបែបនេះ ដោយសារមុនពេលកើតហេតុ ភ្ញៀវទេសចររូបនេះបានយកម៉ូតូមកចតនៅចំណតម៉ូតូឌុបពួកគេ ។ បន្ទាប់មក ភ្ញៀវទេសចរបានរុញដើមទ្រូងពួកគេរហូតដល់ដួល ទើបពួកគេទ្រាំលែងបាន ក៏មានជម្លោះវាយតប់តែម្តង ។
អ្នករត់ម៉ូតូឌុបម្នាក់និយាយប្រាប់សមត្ថកិច្ចថា ៖ «ខ្ញុំហាមគេមិនឱ្យចតម៉ូតូនៅចំណតម៉ូតូឌុបទេ តែគេមិនស្តាប់ខ្ញុំ ហើយនៅតែចតដដែល ។ ក្រោយមក ខ្ញុំក៏បានអូសម៉ូតូគេចេញពីចំណតម៉ូតូឌុប ស្រាប់តែគេមកបង្ករឿងជាមួយខ្ញុំមុន ។ ប៉ុន្តែអ្នកថតវីដេអូពុំបានថតពីសកម្មភាពដំបូងទេ តែមកថតពេលកំពុងវាយគ្នា» ។
សមត្ថកិច្ចបានចោទប្រកាន់អ្នករត់ម៉ូតូទាំង២នាក់ពីបទបង្កោះជម្លោះ និងពិន័យពួកគេក្នុងម្នាក់១ពាន់បាត ។ សមត្ថកិច្ចបានដាស់តឿនពួកគេ មុនពេលដោះលែងឱ្យត្រឡប់ទៅផ្ទះវិញ ។ រីឯជនបរទេសដែលត្រូវបានអ្នករត់ម៉ូតូឌុបថៃវាយតប់នោះ ពុំទាន់បានមកដាក់ពាក្យបណ្តឹងនៅស្ថានីយប៉ូលិសទេ ៕










